អានតួអត្ថបទ
ហាម៉ាស-ប៉ាឡេស្ទីន

ក្រុមហាម៉ាស​​សុំទោស​ប្រជាជនប៉ាឡេស្ទីន ចំណែកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែលប្រឈមនឹងបាតុកម្ម​ក្នុងស្រុក

ជិត៦​ខែក្រោយ​នៃ​សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល ក្នុង​ទឹកដី​ហ្កាហ្សា ក្រុមហាម៉ាស​បាន​ចេញមុខ​ជាលើកទី១ សុំទោស​ប្រជាជន​ប៉ាឡេស្ទីន នៅហ្កាហ្សា ដែល​កំពុងឈឺចាប់ ​ជួបទុក្ខវេទនា ដោយសារ​តែ​សង្រ្គាម​របស់ខ្លួន​ប្រឆាំង​នឹង​កងទ័ព​អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​បង្ហោះផ្សាយ​នៅលើ​បណ្តាញ​តេឡេក្រាម កាលពីថ្ងៃ​អាទិត្យទី ៣១ មីនា ក្រុមហាម៉ាស​នៅតែអះអាង បន្ត​ធ្វើ​សង្រ្គាម​ប្រឆាំង​អ៊ីស្រាអែល ដើម្បី​ជ័យជំនះ និង​សេរីភាព​របស់​ប្រជាជន​ប៉ាឡេស្ទីន។

​ប្រជាជន​ប៉ាឡេស្ទីន​ជិត​២លាននាក់​នៅហ្កាហ្សា​ឈឺចាប់ជួបទុក្ខវេទនាគ្រោះអត់ឃ្លាន​ ដោយសារ​សង្រ្គាមរបស់ក្រុមហាម៉ាស​ប្រឆាំង​អ៊ីស្រាអែល។
​ប្រជាជន​ប៉ាឡេស្ទីន​ជិត​២លាននាក់​នៅហ្កាហ្សា​ឈឺចាប់ជួបទុក្ខវេទនាគ្រោះអត់ឃ្លាន​ ដោយសារ​សង្រ្គាមរបស់ក្រុមហាម៉ាស​ប្រឆាំង​អ៊ីស្រាអែល។ REUTERS - Mohammed Salem
ផ្សាយពាណិជ្ជកម្ម

 

នៅជិត ៦ខែ នៃ​សង្រ្គាមសងសឹក​របស់អ៊ីស្រាអែល នៅហ្កាហ្សា ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣ម៉ឺននាក់ និងកំពុង​បង្ក​គ្រោះអត់ឃ្លាន​ដល់មនុស្ស​ជាង ១លាននាក់ ក្រុមហាម៉ាស​ទើប​ចេញ​មុខ​ជា​លើកទី១ និយាយ​សុំទោស​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ចុះផ្សាយនៅក្នុងបណ្តាញ​សង្គម​តេឡេក្រាម នៅថ្ងៃអាទិត្យ​ទី ៣១​មីនា ក្រុមហាម៉ាស​សុំទោស​ប្រជាជន​ប៉ាឡេស្ទីន​ចំពោះការឈឺចាប់ ទុក្ខវេទនា ដោយសារ​សង្រ្គាម​ប្រឆាំង​អ៊ីស្រាអែល។ ប៉ុន្តែ ចលនា​ហាម៉ាស​ដែល​គ្រប់គ្រង​ទឹកដីហ្កាហ្សា តាំង​ពី​ឆ្នាំ ២០០៧ នៅ​តែ​បញ្ជាក់​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅក្នុងការបន្តធ្វើ​សង្រ្គាម​ដើម្បីទទួល​បានជ័យជំនះ និង​សេរីភាព​ទាំងស្រុង​របស់​ប្រជាជន​ប៉ាឡេស្ទីន។

នៅមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំ​ចលនា​ហាម៉ាស​មួយចំនួន ដូចជា​អតីតប្រធាន​ការិយាល័យនយោបាយ​របស់ហាម៉ាស លោក​Khaled Mechaal ជាដើម​ធ្លាប់​វាយតម្លៃថា ការលះបង់ ពលីកម្ម សំខាន់ ចាំបាច់ ដើម្បី​រំដោះ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពី​ការឈ្លានពាន កាន់កាប់​របស់​អ៊ីស្រាអែល។

នៅក្នុង​សារ​តេឡេក្រាម កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស​នៅ​បាន​និយាយ​អរគុណ​ប្រជាជន​ប៉ាឡេស្ទីន នៅហ្កាហ្សា និង​ថា ពួកគេដឹងច្បាស់​ថា ប្រជាជន​ប៉ាឡេស្ទីន​កំពុងចុះខ្សោយ ​អស់កម្លាំង​ជាខ្លាំង ដោយសារ​តែសង្រ្គាម។ ប៉ុន្តែ ក្រុមហាម៉ាស​សន្យាថា នឹងព្យាយាម​កាត់បន្ថយ​ការលំបាករបស់ប្រជាជន​ប៉ាឡេស្ទីន ជាពិសេស​តម្លៃទំនិញ ទៅតាម​សមត្ថភាព​របស់ខ្លួន នៅក្នុង​បរិបទសង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល។

ក្រុមហាម៉ាស​បង្ហោះសារ​និយាយ​សុំទោស​ប្រជាជនប៉ាឡេស្ទីន ក្នុង​ខណៈពេល​ដែល​ប្រជាជន​ប៉ាឡេស្ទីន​នៅ ហ្កាហ្សា​កំពុង​រងគ្រោះថ្នាក់ជីវិត ដោយសារ​ការវាយប្រហារ​របស់កងទ័ពអ៊ីស្រាអែលផង និងកំពុងជួប​គ្រោះអត់ឃ្លាន​ធ្ងន់ធ្ងរ ដោយសារ​តែ​អ៊ីស្រាអែល​រឹតត្បិត​ការដឹកជញ្ជូន​ជំនួយ​ចូល​ទឹកដី​ហ្កាហ្សា។

នៅហ្កាហ្សា នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាល​របស់ក្រុមហាម៉ាស​និយាយ​ថា ទាហាន​អ៊ីស្រាអែល​បាន​ដកខ្លួន​ចេញពី​Al Shifa មន្ទីរពេទ្យ​ដ៏ធំជាងគេ​នៅភាគខាងជើង​ហ្កាហ្សា បន្ទាប់ពី​វាយចូលកាន់កាប់ អស់​២សប្តាហ៍។ កងទ័ពអ៊ីស្រាអែល​មិនទាន់​បញ្ជាក់ដំណឹងនេះនៅឡើយទេ ប៉ុន្តែគ្រាន់តែ​​និយាយ​ពីបេសកកម្ម​ជោគជ័យ នៅក្នុង​ការតាមប្រមាញ់សម្លាប់​សមាជិក​ហាម៉ាស នៅ​មន្ទីរពេទ្យ​Al Shifa។ បើតាម​មន្រ្តីហាម៉ាស នៅក្រោយ ការចាកចេញ​របស់​ពួកទាហាន​អ៊ីស្រាអែល គេប្រទះឃើញ​សាកសព​រណូករណែល ចំណែកអគារមន្ទីរពេទ្យ​ស្ទើរទាំងស្រុង​ត្រូវ​ដុតបំផ្លាញ លែង​ដំណើរការ។

នៅ​អ៊ីស្រាអែល​ឯណោះវិញ ប្រជាជន​រាប់ពាន់នាក់​បាន​ចុះថ្នល់​ធ្វើបាតុកម្ម កាលពី​យប់ថ្ងៃអាទិត្យ ដើម្បីទាមទារ​ឲ្យលោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ ចុះចេញពីតំណែង។ បាតុករភាគច្រើន​ដែលមានសាច់ញាតិ​គ្រួសារ​ស្លាប់នៅក្នុងការវាយប្រហារ​របស់​ក្រុមហាម៉ាស ឬជាចំណាប់ខ្មាំង​នៅហ្កាហ្សា បាន​ស្រែក​ចោទប្រកាន់​លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ ថា ធ្វើ​ផ្តេសផ្តាស គ្មានឆន្ទៈ​ចង់ចរចា​ដើម្បី​ការដោះលែងចំណាប់ខ្មាំង។ សម្រាប់ពួកគេ អ៊ីស្រាអែល​ត្រូវ​រៀបចំការបោះឆ្នោត​មុនកាលកំណត់ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​មានការទទួលខុសត្រូវ​ជាង​លោក​នេតាន់យ៉ាហ៊ូ។ ប៉ុន្តែ នៅថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​បាន​ឆ្លើយតបវិញ ថា ការរៀបចំ​បោះឆ្នោតមុនកាលកំណត់ នៅក្នុងពេល​ប្រទេស​កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ជួបវិបត្តិនយោបាយ ៦ខែ​ទៅមុខទៀត។ លើសពីនោះ​វា​នឹង​ទៅបំផ្លាញ កិច្ចប្រឹងប្រែងដើម្បីទាមទារ​ការដោះលែងចំណាប់ខ្មាំង។ ហើយអ្នកដែលទាញប្រយោជន៍ពីអស្ថិរភាពនយោបាយ ការបែកបាក់ក្នុងសង្គមអ៊ីស្រាអែល គឺ​ក្រុមហាម៉ាស។ នេះបើតាម​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ