អានតួអត្ថបទ

ក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលដើម្បីបង្អាក់ដំណើររំកិលរកគ្នារវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអីឌីត?

កងទ័ព​អ៊ីស្រាអែល​កំពុង​បន្ត​ប្រតិបត្តិការ​សឹក​លើ​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។ ប្រតិបត្តិការ​សឹក​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​ហាម៉ាស​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​សៅរ៍ ទី៧ តុលា។ មាន​ការ​លើក​ឡើង​ថា គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ពួក​ហាម៉ាស​លើ​អ៊ីស្រាអែល​ពេល​នេះ គឺ​ដើម្បី​រារាំង​ការ​រំកិល​រក​គ្នា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក។

 នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ (រូបឆ្វេង)​ និងប្រធានាធិបតី​អាមេរិក​លោក​បៃដិន ថ្ងៃទី២០ កញ្ញា ២០២៣ ក្នុង​ក្រុង​ញូវយ៉ក។
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ (រូបឆ្វេង)​ និងប្រធានាធិបតី​អាមេរិក​លោក​បៃដិន ថ្ងៃទី២០ កញ្ញា ២០២៣ ក្នុង​ក្រុង​ញូវយ៉ក។ © Kevin Lamarque / Reuters
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ការ​រំកិល​រក​គ្នា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​លែង​ជា​អាថ៌​កំបាំង និង​ត្រូវ​បាន​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​និយាយ​ជា​ចំហ។ នា​ឱកាស​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក​កាល​ពី​ខែ​កញ្ញា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​លើក​យក​រឿង​នេះ​ទៅ​និយាយ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន។ លោក​នេតាន់យ៉ាហ៊ូ​សង្ឃឹម​ថា អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​អាច​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្រោម​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន។

ចំណែក​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​ដែល​មាន​វត្តមាន​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាល​ណោះ​ដែរ​បាន​និយាយ​ប្រាប់​ទូរទស្សន៍​អាមេរិក Fox News ថា ការ​រំកិល​រក​គ្នា​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​មាន​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឈាន​ទៅ​មាន​ទំនាក់ទំនង​ធម្មតា។ តែ​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​មិន​ភ្លេច​បញ្ជាក់​ថា ការ​មាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីស្រាអែល​ក៏​ត្រូវ​ភ្ជាប់​នឹង​ការ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ដែរ។

គួរ​បញ្ជាក់​ថា ការ​ដែល​ក្រុម​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​បន្ត​មិន​ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​មក​ទល់​សព្វថ្ងៃ​ក៏​ដោយសារ​តែ​សំណុំរឿង​ប៉ាឡេស្ទីន​នេះ។ អ្វី​ដែល​ពួក​គេ​ចង់​បាន គឺ​ចង់​ឃើញ​ប៉ាឡេស្ទីន​មាន​រដ្ឋ​ផ្លូវការ​មួយ​រស់ក្បែរ​អ៊ីស្រាអែល។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​ប្រទេស​អារ៉ាប់​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​ក្នុង​តំបន់​តែង​បរិហារ​អ៊ីស្រាអែល​ដែល​បន្ត​ធ្វើ​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន និង​បិទខ្ទប់​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន។

តែ​នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក​តាំង​ពី​ជំនាន់​លោក​ដូណាល់ ត្រាំ មាន​ប្រទេស​អារ៉ាប់​ដូច​ជា​អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ម៉ារ៉ុក និង​ស៊ូដង់​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។ ទង្វើ​របស់​ប្រទេស​អារ៉ាប់​ទាំង ៤នេះ​បាន​ធ្វើ​ឲ្យ​ប៉ាឡេស្ទីន​ខឹង​សម្បារ និង​បារម្ភ​យ៉ាង​ខ្លាំង។ អ្នក​ជំនាញ​លោក Joost Hiltermann យល់​ថា ការ​ដែល​ពួក​ហាម៉ាស​បាន​វាយប្រហារ​អ៊ីស្រាអែល​ក៏​ដោយសារ​តែ​ពួក​នេះ​ខ្លាច​អារ៉ាប៊ីសាអូឌីត​បំភ្លេច​បុព្វហេតុ​ប៉ាឡេស្ទីន និង​ងាក​ទៅ​ល្អូកល្អឺន​ជាមួយ​អ៊ីស្រាអែល។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​រូប​នេះ​ក៏​ជា​ការ​យល់​ឃើញ​របស់​ប្រមុខ​ការ​ទូត​អាមេរិក​លោក​អង់តូនី ប៊្លីងកិន​ដែរ។

គេ​មិន​ដឹង​ថា តើ​រឿងរ៉ាវ​មួយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ប្តូរ​ចិត្ត​ឬ​អត់​ទេ។ តែ​យ៉ាង​ហោច​ណាស់ ការ​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​របស់​អ៊ីស្រាអែល​លើ​តំបន់​ប៉ាឡេស្ទីន​ហ្កាហ្សា​ពេល​នេះ​ក៏​អាច​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ពិចារណា​ពី​ជំហរ​របស់​ខ្លួន​ឡើង​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ