អានតួអត្ថបទ
ស៊ីរី-ហ្វ៊ីលីពីន

ទាហាន​មួកខៀវ​អ.ស.ប.​២១នាក់​ត្រូវ​ក្រុម​ឧទ្ទាម​ស៊ីរី​ចាប់ខ្លួន

កងកម្លាំង​មួកខៀវ​របស់​អ.ស.ប. ចំនួន ២១នាក់ ដែល​កំពុង​ឈរជើង នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី និង​អ៊ីស្រាអែល ត្រូវ​បាន​ក្រុមឧទ្ទាមស៊ីរី​ចាប់ខ្លួន​កាល​ពីថ្ងៃ​ពុធ ម្សិលមិញ។ មន្រ្តី​អ.ស.ប.​បាន​ឲ្យដឹង​ថា ទាហាន​មួកខៀវ​ទាំង ២១នាក់​នេះ គឺ​ជា​ទាហាន​ហ្វ៊ីលីពីន ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាំង​អ.ស.ប. និង​ទាំង​រដ្ឋាភិបាល​ហ្វ៊ីលីពីន​ សុទ្ធតែ​បាន​ទាមទារ​ឲ្យ​​ក្រុម​ឧទ្ទាម​ស៊ីរី​ដោះលែង​ទាហាន​ហ្វ៊លីពីន​ទាំង ២១នាក់​នេះ​មកវិញ​ជា​បន្ទាន់។

កងកម្លាំងមួកខៀវ​អ.ស.ប. ដែល​ឈរជើង​នៅ​តំបន់​ខ្ពង់រាប Golan ដើម្បី​ត្រួតពិនិត្យ​មើល​បទឈប់បាញ់​ រវាង​អ៊ីស្រាអែល និង​ស៊ីរី
កងកម្លាំងមួកខៀវ​អ.ស.ប. ដែល​ឈរជើង​នៅ​តំបន់​ខ្ពង់រាប Golan ដើម្បី​ត្រួតពិនិត្យ​មើល​បទឈប់បាញ់​ រវាង​អ៊ីស្រាអែល និង​ស៊ីរី REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ទាហាន​ហ្វ៊ីលីពីន​ទាំង ២១នាក់ ដែល​ក្រុមឧទ្ទាម​ស៊ីរី​ចាប់ខ្លួន កាល​ពី​ម្សិលមិញ​នេះ គឺ​ជា​ផ្នែក​មួយ នៃ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប. ដែល​ឈរជើង​នៅ​តំបន់​ខ្ពង់រាប Golan ដើម្បី​ត្រួតពិនិត្យ​មើល​បទឈប់បាញ់ ដែល​​អ៊ីស្រាអែល និង​ស៊ីរីបាន​ចុះ តាំង​ពី​ឆ្នាំ​១៩៧៤​មក។

លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប.​បាន​ប្រកាស​​ទាមទារថា ​ក្រុមឧទ្ទាមស៊ីរី​ត្រូវ​តែ​​ដោះលែង​ទាហាន​មួកខៀវ​ហ្វ៊ីលីពីន​ទាំងអស់​នេះ​មក​វិញ​ជា​បន្ទាន់ ហើយ​ត្រូវ​តែ​បើក​សេរីភាព​​ឲ្យ​គ្រប់​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប. អាច​ធ្វើ​ដំណើរ​​ ចល័ត​ទី ដើម្បី​បំពេញ​បេសកកម្ម​របស់​ពួកគេ។

រដ្ឋាភិបាល​ហ្វ៊ីលីពីន​វិញ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ បាន​ប្រកាស​ថ្កោលទោស ការ​ចាប់ខ្លួន​ទាហាន​របស់​ខ្លួន ដោយ​ចាត់ទុក​ថា ជាការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​​ច្បាប់​អន្តរជាតិ។ ទោះជាយ៉ាងណា លោក​ប្រធានាធិបតី​អាគីណូ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ទាហាន​មួកខៀវ​ហ្វ៊ីលីពីន​ទាំង ២១នាក់​នេះ ប្រាកដ​ជា​នឹង​ត្រូវ​ដោះលែង​មកវិញ។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ពេលនេះ ទាហាន​ហ្វ៊ីលីពីន​ទាំង ២១នាក់​នេះ មិន​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ទេ ដោយ​ទទួលបាន​នូវ​ការ​មើលថែ​ទាំ​ល្អ ពី​សំណាក់​ក្រុម​ឧទ្ទាម​ស៊ីរី។

ក៏ប៉ុន្តែ ក្រុមឧទ្ទាមស៊ីរី ដែល​បាន​ចាប់ខ្លួន​ទាហាន​មួកខៀវ​ហ្វ៊ីលីពីន​នេះ ​ ​បាន​ទាមទារ​ឲ្យ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ដកចេញ​ពី​ភូមិ ក្នុង​តំបន់​ខ្ពង់រាប Golan ទើប​ពួកគេ​សុខចិត្ត​ដោះលែង​ទាហាន​ហ្វ៊ីលីពីន​ ទាំង ២១នាក់​មក​វិញ។ ពួកឧទ្ទាម​ក៏​បាន​​បាន​ចោទប្រកាន់​ផងដែរ​ថា ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប.​នៅ​តំបន់​ខ្ពង់រាប Golan នេះ​ ប្រកាន់​ជំហរ​មិន​អព្យាក្រឹត​ ដោយ​ពួកគេ​​​បាន​សហការ​ជាមួយ​នឹង​កងទ័ព​របស់​លោក​បាស្ហា អាល់អាសាដ ក្នុងការ​វាយបង្រ្កាប​ក្រុមឧទ្ទាម។

គួរបញ្ជាក់ថា គិតមកទល់​នឹង​ខែ​កុម្ភៈ​ កងកម្លាំង​មួកខៀវ​របស់​អ.ស.ប. ដែល​ឈរជើង នៅ​ក្នុង​តំបន់​ខ្ពង់រាប Golan មាន​ចំនួន​សរុប​ ប្រមាណជា ១ពាន់នាក់ មក​ពី​ប្រទេស​ចំនួន ៤ គឺ​អូទ្រីស ក្រូអាស៊ី ឥណ្ឌា និង​ហ្វ៊ីលីពីន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រូអាស៊ី​ទើប​នឹង​បានប្រកាស​ កាល​ពី​សប្តាហ៍​មុន​​ថា នឹង​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​តំបន់​ខ្ពង់រាប Golan នេះ ដោយសារ​តែ​មាន​ការ​បារម្ភ អំពី​សុវត្ថិភាព​របស់​ពួកគេ។ ជប៉ុន និង​កាណាដា​វិញ បាន​ដកកងកម្លាំង​របស់​ខ្លួន ចេញពី​ខ្ពង់រាប Golan តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ ដោយសារតែ​បញ្ហា​សុវត្ថិភាព​នេះ។

លោក​ប្រធានាធិបតី​ហ្វ៊ីលីពីន អាគីណូ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ នៅថ្ងៃ​នេះ​ថា ហ្វ៊ីលីពីន​មិនទាន់​ធ្វើការ​សម្រេច​នៅឡើយទេ​ថា តើ​នឹង​ត្រូវ​ដក​កងកម្លាំង​របស់​ខ្លួន ចេញ​ពី​តំបន់​ខ្ពង់រាប Golan ដែរ​ឬ​ក៏​យ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ