អានតួអត្ថបទ
អ៊ីរ៉ង់-សីទ្ធិស្ត្រី

ប៉ូលិស​អ៊ីរ៉ង់​ពង្រឹង​ការ​ល្បាត​និង​​ផាក​ពិន័យ​​ស្ត្រី​មិន​រុំ​ស្បៃក្បាល ឡើង​វិញ

​តាំងពី​ផ្ទុះ​ហេតុការណ៍​ស្លាប់​យុវតី​វ័យ​២២ឆ្នាំ​ ដោយ​ស្នាដៃ​ប៉ូលិស​ពេល​ចាប់​ខ្លួន​ព្រោះ​មិន​ពាក់​ស្បៃ​រុំក្បាល​ កាលពី​ថ្ងៃ​ទី ១៦​កញ្ញា​២០២២​មក​​ ស្ត្រី​អ៊ីរ៉ង់​កាន់តែ​ច្រើនឡើងៗ​បាន​នាំ​គ្នា​ចេញ​ដើរ​តាម​ទីសាធារណៈ​ដោយ​ក្បាល​ទទេ (មិនទទូរ​​ស្បៃ)។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ១៦​កក្កដា​នេះ​ទៅ ប៉ូលិស​អ៊ីរ៉ង់​បាន​ប្រកាស​​​ចាប់ធ្វើ​​ល្បាតឡើង​វិញ ដើម្បី​ផាកពិន័យ​ស្ត្រី​ណា​​ហ៊ាន​ល្មើសច្បាប់​មិន​ពាក់​ស្បៃ​រុំ​ក្បាល​ តាម​ទីសាធារណៈ។

ស្ត្រីអ៊ីរ៉ង់​កាន់​តែ​ច្រើន​ហ៊ាន​ដើរ​តាម​ទីសាធារណៈ​ ដោយ​មិន​ទទូរ​ស្បៃ​ តាំងពី​មាន​បាតុកម្មប្រឆាំងនឹង​ប៉ូលិស​សីលធម៌​មក
ស្ត្រីអ៊ីរ៉ង់​កាន់​តែ​ច្រើន​ហ៊ាន​ដើរ​តាម​ទីសាធារណៈ​ ដោយ​មិន​ទទូរ​ស្បៃ​ តាំងពី​មាន​បាតុកម្មប្រឆាំងនឹង​ប៉ូលិស​សីលធម៌​មក AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​នឹង​ធ្វើ​ល្បាត​ដោយ​ថ្មើរជើង និង​តាម​រថយន្ត ដើម្បី​ព្រមាន​និង​ពិន័យ​ជន​ណា​ដែល​បង្ក​អសណ្តាប់​ធ្នាប់​សង្គម និង​មិន​គោរព​ប្រពៃណី​​សម្លៀកបំពាក់​ ដែល​តម្រូវ​ឱ្យ​ស្រ្តីពាក់​​ស្បៃ​បិទបាំង​​សក់​​នៅ​តាម​ទីសាធារណៈ។ នេះ​ជាសារ​របស់​អ្នក​នាំពាក្យ​ប៉ូលិស​ផ្សព្វផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មានឯកជន​អ៊ីរ៉ង់​Tasnim។

សារព័ត៌មាន​អ្នក​កំណែទម្រង់​និយម​ Shargh​វិញ បាន​អះអាង​នៅថ្ងៃ​អាទិត្យ​នេះ​ដែរថា ថ្មីៗ​នេះ​មាន​ស្ត្រី​បួន​នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​រៀន​បំពាក់​បំប៉ន​ផ្នែក​ចិត្តវិទ្យា​ បោស​សម្អាត​មន្ទីរពេទ្យ និង​ជាប់​បម្រាម​មិន​ឱ្យ​បើក​បរ​រយៈ​ពេល​ពីរ​ឆ្នាំ ពី​បទ​ល្មើស​ច្បាប់។ សកម្មភាព​ប៉ូលិស​ដាស់​តឿន និង​ចាប់​ស្ត្រី​ មិនទទូរ​ស្បៃ​ក្បាលមាន​បង្ហោះតាម​​បណ្តាញ​សង្គម តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ មកហើយ តែ​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP​មិន​អាច​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​បានទេ។

សូម​រំឮក​ថា មរណភាព​របស់​យុវតី​អ៊ីរ៉ង់​វ័យ​២២​ឆ្នាំ​ដោ​យស្នាដៃ​ប៉ូលិស​សីលធម៌ចាប់​ពីប​ទមិន​ទទូរស្បៃ​នៅថ្ងៃទី ១៦ កញ្ញា​២០២២​មក បាន​បង្ក​ឱ្យ​មាន​ចលនា​បាតុកម្ម​ ​ផ្ទុះ​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ក្នុង​អំឡុង​ពេល​ប្រមាណ​២ខែ ទើប​​ស្ងប់​ស្ងាត់​ទៅ​វិញ ជា​មួយ​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​រយ​នាក់ ការ​ចាប់ខ្លួន​ជា​ច្រើន​ពាន់​នាក់ និងប្រហារជីវិត​មនុស្ស​៧នាក់​។​​ ប៉ុន្តែ​ ក្រោយ​ហេតុការណ៍បង្កាប​ហិង្សា​នោះ ​​​ស្ត្រី​កាន់​តែ​ច្រើន​ឡើងៗ​ចេញដើរ​ដោយ​មិន​រុំ​ស្បៃ នៅ​តាមទីក្រុង​ធំៗ។ ចំណែកប៉ូលិស​សីលធម៌​អ៊ីរ៉ង់​ ដែលបង្កើត​ឡើងដោយឧត្តមក្រុមប្រឹក្សា​បដិវត្ត​វប្បធម៌​របស់​​​រដ្ឋាភិបាល​មហាអភិរក្សមាម៉ូដអាម៉ាឌីនិចាដ ​នៅ​ឆ្នាំ​២០០៦ ​ក៏​បាត់វ​ត្តមានពី​ទីសាធារណៈ។ អាជ្ញាធរ​អ៊ីរ៉ង់ បាន​ផ្តួចផ្តើម​​វិធានការថ្មី ​តាំងពី​ដើម​ឆ្នាំ​មក ដោយដាក់​កាមេរ៉ា​តាម​ផ្លូវ​ចាំថត​និង​ចាប់​ ឬ​​បិទ​ហាង​ បិទ​អាហារដ្ឋាន​ណា​ដែល​ល្មើស​ច្បាប់​សម្លៀកបំពាក់។ ទន្ទឹម​គ្នា​នោះ ​អំណាច​តុលាការ​និង​រដ្ឋាភិបាល បាន​ស្នើ​គម្រោង​ច្បាប់​មួយ​កាលពី​ខែ​ឧសភា ស្តីពី​ការគាំទ្រ​វប្បធម៌​ពាក់​ស្បៃ​រំក្បាល​ ដើម្បីការពារ​ប្រពៃណី​សង្គម​និង​ពង្រឹង​ជីវិត​គ្រួសារ។ ​គម្រោង​ច្បាប់ រងការ​តស៊ូ​មតិ​យ៉ាង​ខ្លាំង​ស្នើ​ឱ្យ​ពង្រឹង​ទណ្ឌកម្ម ​ផាក​ពិន័យ​ជា​ប្រាក់​ ចំពោះ​គ្រប់​បុគ្គលណា​ដែល​មិន​ទទូរ​ស្បៃ​នៅតាម​ទីសាធារណៈ​និង​តាម​បណ្តាញអនឡាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ