អានតួអត្ថបទ

អង្គការ​Amnesty ទាមទារ​ឲ្យ​អេមីរ៉ាត អារ៉ាប់រួម ដោះលែងសកម្មជនប្រឆាំង​បើសិន​មិនចង់ស្អុយឈ្មោះ នៅ​Cop28

នៅតែ​៤ខែ​ទៀតប៉ុណ្ណោះ ប្រទេស​អេមីរ៉ាត អារ៉ាប់រួម​ត្រូវ​ធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំកំពូល​អន្តរជាតិ​ស្តីពី​អាកាសធាតុ​Cop28 ដែលត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែ​វិច្ឆិកា។ សម្រាប់អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International រដ្ឋាភិបាល​អេមីរ៉ាត អារ៉ាប់រួម​ត្រូវ​ដោះលែង​សកម្មជន​ប្រឆាំង ដែល​អាជ្ញាធរ​បន្តចាប់ដាក់ឃុំ ដោយ​គ្មាន​ហេតុផល។ តាម​ប្រធាន​ថ្នាក់តំបន់​របស់​អង្គការ​ Amnesty International ប្រចាំ​នៅប្រទេស​លីបង់ អេមីរ៉ាតអារ៉ាប់រួម​ត្រូវ​ដោះលែងអ្នកទោស​មនសិការ បើសិន​មិន​ចង់អាម៉ាស់មុខ នៅក្នុងអំឡុង​ពេល​ដែល​អេមីរ៉ាត់ អារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អន្តរជាតិស្តី ពីអាកាសធាតុលើកទី ២៨ Cop 28។

អ្នកគាំទ្រ​ចលនា​ភាតរៈបងប្អូនអ៊ីស្លាម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូតអេមីរ៉ាតអារ៉ាប់រួម​នៅទីក្រុង​គែរ ដើម្បី​ប្រឆាំង​នឹង​ការចាប់ខ្លួន​សមាជិក​របស់​ចលនា​នេះ​នៅ​អេមីរ៉ាតអារ៉ាប់រួម
អ្នកគាំទ្រ​ចលនា​ភាតរៈបងប្អូនអ៊ីស្លាម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូតអេមីរ៉ាតអារ៉ាប់រួម​នៅទីក្រុង​គែរ ដើម្បី​ប្រឆាំង​នឹង​ការចាប់ខ្លួន​សមាជិក​របស់​ចលនា​នេះ​នៅ​អេមីរ៉ាតអារ៉ាប់រួម AP - Nasser Nasser
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ខួប​១០ឆ្នាំ នៃ​សវនាការ​ដ៏ពិសេស​របស់​អេមីរ៉ាតអារ៉ាប់រួម ដែលបាន​សម្រេច​ផ្តន្ទាទោសមនុស្ស​៦៩នាក់​ឲ្យជាប់ពន្ធនាគារ ក្នុងបទជាប់ទាក់ទង​នឹង​ក្រុមអ៊ីស្លាមជ្រុលនិយម ក្រុមភាតរៈបងប្អូន​អ៊ីស្លាមជ្រុល អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International បាន​ចេញសេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​អាទិត្យ ទី ២​កក្កដា ទាមទារ​ឲ្យ​អាជ្ញាធរ​អេមីរ៉ាតអារ៉ាប់រួម​ដោះលែង​អ្នកប្រឆាំង​ដែល​អាជ្ញាធរ​នៅ​បន្តឃុំខ្លួន ដោយ​អយុត្តិធម។

ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស ប្រចាំតំបន់​ដើមបូព៌ា លោកស្រី Heba Morayef​និយាយរំលឹក​ពី​សវនាកាឆ្នាំ ២០១៣ ដែលនៅក្នុង​នោះ តុលាការ​អេមីរ៉ាតអារ៉ាប់រួម​សម្រេច​ផ្តន្ទាទោស​អ្នកប្រឆាំង​រដ្ឋាភិបាល ៦៩​នាក់ ក្នុងបទចោទប្រកាន់​មានទំនាក់ទំនង​ជាមួយ​ក្រុមភាតរៈបងប្អូនអ៊ីស្លាម ដែល​អេមីរ៉ាតអារ៉ាប់រួម​ចាត់ទុក​ជាក្រុមភេរវនិយម។

នៅក្នុង​ចំណោម​ជនជាតិ​អេមីរ៉ាតអារ៉ាប់រួម ៦៩នាក់​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស កាលពី​១០ឆ្នាំមុន មាន​៦០នាក់ ដែលនៅបន្ត​ជាប់​ក្នុង​ពន្ធនាគារ នោះបើទោះបីពួកគេ​បានអនុវត្តទោស​រួចហើយក្តី។

តាម​ប្រធានអង្គការAmnesty International មនុស្ស៥១​នាក់ ដែលជា​សកម្មជនសិទ្ធិមនុស្ស មេធាវី គ្រូបង្រៀន និង​និស្សិត នៅ​បន្តជាប់ឃុំ ដោយសារ​អាជ្ញាធរ​ប្រើលេស​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជ្រុលនិយម។

“ជាម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop 28 អេមីរ៉ាតអារ៉ាប់រួម​នឹង​ត្រូវបាញ់តម្រង់ពី​គ្រប់​ក្រសែភ្នែកអន្តរជាតិ។ ប្រសិន​អេមីរ៉ាតអារ៉ាប់រួម​នៅតែ​បន្តដាក់ឃុំសកម្មជនសិទ្ធិមនុស្ស​ដោយ​គ្មានហេតុផល នោះ សន្និសីទអាកាសធាតុ ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏សំខាន់ក្នុងលោក ហើយ​ដែល​អេមីរ៉ាតអារ៉ាប់​ជាអ្នករៀបចំ នឹង​ត្រូវ​ប្រឡាក់​ជាប់ឈ្មោះ​ថា ជាសន្និសីទដិតដាម​ដោយ​ការបង្រ្កាបសកម្មជន​សិទ្ធិមនុស្ស។” នេះជាប្រសាសន៍​របស់​ប្រធានអង្គការ​Amnesty International មុននឹង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្នុងពិភពលោក​ដាក់សម្ពាធ​អេមីរ៉ាតអារ៉ាប់រួម​ឲ្យដោះលែងអ្នកទោសមនសិការ។

ក្រៅពីរងការរិះគន់​ក្នុងរឿងរំលោភសិទ្ធិមនុស្ស អេមីរ៉ាតអារ៉ាប់រួម ​កំពុង​រង​ការរិះគន់​ក្នុងរឿងទទួលបានសិទ្ធិ​រៀបចំ​សន្និសីទអាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ អេមីរ៉ាតអារ៉ាប់រួម ដែល​ជាប្រទេស​មហាសេដ្ឋីប្រេង​នៅដើមបូព៌ា នៅតែ​ការពារជំហរ​ប្រើប្រាស់​ថាមពលផូស៊ីល ប្រេង និងឧស្ម័ន ដែល​ជា​ប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ដើមហេតុនៃការឡើងកំដៅផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ