អានតួអត្ថបទ
ស្ត្រី-ពាណិជ្ជកម្ម

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រមូល​មូលនិធិ​​ជួយសហគ្រិននារីផ្នែក​ឌីជីថល

អគ្គនាយក​អង្គការពាណិជ្ជកម្ម​ពិភពលោក លោកស្រី Ngozi Okonjo-Iweala ជាតិនីហ្សេរីយ៉ា បាន​ប្រកាសនៅថ្ងៃ​អាទិត្យ​ទី ២៥​កុម្ភៈ​នេះ ​ប្រមូល​មូលនិធិ​ ៥០លាន​ដុល្លារ សម្រាប់​យក​ទៅ​ជួយ​សហគ្រិន​នារី​ នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ និង​ប្រទេស​ក្រីក្រខ្លាំង។ ជា​ជំនួយដែល​ផ្តល់​ឱកាស​ឱ្យ​ស្រ្តី​អាច​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ផង និង​បង្កើត​វត្តមាន​តាម​អនឡាញផង។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រមូល​មូលនិធិ​​ជួយសហគ្រិននារីផ្នែក​ឌីជីថល
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រមូល​មូលនិធិ​​ជួយសហគ្រិននារីផ្នែក​ឌីជីថល REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អេមីរ៉ាត់អារ៉ាប់រួម លោកស្រី​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រកាស​ផ្តួច​ផ្តើម​បង្កើត​​មូលនិធិ​សម្រាប់​ជួយ​ស្ត្រី​ឱ្យ​មាន​ស្វ័យភាព។ មូលនិធិ​នេះ​គឺ​ជា​ដំណោះស្រាយ​មួយ​សម្រាប់​ស្ត្រី​ដែល​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។ ស្ត្រី​មាន​គំនិត​ថ្មី​និង​ប្លែកៗ​ខ្លាំងណាស់ក្នុង​ការ​​នាំ​ចេញ​ផលិត​ផល​ ព្រមទាំង​ស្វែង​រក​ទីផ្សារ​ពិភពលោក យ៉ាង​សកម្ម ប៉ុន្តែ​​សហគ្រិន​នារី​ទាំងអស់​នោះ​ត្រូវ​ជួប​ឧបសគ្គ​​រួម​មួយ​គឺបញ្ហា​​ហិរញ្ញវត្ថុ។ ស្ត្រី​សហគ្រិន​ត្រូវ​ការ​ហិរញ្ញវត្ថុ​សមស្រប​សម្រាប់​អភិវឌ្ឍសកម្មភាព​ និង​ផលិតកម្មរ​ក​ស៊ី​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ពាណិជ្ជកម្មពិភពលោក​ដែល​ផ្តល់​​លទ្ធភាព​ដ៏​មហាសាល។ នេះ​បើ​តាម​ពាក្យ​ទទូច​របស់​លោកស្រី​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដដែល។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកស្រី​មាន​គំនិត​បង្កើត​មូលនិធិ​នេះ​ឡើង ដើម្បីយក​ទៅ​ជួយ​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ នៅ​តាម​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ និង​ប្រទេស​​ក្រីក្រ​ខ្លាំង ឱ្យ​បាន​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យាឌីជីថល​ផង និង​អាច​បង្កើន​វត្តមាន​ក្រុមហ៊ុន​របស់​គាត់​តាម​អនឡាញ​ផង។ មូលនិធិ​នឹង​ជួយ​ស្ត្រីជា​ច្រើន​ដែល​ចង់​ចូល​ប្រលូក​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ ព្រោះ​ស្ត្រី​តំណាង​ឱ្យ​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប​នៅ​លើ​ផែនដី តែ​ចូល​រួម​ចំណែក​បង្កើន​ផលិតផល​សរុប​ស្រុក​របស់​ពិភពលោក​ត្រឹម​៣៧%​ប៉ុណ្ណោះ។

សេចក្តី​ប្រកាស​បង្កើត​មូលនិធិ​៥០លានដុល្លារ​អាមេរិកសម្រាប់​ជួយ​សហគ្រិននារីនេះ ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុន​ការ​បើក​សន្និសីទថ្នាក់​រដ្ឋមន្ត្រី​​លើក​ទី​១៣​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម​ ពី​ថ្ងៃ​ចន្ទទី​២៦ដល់​ថ្ងៃទី​២៩​​កុម្ភៈ​២០២៤។ ​​អេមីរ៉ាត់អារ៉ាប់រួម ជាម្ចាស់​ផ្ទះ​បាន​ប្រកាស​​បង់​វិភាគ​ទាន​៥​លាន​ដុល្លារ និង​បាន​​អះអាង​ថា​ គំនិត​ផ្តួច​ផ្តើម​បង្កើត​មូលនិធិ​សម្រាប់​សហគ្រិន​នារី នឹង​ចូល​រួម​ចំណែក​ជួយ ​សហគ្រាស និង​ក្រុមហ៊ុនជា​ច្រើន​ដែល​ដឹកនាំ​ដោយ​​ស្ត្រី​ នៅ​លើ​ពិភពលោក និង​ជា​ការ​ទទួល​ស្គាល់​អំពី​តួនាទី​ដ៏​ចាំបាច់​ របស់​ស្ត្រីក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អារ៉ាប៊ីសាអូឌីត​វិញ បាន​ចាត់​ទុក​គំនិត​ផ្តួចផ្តើមរបស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​ជា​ដំណាក់​កាល​ដ៏​សំខាន់​ ហើយ​អារ៉ាប៊ីសាអូឌីត​ប្តេជ្ញា​គាំទ្រ​ដំណើរ​ឆ្ពោះ​ទៅ​រក​ស្វ័យភាព​របស់​ស្ត្រី។

បើ​តាម​អង្គការពាណិជ្ជកម្ម​ពិភពលោក​ ពាណិជ្ជកម្ម​ឌីជីថល​និង​ពិសេស​ពាណិជ្ជកម្ម​សេវាកម្ម​ឌីជីថល​ ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​ស្គាល់​កំណើន​ខ្លាំង​លឿន​រហ័យ​ជាង​គេ តាំងពី​ឆ្នាំ​២០០៥​មក ពោល​គឺ​ក្នុង​កំរិត​សន្ទុះ​៨%​ជា​មធ្យម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ