អានតួអត្ថបទ

គណៈប្រតិភូអារ៉ាប៊ីសាអូឌីតជួបមេដឹកនាំឧទ្ទាមហ៊ូទីដើម្បីបង្កើតបទឈប់បាញ់អចិន្រ្តៃយ៍នៅយេម៉ែន

បរិយាកាសធូរស្រាលនឹងគ្នាឡើងវិញ រវាងអ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីតកំពុងជះឥទ្ធិពលវិជ្ជមានទៅលើ​ជម្លោះនៅក្នុងតំបន់បូព៌ា ជាពិសេស​សង្រ្គាមយេម៉ែន។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​SABA ​​ដែលជាប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការ​របស់​ពួកឧទ្ទាមហ៊ូទីនៅយេម៉ែន គណៈប្រតិភូអារ៉ាប៊ីសាអូឌី និង​គណៈប្រតិភូប្រទេស​អូម៉ង់​ដែលដើរតួជាអ្នកសម្របសម្រួល​នៅក្នុងសង្រ្គាមយេម៉ែន​បានធ្វើដំណើរ​ទៅដល់​រដ្ឋធានីសាណា​របស់់ប្រទេស​យេម៉ែន តាំងពីថ្ងៃសៅរ៍ទី ៨មេសា ដើម្បីចូលរួមក្នុងតុចរចា ឈានទៅបិទបញ្ជប់ជម្លោះប្រដាប់អាវុធ​រវាង​ពួកឧទ្ទាមហ៊ូទីនៅយេម៉ែន និង​អារ៉ាប៊ីសាអូឌីត។  

ពួកឧទ្ទាមហ៊ូទីនៅយេម៉ែនដែលគាំទ្រ​ដោយអ៊ីរ៉ង់ ប្រយុទ្ធប្រឆាំង​នឹង​កងទ័ពរដ្ឋាភិបាលយេម៉ែនដែលទទួលជំនួយយោធាពីអារ៉ាប៊ីសាអូឌីត
ពួកឧទ្ទាមហ៊ូទីនៅយេម៉ែនដែលគាំទ្រ​ដោយអ៊ីរ៉ង់ ប្រយុទ្ធប្រឆាំង​នឹង​កងទ័ពរដ្ឋាភិបាលយេម៉ែនដែលទទួលជំនួយយោធាពីអារ៉ាប៊ីសាអូឌីត AP - Hani Mohammed
ផ្សាយពាណិជ្ជកម្ម

នៅក្រោមការជួយសម្របសម្រួល​របស់ប្រទេស​អូម៉ង់ គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីតដែលទៅដល់រដ្ឋធានីសាណា​កាលពីយប់ថ្ងៃ​សៅរ៍ ត្រូវ​ជួបពិភាក្សា​ជាមួយមេដឹកនាំ​ក្រុមឧទ្ទាមហ៊ូទី ​ ដើម្បីនិយាយ​ពីការ​បង្កើតបទឈប់បាញ់ជាអចិន្រ្តៃយ៍ និងការបើកដំណើរការចរចាសន្តិភាពនៅយេម៉ែន។

ធ្លាក់ទៅក្នុង​សង្រ្គាមស៊ីវិល៨ឆ្នាំមកនេះ យេម៉ែនបានក្លាយជា​សមរភូមិប្រយុទ្ធគ្នា​រវាង​ពួកឧទ្ទាមហ៊ូទីដែលគាំទ្រ​ដោយអ៊ីរ៉ង់ និងកងទ័ពរដ្ឋាភិបាលយេម៉ែនដែលទទួលជំនួយយោធាពីអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីតដែលជា​ប្រទេស​ជាប់របងជាមួយយេម៉ែន បាន​ដឹកនាំសម្ព័ន្ធអារ៉ាប់​ បើកប្រតិបត្តិការយោធានៅទឹកដីយេម៉ែន ដើម្បី​ប្រឆាំង​ពួកឧទ្ទាមហ៊ូទី។

ប៉ុន្តែនៅចំពោះមុខ​សង្រ្គាមស៊ីវិល​គ្មានច្រកចេញ​នៅ​យេម៉ែន អារ៉ាប៊ីសាអូឌីត​ដែល​ចង់​បង្វែរអាទិភាពរបស់ខ្លួន​ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក​ ចាប់ផ្តើម​បើកការចរចា​ បង្កើតបទឈប់បាញ់ជាមួយ​ពួកឧទ្ទាមហ៊ូទី។ ការត្រលប់មកត្រូវរ៉ូវគ្នាឡើងវិញ រវាង​អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក្រោមការសម្របសម្រួលរបស់​ចិន កាលពីពេលថ្មីៗនេះជា​កត្តារុញច្រានឲ្យការចរចា​អារ៉ាប៊ីសាអូឌីតជាមួយ​ពួកឧទ្ទាមហ៊ូទីយេម៉ែនបោះជំហានមួយកម្រិតទៀត។

តាមការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន​របស់​ពួកឧទ្ទាម​ហ៊ូទី ឈ្មោះ SABA នៅក្នុងជំនួបជាមួយ​គណៈប្រតិភូអារ៉ាប៊ីសាអូឌីត លោក​Hahdi Al-Mashat ​ប្រធាន​ឧត្តមក្រុមប្រឹក្សា​នយោបាយដែលជា​មេដឹកនាំពួកឧទ្ទាម​ហ៊ូទី ចង់ទាមទារ​ឲ្យអារ៉ាប៊ីសាអូឌីត​លុបចោល​នយោបាយបិទខ្ទប់ទៅលើ​កំពង់ផែ និង​អាកាសយានដ្ឋាន​នៅ​រដ្ឋធានីសាណា ដែលធ្លាក់ក្រោមការកាន់កាប់​របស់ពួកឧទ្ទាមហ៊ូទី តាំង​ពីឆ្នាំ ២០១៥។

ប្រភពស្និទ្ធិនឹងសំណុំរឿងដែល​ដកស្រង់សំដីដោយទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស​Reuters បាននិយាយថា ជំនួបរវាងគណៈប្រតិភូអារ៉ាប៊ីសាអូឌីត​និងមេដឹកនាំហ៊ូទីផ្តោតសំខាន់​ទៅលើ​ការបើកកំពង់ផែ និងព្រលានយន្តហោះ​នៅរដ្ឋធានីសាណា បន្ទាប់ពី​ដែនសមុទ្រ និងដែនអាកាស​របស់​យេម៉ែន​ត្រូវ​អារ៉ាប៊ីសាអូឌីត​ចូលគ្រប់គ្រង​តាំង​ពី​ឆ្នាំ ២០១៥។ ក្រៅពីនោះ អាជ្ញាធរហ៊ូទីដែលកំពុង​គ្រប់គ្រងទឹកដីភាគខាងជើងយេម៉ែន​ចង់​ទាមទារ​ផងដែរ​សំណងជំងឺចិត្ត​ពីអារ៉ាប៊ីសាអូឌីត សម្រាប់​យក​ទៅបើកប្រាក់ខែ​ឲ្យបុគ្គលិក និង​សម្រាប់កសាងប្រទេស​យេម៉ែនឡើងវិញ។ សម្រាប់​ក្រុមឧទ្ទាមហ៊ូទី ដំណើរការចរចាដើម្បីសន្តិភាព​នៅយេម៉ែន​ត្រូវ​ដាក់បញ្ចូលផងដែរ​ កាលកំណត់នៃការដកកងទ័ពបរទេសចេញពីទឹកដីយេម៉ែន។

​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា សង្រ្គាមស៊ីវិល​និង​ការវាយប្រហារ​ផ្លូវអាកាស​របស់​សម្ព័ន្ធអារ៉ាប់ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត បាន​រុញច្រាន​ឲ្យ​យេម៉ែន​ដែលជា​ប្រទេស​ក្រជាងគេ​នៅឧបទ្វីបអារ៉ាប់ធ្លាក់ខ្លួន​ក្នុង​វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរជាងគេបំផុត​ក្នុងពិភពលោក។ សង្រ្គាមស៊ីវិល​ បាន​បណ្តាល​ឲ្យប្រជាជនយេម៉ែនជាង ៣សែន​ស្លាប់ ដែលនៅក្នុងនោះ ៦០%ស្លាប់ដោយសារ​គ្មានអាហារបរិភោគ ជំងឺ និងកង្វះទឹកស្អាតប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ