អានតួអត្ថបទ

យេម៉ែន​ ដោះលែង​​​ឈ្លើយ​សឹក​ច្រើន​រយ​នាក់ ក្រោយ​ជំនួប​រវាង​ ​អ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត នៅ​ចិន

៣ថ្ងៃ​ហើយ ដែល ក្រុម​ឧទ្ទាមប្រដាប់​ហ៊ួទី ​និង ​កង​កម្លាំង​រដ្ឋាភិបាលនៅ​យេម៉ែន​ បាន​ដោះលែង​អ្ន​កទោស​និង​ឈ្លើយ​សឹក​ ឲ្យ​គ្នា​ទៅវិញទៅមក​ ក្នុង​ចំនួន​ជាច្រើន​រយ​​នាក់។ ការ​ដោះលែង​អ្ន​កទោស​ ឈ្លើយសឹក និង​ចំណាប់​ខ្មាំង​ នៅពេ​លនេះ គឺ​ក្រោយ​ពី​មាន​ជំនួប​រវាង រដ្ឋមន្ត្រី​ការបរទេស​​ ​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នៅ​ប្រទេស​ចិន។ ចិន​ ដែល​បាន​ចូលរួម​ធ្វើជា​​អន្តរការី​យ៉ាង​ស្ងាត់ៗ​ នាអំលុង ​២​ឆ្នាំចុងក្រោយនេះ​។ ​

យេម៉ែន ដោះលែងអ្នកទោសនិងឈ្លើយសឹក ជាច្រើនពាន់នាក់ ក្រោយជំនួបរវាង អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត នៅក្រុងប៉េកាំង។
យេម៉ែន ដោះលែងអ្នកទោសនិងឈ្លើយសឹក ជាច្រើនពាន់នាក់ ក្រោយជំនួបរវាង អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត នៅក្រុងប៉េកាំង។ AP - Hani Mohammed
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​សាន់ណា គ្រប់​គ្រង់​កាន់​កាប់​ដោយ​ក្រុមពួក​​ឧទ្ទាមប្រដាប់​អាវុធ​​ហ៊ួទី​ និង​ ទីក្រុង ម៉ារិប (​ Marib) ត្រួតត្រា​ដោយ​រដ្ឋាភិបាល​យេម៉ែន​។​ អ្នក​ទោស​ទាំង២ភាគី​ ត្រូវ​ដោះដូរ​គ្នានិង​បញ្ចូន​តាម​យន្តហោះ ដោយឋិត​ក្រោម​ការ​ឃ្លាំមើល​និងជួយ​​ជ្រោម​ជ្រែង​ពី​សំណាក់​អង្គការ​កាកបាទក្រហម​អន្តជាតិ។​ អ្នកស្រី Jessica Moussan មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អង្គការកាកបាទក្រហមអន្តជាតិ បាន​ឲ្យដឹងនៅ​ថ្ងៃអាទិត្យ​ ថា «​ជើង​យន្ត​ហោះ១គ្រឿង​ ​​ដឹក​អ្នក​ទោស​៤៨ ពី​ក្រុង​ម៉ារិប ឆ្ពោះតម្រង់ទៅ​ក្រុង​សាន់ណា។ ហើយ​យន្តហោះ១​ទៀត ហោះ​បញ្ច្រាស​មកវិញ ដឹកអ្នក​ទោស​៤២នាក់​។» គ្រាន់តែ​១​ថ្ងៃអាទិត្យ មាន​ជើង​ហោះហើរ​មិន​តិច​ជាង​៤​ជើង​ទេ រវាង​ទីក្រុង​ទាំង​ពីរ​​ សាន់ណា និង ម៉ារិប​។​ ​បើ​គេ​សរុប​ ៣ថ្ងៃ អ្នកទោស​មិនតិច​ជាង ​៩០០នាក់​ទេ​ ដែល​ត្រូវ​ដោះលែង​។ ក្នុង​ចំណោម​ អ្នក​ទោស​ឈ្លើយ​សឹក​ ដែល​ដោះលែង​ពីថ្ងៃសុក្រ គឺគេ​ឃើញ​មាន​ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ម្នាក់ និង​ បងប្អូន​ប្រុស​របស់​អតីត​ប្រធានាធិបតី​យេម៉ែន​ម្នាក់​ផង។ អ្ន​កតំណាង​របស់​អង្គការកាកបាទក្រហមអន្តជាតិ សង្ឃឹម​ថា​នឹង​មា​នការ​ដោះលែង​មនុស្ស​បន្ថែមទៀត​ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ​

ការ​ដោះលែង​អ្នក​ទោស​ នៅពេល​នេះ ​ឋិត​ក្រោមដំណើរ​កិច្ចចរចា​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​ស្មុកស្មាញ។ ស្មុកស្មាញ ដ្បិតថា ​ក្រុម​ឧទ្ទាមប្រដាប់​អាវុធហ៊ួទី មាន​ អ៊ីរ៉ង់ គាំទ្រ​ពីខាង​ក្រោយ​ខ្នង ហើយ កង​កម្លាំង​រដ្ឋាភិបាល​យ៉េមែន ​​​ញាក់​ខ្សែដោយ​សម្ព័ន្ធ​យោធា​អន្តរជាតិ បង្កើតនិងគាំទ្រ​ដោយ​ អារ៉ាប៊ីសាអូឌីត ​ខណៈ​ពេល​ដែល ​ អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ជា​គូ​សត្រូវ​ប្រកួត​ប្រជែង​គ្នា ​នៅ​ក្នុង​តំបន់​ដើម​បូព៌ា​។ បញ្ហា​ចាក់​ស្រែះ​បែបនេះ ទើប​សង្គ្រាម​នៅ​យេម៉ែន​ បា​នអូស​បន្លាយ​ជិត​១០ឆ្នាំទៅហើយ។​ ​សង្គ្រាម​នេះ​​បាន​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់ ហើយប្រជាជន​យេម៉ែន​រាប់​លាន​នាក់​ត្រូវ​ភៀស​ខ្លួន​ចាកចោល​ផ្ទះ​សម្បែង​ ខ្ចាតព្រាត់​ទីកំណើត​។ សង្គ្រាម​នៅ​យេម៉ែន ក៏​ត្រូវ​អង្គការ​សហប្រជាជាតិ​ វាយ​តម្លៃ​ថា ជា​​វិបត្តិ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។​

ជាការ​កាត់​សម្គាល់ ការដោះលែងអ្នកទោស នៅពេលនេះ គឺ​បន្ទាប់ពី​ ​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ និង​ រដ្ឋមន្ត្រីការបរទេស​​អារ៉ាប៊ីសាអូឌីត បាន​ជួប​ជជែក​​នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន​ នៅដើម​ខែមេសា។ នោះ​ជា​ជំនួប​ដ៏​កម្រ​បំផុត ដ្បិត​ អ៊ីរ៉ង់ និង​ ​អារ៉ាប៊ីសាអូឌីត ជា​គូប្រជែង​ឥទ្ធិពល​ក្នុង​តំបន់ និងមើល​មុខ​គ្នា​មិន​ចំ​ តែ​ប្រទេស​គូសត្រូវ​ពីរ​ជួប​ចាប់ដៃគ្នា ​ក្រោម​អន្តរាគមន៍​របស់​ចិន។

ជំនួប​គ្នា​នេះ​ភស្តុតាង ថា​ ​អ្វី​ៗ​​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​កាលពី​ដើមខែ​មីនា។ ​ ​នៅ​ថ្ងៃទី១០​មីនា​២០២៣  អ៊ីរ៉ង់ ​និង ​អារ៉ាប៊ីសាអូឌីត​ បាន​ប្រកាសដំណឹង​ដ៏​ភ្ញាក់ផ្អើល​ ស្តីពី​​ឆន្ទៈ​ភ្ជាប់ទូត​នឹង​គ្នា​ឡើង​វិញ​ ក្រោយ​ពី​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ ​ដោយ​មាន​ ចិន ​ជា​អ្នក​ស្រុះ​សម្រួល​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ