អានតួអត្ថបទ
ស.រ.អា.-ស៊ីរី

សង្គ្រាម​អាមេរិក​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ឈាន​ចូលដល់​វគ្គ​ថ្មី ​ប្រយុទ្ធ​លើ​ដី ?

លោកអូបាម៉ា បាន​ច្រាន​ចោល​គំនិត​​​ដែល​អាមេរិក​នឹង​បញ្ជូន​ទ័ព​​ទៅ​ធ្វើ​សង្គ្រាម​ជើង​គោក​នៅ​ស៊ីរី។ ប៉ុន្តែ​ នៅ​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ អាមេរិក​បាន​ប្រកាស​ទទួល​ជា​សាធារណៈ​ជា​លើក​ទី​មួយ ថា​​ការ​បើក​ប្រតិបត្តិការកុម្មង់ដូរ​​ជើង​គោក​ពិសេស​​នៅក្នុង​​ស៊ីរី ដោយ​បាន​សម្លាប់​មេកើយ​ម្នាក់ ជា​ហិរញ្ញិក​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម អាប៊ូ អាយ៉ាស និង​ចាប់​នាង​ជា​ប្រពន្ធ​ បាន​ទាំង​រស់។ តើ​អាមេរិក​កំពុង​ប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ​ឬ ?

សកម្មជន​អង្គការ​រដ្ឋ​អ៊ីស្លាម​គ្រវី​ទង់ជាតិនៅ​ព្រំដែន​ស៊ីរី-​អ៊ីរ៉ាក់
សកម្មជន​អង្គការ​រដ្ឋ​អ៊ីស្លាម​គ្រវី​ទង់ជាតិនៅ​ព្រំដែន​ស៊ីរី-​អ៊ីរ៉ាក់ ALBARAKA NEWS / AFP
ផ្សាយពាណិជ្ជកម្ម

 

ជា​ប្រតិបត្តិការ​ របស់ក្រុម​កម្មង់ដូ​អាមេរិក​ពិសេស​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម នៅ​ក្នុង​ទឹក​ដី​ស៊ីរី ដែល​គ្រប់​គ្រង​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ បេសកកម្ម​នេះ បាន​ទទួល​ការព្រមព្រៀង​ពី​អ៊ីរ៉ាក់ ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ១៦​ ឧសភា ដោយ​​ក្រុម​ទាហាន​ជើង​ឆើត​​ឱ្យ​ជ្រៀត​ចូលធ្វើ​សកម្មភាព​​  ​នៅ​ពេល​យប់ ហើយ​គឺ​​លោក​បារ៉ាក់​អូបាម៉ា ផ្ទាល់​តែ​ម្តង​ដែល​ជា​អ្នក​ផ្តល់​សញ្ញា​ចេញ​បញ្ជា​ តាម​ទូរស័ព្ទ​ ឱ្យ​កងទ័ព​អាមេរិក​បើក​ប្រតិបត្តិការ សំដៅ​ផ្ទាំងស៊ីប​ គឺ​ អាប៊ូ សាយ៉ាស អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែកហិរញ្ញវត្ថុ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។ អាប៊ូសាយ៉ាស ត្រូវ​គ្រាប់​ស្លាប់ នៅ​ពេល​ប្រយុទ្ធ​គ្នា និង​ចាប់​ខ្លួន​បាន​​ ​នាង អូម សាយ៉ាស ជា​ប្រពន្ធ ដែល​អាច​ផ្តល់​​ព័ត៌មានបាន​​​ច្រើន​​ទាក់ទង​នឹង​សកម្មភាព​របស់​អង្គការ។

​ប្រតិបត្តិការ​លើ​ដី បាន​សម្លាប់​ពួក​ជីហាត​ជាង​​១០​នាក់​​ និង​ប្រមូល​បាន​ឯកសារជា​ច្រើន និង​កុំព្យូទ័រផង។

អាប៊ូសាយ៉ាស

ជា​ប្រតិបត្តិការដ៏​សំខាន់ និង​ជា​ជោគជ័យ​មួយ​របស់​អាមេរិក​។ ការ​ស្លាប់​របស់​អាប៊ូសាយ៉ាស គឺ​ជា​​​ការ​បាត់​បង់លំនឹង​​មួយ​​សម្រាប់​ពួក​ជីហាត​ ព្រោះ​ថា​អាប៊ូសាយ៉ាស ជា​មនុស្ស​ជំនិត​របស់​ អាល់ បាក់ដាឌី អ្នក​ដែល​បាន​តាំងខ្លួន​ឯង​ជា​ប្រមុខ​ដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​​ជា​អ្នក​ចាត់​ចែង​ដឹក​ជញ្ជូន​​ការ​លក់​ដូរ​ប្រេង​និង​ឧស្ម័ន​ ដែល​ជា​ប្រភព​ចំណូល​មិន​អាច​ខ្វះ​បាន​សម្រាប់​ចិញ្ចឹម​ចលនា​ភេរវនិយម។

 
ប្រតិបត្តិការ​ទោល

អាមេរិក​របស់​លោក​អូបាម៉ា ចង់ឃើញ​មាន​ការ​ប្តូរ​ផ្លាស់ ! ប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ ​ដែល​បង្ហាញ​ថា​អាមេរិក​​​មាន​សមត្ថភាព និង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រយុទ្ធ​អាច​វាយប្រហារ​ដល់​កម្ចាត់​ដល់​អំណាច​កំពូល​​តែ​ម្តង។  ​​ប្រតិបត្តការ​ឆ្មក់​សម្លាប់​អាប៊ូសាយ៉េស​ ជា​សារ​ព្រមាន​ជាក់ស្តែង​មួយ​ និង​យ៉ាង​ចំ​ពេល​មួយ សម្រាប់​​ពួក​អង្គការរដ្ឋ​អ៊ីស្លាម​ដែល​កម្លាំង​របស់​គេ​កំពុង​ឡើង​ខ្លាំង និង​កំពុង​វាយកាន់​កាប់​ជាបណ្តើរៗ​ភាគ​ខាង​ជើង​​នៃ​ក្រុង​បូរាណ ប៉ាល់មៀរ។

អាមេរិក​ធ្លាប់​បាន​ដឹកនាំ​ធ្វើ​ប្រតិបត្តិការ​លើ​ដី​ម្តង​ពីរ​ដង​ដែរ​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​នេះ ប៉ុន្តែ​កម្មវត្ថុ​គឺ​ដើម្បី​រំដោះ​​ចំណាប់​ខ្មាំង​​តែ​ប៉ុណ្ណោះ មិន​ដូច​ប្រតិបត្តិការ​ម្សិលមិញ​ ដែល​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ជា​សា​ធារណៈ​ទៀតនោះទេ។ ​ប្រឈម​មុខ​នឹង​សង្គ្រាម​ដែល​អាច​អូស​ពេល​វេលា​យូរ​ច្រើន​ឆ្នាំ​ទៀត ដូច​ដែល​លោក​អូបាម៉ា បាន​អះអាង​នៅ​ថ្ងៃ​ម្សិល​ម្ង៉ៃ ថា​សង្គ្រាម​នៅ​ស៊ីរី អាច​អូល​បន្លាយ​ឆ្លង​អាណត្តិ ឆ្លង​ដល់​ឆ្នាំ​២០១៧ ប្រតិបត្តិការ​ទោស​អាច​ជា​ជម្រើស​ថ្មីមួយ​បន្ថែម​ទៀត។

ជា​ផ្លូវ​ការ អាមេរិក​បើក​ធ្វើ​តែ​ប្រតិបត្តិការ​ផ្លូវ​អាកាស​ទម្លាក់​គ្រាប់​បែក​ ​ទីតាំង​ពួក​ជីហាត ​សេតវិមាន​បានបញ្ជាក់ភ្លាម​​ថា​ ​អាមេរិក​គ្មាន​ហេតុផង​អ្វី​ត្រូវ​ចេញ​ធ្វើ​សង្គ្រាម​ជើង​គោក​ បញ្ជូន​កង​ពល​ទៅ​ប្រយុទ្ធ​លើ​សមរភូមិនៅ​ស៊ីរីឡើយ។ ប្រតិបត្តិការ​ផ្លូវ​គោក​ ដោយ​កង​កម្លាំង​ទាហាន​ជើង​ឆើត​ពិសេសកន្លង​ទៅនេះ​ ​ជា​ប្រតិបត្តិការ​ទោល។ មិន​បញ្ជួន​ទ័ព ទាំងកង ទាំង​ពល​មែន ប៉ុន្តែ​ប្រសិន​បើ​ប្រតិបត្តិការ​ជើងគោក បែប​ដាច់​​ដោយ​ឡែកមួយៗ ឆ្មក់​ឱ្យ​ចំ​​ៗ អាច​ផ្តល់​ប្រសិទ្ធិភាព​ខ្ពស់​កម្ចាត់​មេកើយ​ដល់​កំពូល​បាន តើ​គួរ​ឱ្យ​ធ្វើ​ទៀត​ដែរ​ឬទេ ?  ដូច​យើង​ធ្លាប់​ឃើញ​ស្រាប់​ថា​ ​ប្រតិបត្តិការ​កុម្មង់ដូទ័ព​ឆ្មើម​​បែប​នេះ បាន​ធ្វើ​ឱ្យ​អាមេរិក​កម្ចាត់​បាន​​មេ​កើយ​អាល់កៃដា​ ប៊ិនឡាដិន កាលពី​ឆ្នាំ​២០១១​ នៅប្រទេស​ប៉ាគីស្ថាន។

ក្រុង​បូរាណ​ប៉ាល់មៀរ ស្ថិត​ក្នុង​ការ​គំរាមកំហែង

ព័ត៌មាន​ទទួល​បាន​ហាក់​​ច្របូក​ច្របល់​ខ្លាំង​ណាស់។ ល្ងាចមិញ​ ភាគ​ខាងជើង​ក្រុង​ប៉ាល់មៀរ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ បើ​តាម​សេចក្តី​ប្រកាស​ផ្លូវការ​របស់​រដ្ឋាភិបាល​ស៊ីរី ថ្ងៃ​នេះ អះអាង​ថា​បាន​រុញ​ពួក​ជីហាត​ចេញ​ទៅ​វិញ​ហើយ។ ​ អ្វី​ប្រាកដ​ គឺ​ការ​ប្រយុទ្ធ​គ្នា​មាន​លក្ខណៈ​សន្ធោសន្ធៅ​ខ្លាំង​ណាស់ មាន​ស្លាប់​និង​របួស​ជា​ច្រើន​នាក់ ទាំង​ខាង​ទាហាន​រដ្ឋាភិបាល និង​ទាំង​ខាង​ពួក​ជីហាត។

ដោយ​ឆ្លៀត​ឱកាស​នឹង​កម្លាំង​ដ៏​ទន់​ខ្សោយ​របស់​ទាហាន​រដ្ឋាភិបាលស៊ីរី  ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​អាចសម្រុក​វាយ​លុក​យក​ទី​តាំង​ ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​មួយ​នេះ ព្រោះ​ថា​ក្រុង​ប៉ាល់មៀរ អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន ៖ ប្រសិន​បើ​ពួក​គេ​អាច​គ្រប់​គ្រង​​ក្រុង​នេះ​បាន​ គឺពង្រីក​ដែន​អំណាច​​ វាល​ខ្សាច់​ដ៏​ល្វឹងល្វើយ​របស់​ស៊ីរី​ នឹង​ក្លាយ​​​ច្រក​ដ៏​ធំ ​អាច​បើក​ទំលាយ ទៅ​ទល់​នឹង​ខេត្ត​ព្រំ​ប្រទល់​អ៊ីរ៉ាក់​ ដែល​ពួក​ជីហាត​កាប់​កាប់​ស្រេច​ទៅ​ហើយ។​ ប្រយោជន៍​ដ៏​ធំ​​មួយ​ទៀត គឺ​ជា​មធ្យោបាយ​ឃោសនា​បំប៉ោង​​នយោបាយ​ជីហាត​។ គ្រាន់​តែ​ចាប់​ផ្តើម​ប្រយុទ្ធ​គ្នា​ភ្លាម​ ក៏បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ពិភពលោក​ភ្លាម។ ប្រធាន​អង្គការ​យូណេស្កូ បាន​ស្នើ​សុំ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​​ឱ្យ​បញ្ចេញ​សកម្មភាព​ជួយ​ការពារក្រុង​ប៉ាល់មៀរ ព្រោះ​ជា​ក្រុង​ដ៏​ចំណាស់បំផុត​ និង​មាន​ស្ថាបត្យកម្ម​បូរាណៗ​ល្អ​​​ជាងគេ​មួយ​ប្រចាំ​តំបន់បើ​បូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ