អានតួអត្ថបទ

ចិន លេចមុខ​ខ្លាំងឡើង​ៗ​នៅ​​​ដើម​បូព៌ា និង​​លូក​ដៃ​ចូល​​​សំណុំ​រឿង​​​យេម៉ែន

ក្នុង​សប្តាហ៍​នេះ លោក​ឧត្ត​ម​ស្នងការ​សហប្រជាជាតិទទួល​បន្ទុក​នៅ​យេម៉ែន បានជួប​ពិភាក្សា​ជាមួយ​ លោក​បេសកជន​ពិសេស​ចិន​នៅ​តំបន់​ដើម​បូព៌ា។ ជំនួបនេះ ឋិត​ក្នុង​គោល​បំណង​ដើម្បី​រក​មធ្យោយបាយ និង​ដំណោះស្រាយ​ ឈាន​ទៅរក​ការបញ្ចប់​សង្គ្រាម​​​រ៉ាំរ៉ៃ​ នៅ​ប្រទេស​យេម៉ែន។ ក្រោយ​ពី​ជំនួប​នេះ គឺ​មិន​​សូវ​ជា​​​មាន​សេចក្តីប្រកាស​អ្វី​ធំដុំ​ទេ​ ក៏ប៉ុន្តែ ​អ្នក​សង្កេតការណ៍ ជឿជាក់ថា ចិន​ បាន​លូក​ដៃ​កាន់តែ​ជ្រៅៗ នៅក្នុង​ដំណើរ​ឈាន​ទៅរក​ដំណោះស្រាយ​វិបត្តិសង្គ្រាម​នៅ​យេម៉ែន​​។​   

លោក ហ្សៃ ជុន គឺ ជា​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ប៉ារីស និងបច្ចុប្បន្ន​ ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ច​បរទេស​ចិន​ ហើយ​ ទទួល​បន្ទុក​កិច្ចការ​​នៅ​តំបន់​ដើម​បូព៌ា។
លោក ហ្សៃ ជុន គឺ ជា​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ប៉ារីស និងបច្ចុប្បន្ន​ ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ច​បរទេស​ចិន​ ហើយ​ ទទួល​បន្ទុក​កិច្ចការ​​នៅ​តំបន់​ដើម​បូព៌ា។ AFP - JEAN-SEBASTIEN EVRARD
ផ្សាយពាណិជ្ជកម្ម

ឧត្ត​ម​ស្នងការ​សហប្រជាជាតិទទួល​បន្ទុក​នៅ​យេម៉ែន លោក Hans Grundberg បាន​ជួប​ពី​ថ្ងៃសុក្រ ជាមួយ​នឹង​ បេសកជន​ពិសេស​ចិន​នៅ​តំបន់​ដើម​បូព៌ា លោក​ ហ្សៃ ជុន (Zhai Jun) ។ ក្នុង​ជំនួបគ្នា​​នេះ គ្មា​នខ្លឹមសារ​អ្វី​ ក្រៅតែ​ពាក្យ​ពេចន៍បែប​ការទូត​។ ក៏ប៉ុន្តែ អ្នក​ជំនាញ​កិច្ចការ​តំបន់​ដើមបូព៌ា បាន​ឃ្លាំមើល និងសង្កេត​ឃើញថា របៀបការងារ​របស់​មន្ត្រី​​ទូត​ចិន នៅ​តំបន់​ដើម​បូព៌ា គឺ​ធ្វើ​កិច្ចការ បែប​​ស្ងាត់ៗ និង​ មិន​សូវ​បញ្ចេញ​យោបល់​ច្រូង​ច្រាង ឬ​មិន​និយាយ​ស្តី​ពី​រឿង​រ៉ាវ​កំពុង​រស៊ើប ឬ​កំពុង​ចរចា​គ្នា​នោះ ជះ​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នោះ​ទេ​។​

លោក ហ្សៃ ជុន គឺ ជា​អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ប៉ារីស និងបច្ចុប្បន្ន​ ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ច​បរទេស​ចិន​ ហើយ​ ទទួល​បន្ទុក​កិច្ចការ​​នៅ​តំបន់​ដើម​បូព៌ា។ គេសម្គាល់ថា ជាង​១០ឆ្នាំចុងក្រោយ​នេះ លោក​បាន​ជួប​ពិភាក្សា​ក្នុង​សំណុំ​បញ្ហា​សំខាន់ៗ​នៅក្នុងតំបន់​នេះ​ តួយ៉ាង បញ្ហា​ស៊ីរី គឺ​លោក​ជួប​ជាមួយ​ប្រធានាធិបតី​​ បាស្ហា អាល់អាសាដ, បញ្ហា​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ក៏​លោក​បាន​ជួប​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុម​​ហាម៉ាស់ ហើយ​ក៏ដូចគ្នា ករណី​បញ្ហា​លីបង់។​

ក្នុងចំណោម​វិបត្តិ​នៅ​ដើមបូព៌ាជាច្រើន​ ដែល​គួរ​កត់​សម្គាល់​ខ្លាំង គឺ​ពេល​ថ្មីៗ​នេះ ​ចិន បាន​ចេញមុខ​ ​លូក​ដៃ​សម្រុះ​សម្រួល​​វិបត្តិ​អ៊ីរ៉ង់និង​អារ៉ាប៊ីសាអូឌីត​ ឲ្យ​បាន​ចរចា​គ្នា ឈាន​ទៅដល់​ភ្ជាប់​​​ទូត​នឹង​គ្នា​ឡើងវិញ​។ ចិន ​ក៏​បាន​ពង្រឹងមេត្រីភាព​​ខ្លាំងជាមួយ​ អេម៊ីរ៉ាត់​ អារ៉ាប់​រួម ដែរ​​។​ ប្រទេស​ទាំង​បីនេះ ជា​កម្លាំង​ចលករ​ធំ​ចម្បងនៅក្នុង​​ជម្លោះ​នៅ​យេម៉ែន។ អ្ន​កជំនាញបញ្ហា​តំបន់​ដើមបូព៌ា​ ជឿជាក់​ថា ទំនាក់ទំនងល្អ​ប្រពៃ​របស់​ ចិន ជាមួយ​ប្រទេស​ទាំងបីនេះ គឺជា​ទម្ងន់​ធ្ងន់១ និងក្លាយ​ជា​អ្នក​មាន​ទឹកមាត់​ប្រៃ​ នៅ​ក្នុងសង្គ្រាម​​វិបត្តិ​យេម៉ែន ដែល​អូសបន្លាយ​ ជាង​ ៨ ​ឆ្នាំមកហើយ។

ពីមុន​ពេល​ផ្ទុះ​សង្គ្រាម មហាយក្ស​ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​លេខ​២ នៅ​យេម៉ែន​ ​។ ក្នុង​ឆ្នាំ​២០២១ ការ​នាំចូល​ទំនិញ​ពី​ប្រទេស​យេម៉ែន ចូល​ស្រុក​ចិន គឺមា​នទំហំ​ទឹកប្រាក់​ ៤១១ លាន​ដុល្លារ​។ ភាគច្រើន គឺ​ ប្រេង និង​ រ៉ែ​ទង់ដែង​។ អាស្រ័យ​ហេតុនេះ រដ្ឋបាល​ក្រុង​ប៉េកាំង ​​លូក​ដៃ​សម្រុះ​សម្រួល​​បញ្ហា​យេម៉ែន គឺ​នឹង​បង្កើន​មុខមាត់​ឥទ្ធិពល​ចិន​នៅ​ដើមបូព៌ា បន្ថែម​​ផង ហើយ​ក៏​ដើម្បី​​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដែរ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ