អានតួអត្ថបទ

អ៊ីស្រាអែលប្តេជ្ញាជីក​រំលើង​ឫសគល់​ពួក​ហាម៉ាស ចំណែកហាម៉ាសនិងជីហាតបដិសេធ​សំណើឈប់បាញ់

ក្នុង​សម្លៀកបំពាក់​យោធា លោកនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ ​បាន​ប្រកាស​ប្តេជ្ញា​ចិត្ត បង្កើនប្រតិបត្តិការ​សឹក​​ ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​នឹងកម្ទេច​រចនា​សម្ព័ន្ធ​យោធា​ប្រដាប់​អាវុធ​របស់​ពួក​ក្រុម​ហាម៉ាស ហើយនិងជីក​រំលើង​ឫសគល់​ក្រុម​ឧទ្ទាម​ភេរវនិយម​ហាម៉ាស​​ប៉ាឡេស្ទីន។ ការ​ប្រកាស​សារ​សឹក​ចម្បាំង​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី២៥ធ្នូ គ្រា​ដែល ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​​អ៊ីស្រាអែលរូបនេះ បាន​ធ្វើ​ដំណើរ​​ចុះ​ទៅ​ផ្ទាល់ ​នៅ​ទី​តាំង​សមរភូមិ ​​ហ្គាហ្សា ។​

លោកនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ បានធ្វើដំណើរចុះទៅផ្ទាល់ នៅទីតាំងសមរភូមិ ហ្គាហ្សា ថ្ងៃចន្ទ ទី២៥ធ្នូ ។
លោកនាយករដ្ឋមន្ត្រី បេនចាមិន នេតាន់យ៉ាហ៊ូ បានធ្វើដំណើរចុះទៅផ្ទាល់ នៅទីតាំងសមរភូមិ ហ្គាហ្សា ថ្ងៃចន្ទ ទី២៥ធ្នូ ។ via REUTERS - AVI OHAYON/GPO
ផ្សាយពាណិជ្ជកម្ម

កាសែត​អាមេរិក The Wall Street Journal ​បាន​បង្ហាញ​គំនិត​របស់​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែល​លើកឡើងថា មានតែ​រឿង​តែបីគត់ ដែល​នាំមកនូវ​សន្តិភាព​ក្នុង​តំបន់​ហ្គាហ្សា។ ទី១ ត្រូវ​កម្ទេច​ពួក​ហាម៉ាស។ ទី២ រំលាយ​ប្រដាប់​អាវុធ​នៅ​តំបន់​ហ្គាហ្សា ហើយ​ទី៣ ត្រូវ​សើរើ​​ឫសគល់​កែ​ទម្រង់​​សង្គម​ប៉ាឡេស្ទីន។​

ការដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលដាក់​ចេញ​វិធានាការ​ក្តៅបែបនេះ ព្រោះតែ​ចង់​ពន្លឿន​ឲ្យ​ឆាប់​ទទួល​បាន​ ​ចំណាប់​ខ្មាំង​។ ចំណាប់​ខ្មាំង​ជាប់​ក្នុង​កណ្តាប់ដៃពួក​ហាម៉ាស​៨០ថ្ងៃមកហើយ​ ដែល ​អ៊ីស្រាអែល ទាមទារ​ចង់​បាន​ជា​ខ្លាំង។ ដ្បិត​ថា ​ក្នុងប្រទេស​​អ៊ីស្រាអែលខ្លួន​ឯង ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​រំដោះ​កូន​ចៅ​របស់​ពួក​គេ​មកវិញ និង​បាន​សរសេ​បដាថា «ចុះប្រសិន​បើ​ចំណាប់​ខ្មាំង​ជាកូន​របស់អ្នក​វិញនោះ?» និងថា «៨០ថ្ងៃ គឺ​ ​១នាទីៗ ​​ដូច​ឋិត​ក្នុង​ឋាននរក»។

នៅថ្ងៃ​ចន្ទដដែល ពួក​ក្រុម​ហាម៉ាស និងសម្ព័ន្ថមិត្ត​​ ក្រុម​ចលនាជីហាត​នៅ​តំបន់​ហ្គាហ្សា បាន​បដិសេធ​សំណើ​បទ​ឈប់​​បាញ់ ដើម្បីរំដោះ​អ្ន​កទោស។ ពួក​គេថា​​មិនអាច​ទទួល​យក​ការ​ដោះដូរ​​​ចំណាប់​ខ្មាំង​បាន​នោះឡើយ ប្រសិ​នបើ​គ្មាន​​ការ​បញ្ឈប់​ប្រតិបត្តិការ​វាយ​ប្រហារ​​ទាំងស្រុង​ និង​បង្កើន​ជំនួយ​មនុស្សធម៌​ ទេនោះ។ នេះបើតាម​ប្រភព​​ពីទីភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដំណឹង​ពី​មន្ត្រី​សន្តិសុខ​​អេហ្ស៊ីប​។ ដំណើរ​ចរចាបទឈប់បាញ់​ជាថ្មី​ កំពុងតែសម្របសម្រួល​ដោយ​ អេហ្ស៊ីប និង​កាតារ។​

​​ទោះបីជា​កំពុង​ចរចា​ក៏ដោយ​ចុះ តែចំពោះលោក បេនចាមិន នេតាន់យ៉ាហ៊ូ គឺនៅ​បន្ត​វាយប្រហារមិនដក​ដៃ។​ បើតាម​កាសែត​ក្នុង​ស្រុក​អ៊ីស្រាអែល Haaretz គឺ ​​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បាន​ប្រកាស​ថា ​ត្រៀម​ខ្លួន​ស្រេច​ដើម្បីជំរុញ​ឲ្យ​ប្រជាជន​ស្ម័គ្រ​ចិត្ត​ ចាក​ចេញ​ពី​តំបន់​ហ្គាហ្សា ហើយនិង​ព្រមាន​ប្រើកម្លាំងចូល​គ្រប់​គ្រង​ត្រួ​តពិនិត្យ​សន្តិសុខ​តំបន់​ហ្គាហ្សា សា​ជាថ្មី ថែមទៀត​។ គួរ​រំឭកដែរថា អ៊ីស្រាអែល​ ធ្លាប់​កាន់កាប់​តំបន់ហ្គាហ្សា​នេះ អស់​ចំនួន​ ៣៨ ឆ្នាំរួច​ហើយ គឺ​ទើបតែ​លែង​ដៃ នៅឆ្នាំ២០០៥​ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ