អានតួអត្ថបទ
អ៊ីរ៉ង់-មីស៊ីលអ៊ីពែរសូនិក

អ៊ីរ៉ង់បង្ហាញមីស៊ីលដែលលឿនជាងសំឡេង ១៣ដង

កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បង្អួត​មីស៊ីល​បាលីស្ទិកអ៊ីពែរសូនិក ដែលលឿនជាងសំឡេង ១៣ដង។ នៅ​ក្នុងពិធីបង្ហាញ កាលពីថ្ងៃអង្គារ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​អ៊ីប្រាហ៊ីម រ៉េស៊ី និយាយ​សរសើរ​សមត្ថភាព​មីស៊ីលបាលីស្ទិកថ្មី ដែលជួយពង្រឹង​អំណាច​របស់​អ៊ីរ៉ង់ ឲ្យកាន់​តែខ្លាំង ធ្វើឲ្យគេខ្លាច​ញញើត។ សម្រាប់មេដឹកនាំ​អ៊ីរ៉ង់ មីស៊ីលបាលីស្ទិក​អ៊ីពែសូនិក​ដែលអ៊ីរ៉ង់​ទើបផលិតបាន ​នឹង​នាំសន្តិភាព និងស្ថិរភាព​មកក្នុងតំបន់ដើមបូព៌ា។

នៅថ្ងៃទី៦ មិថុនា ២០២៣ កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បង្អួត​មីស៊ីល​បាលីស្ទិកអ៊ីពែរសូនិក ដែលលឿនជាងសំឡេង ១៣ដង
នៅថ្ងៃទី៦ មិថុនា ២០២៣ កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បង្អួត​មីស៊ីល​បាលីស្ទិកអ៊ីពែរសូនិក ដែលលឿនជាងសំឡេង ១៣ដង AP - Hossein Zohrevand
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីដែលរៀបចំឡើង​ក្រោមអធិបតីភាព​របស់​ប្រធានាធិបតីអ៊ីរ៉ង់ កងទ័ព​អវកាស​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ តាំង​បង្ហាញ​សមិទ្ធិផល ដែលខ្លួនសម្រេចបាន នោះ​គឺ មីស៊ីល​បាលីស្ទិក អ៊ីពែរសូនិក ដែល​លឿន​ជាង​សំឡេង ១៥​ដង។ មីស៊ីលបាលីស្ទិក​ចម្ងាយមធ្យម ឈ្មោះ Fattah អាច​វាយប្រហារ​ដល់​គោលដៅ ដែលមាន​ចម្ងាយ ១៤០០គីឡូម៉ែត្រ និង​ហោះក្នុង​ល្បឿនលឿនជាង​សំឡេង ពី ១៣ ទៅ១៥ដង។

នៅក្នុងកម្មវិធីតាំងបង្ហាញ មីស៊ីលបាលីស្ទិកថ្មី នៅទីតាំងមួយកន្លែង ដែល​ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់​មិន​បញ្ចេញ​ឈ្មោះ ប្រធានាធិបតី​អ៊ីរ៉ង់ លោក​អ៊ីប្រាហ៊ីម រ៉េស៊ី បាន​ថ្លែងស្វាគម អាវុធថ្មីទំនើប​ដែលជួយប្រទេស​អ៊ីរ៉ង់ ឲ្យ​កាន់តែខ្លាំងជាងមុន។

ដូចជា​មីស៊ីលបាលីស្ទិកទូទៅ មីស៊ីលអ៊ីពែរសូនិក​អាច​មាន​សមត្ថភាព​ពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ​ទៅវាយប្រហារ​គោលដៅ។ ប៉ុន្តែ ខុសពីមីស៊ីលបាលីស្ទិក​ធម្មតា មីស៊ីលបាលីស្ទិក​អ៊ីពែរសូនិក អាច​ហោះក្នុង​កំពស់ទាប ទៅតាម​ការបញ្ជា​គ្រប់គ្រង​ពីលើដី។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​គេពិបាក​ចាប់សញ្ញា វាយកម្ទេច​បានជាមុន។

នៅពេល​ប្រកាស​ចាប់ផ្តើម​កម្មវិធីផលិត​មីស៊ីលបាលីស្ទិក កាលពីខែ​វិច្ឆិកា មេបញ្ជាការទ័ពអ៊ីរ៉ង់ លោកAmirali Hajizadeh និយាយ​ថា ប្រព័ន្ធមីស៊ីល​អ៊ីពែរសូនិក​ត្រូវបាន​អភិវឌ្ឍជាពិសេស ដើម្បីអាច​វាយទម្លុះ​ប្រព័ន្ធ​ខែលមីស៊ីល និងថា គេត្រូវការពេល ជាច្រើនទសវត្សរ៍ ដើម្បី​អាច​ផលិតប្រព័ន្ធខែលមីស៊ីល​ដែលអាច​ទប់ស្កាត់ បាញ់ទម្លាក់​មីស៊ីលអ៊ីពែរសូនិក​របស់​អ៊ីរ៉ង់។

តេហេរ៉ង់ នៅថ្ងៃអង្គារម្សិលមិញ ​បញ្ជាក់ថា មីស៊ីលបាលីស្ទិកអ៊ីពែរសូនិក Fattah អាច​ឆ្លងកាត់ វាយទម្លុះ​គ្រប់ប្រព័ន្ធខែលមីស៊ីលនៅក្នុងតំបន់។

អ៊ីស្រាអែល ដែលជា​សត្រូវដ៏ធំរបស់​អ៊ីរ៉ង់ បាន​អភិវឌ្ឍ​ប្រព័ន្ធការពារ​មីស៊ីល​ទំនើបៗជាច្រើន ដើម្បី​ទប់ទល់​ប្រឆាំង​នឹង​មីស៊ីលបាលីស្ទិក​គ្រប់ប្រភេទ មិនថា មីស៊ីល​អ៊ីពែរសូនិក ឬ​មីស៊ីល​យឺតជាងសំឡេង។

នៅមុន​អ៊ីរ៉ង់ រុស្ស៊ី កូរ៉េខាងជើង និងអាមេរិក បាន​ប្រកាស​សាកល្បង​មីស៊ីលអ៊ីពែរសូនិក នៅ​ឆ្នាំ ២០២១ ដែលធ្វើ​ឲ្យគេ​បារម្ភ​ពីការប្រកួតប្រណាំងប្រជែងគ្នាដើម្បីផលិតសព្វាវុធកាន់តែទំនើបៗ។ នៅ​ឆ្នាំ មុន​កូរ៉េខាងជើង ដែលបាន​ប្រកាស​តាំងខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​ក៏បានបាញ់សាកល្បង​មីស៊ីល​លឿន​ជាងសំឡេងនេះ នៅបន្ទាប់ពី​រុស្ស៊ី និង​ចិន។ នៅ​ខែ​មីនា​កន្លងទៅ រុស្ស៊ី​បាន​ប្រកាស​ថា ខ្លួន​បាន​បាញ់​មីស៊ីល​បាលីស្ទិក ថ្មី​ចុងក្រោយ Kinzhal ជាច្រើន​គ្រាប់ នៅ​ក្នុងសង្រ្គាម​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ