អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

កម្ពុជា​ប្រតិកម្ម​តប​នឹង​សភា​អឺរ៉ុប​ចំ​ពេល​ទស្សនកិច្ច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប

ខណៈដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបលោកអ៊ែ​ម៉ាន់វ៉ាន់រ៉ុ​ម​ពុ​យ (Herman Van Rompuy) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រសួងការបរទេស​បាន​ផ្សព្វផ្សាយ​ប្រតិកម្ម​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុងBruxelles តប​ទៅនឹង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។សម្រាប់​ទីក្រុង​ភ្នំពេញ សភា​អឺរ៉ុប​គួរ​សិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់មុន​ពេលធ្វើ​សេចក្តីសម្រេច​អ្វីមួយ​ទៅ​ថ្ងៃ​អនាគត។ 

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អ៊ែ​ម៉ាន់ វ៉ាន់ រ៉ុ​ម​ពុយ​​ទទួល​ដោយ​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅវិមាន​សន្តិភាព​កាលពីថ្ងៃ​សុក្រ​ទី ២ វិច្ឆិកា ២០១២
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អ៊ែ​ម៉ាន់ វ៉ាន់ រ៉ុ​ម​ពុយ​​ទទួល​ដោយ​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅវិមាន​សន្តិភាព​កាលពីថ្ងៃ​សុក្រ​ទី ២ វិច្ឆិកា ២០១២ ©REUTERS
ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អ៊ែ​ម៉ាន់ វ៉ាន់ រ៉ុ​ម​ពុយ​  (Herman Van Rompuy) ដែល​បាន​មកដល់​កម្ពុជា កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សន្យា​គាំទ្រ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​កម្ពុជា និង​សន្យា​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន។ ការសន្យា​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ នៅឯ​វិមាន​សន្តិ​សភាព។ នេះ​បើតាម លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី ដែល​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ។

ដំណើរ​ទស្សនកិច្ច​របស់ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ធ្វើឡើង​ខណៈដែល សភា​អឺរ៉ុប​ទើបតែ​បានចេញ​សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃទី២៦ តុលា ដោយបាន​រិះគន់​ចំពោះ​ការកាត់ទោស​អ្នកប្រឆាំង​រដ្ឋាភិបាល ក្នុងនោះ​មាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ជាដើម។ សភា​សហភាព​អឺរ៉ុប ក៏បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា​ពោលគឺ​ចង់​ឲ្យ​មានការ​ចូលរួម​របស់​លោក​សម រង្ស៊ី ផងដែរ។

ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​នេះ ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ទីក្រុង​ប្រ៊ុចសែល​បាន​បញ្ចេញ​ប្រតិកម្ម។ ប្រតិកម្ម​ដែល​ក្រសួងការបរទេស​កម្ពុជា​បាន​ផ្សព្វផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ បាន​បដិសេធ​ទាំងស្រុង​ទៅនឹង​ការចោទប្រកាន់ និង​មតិយោបល់​ទាំងឡាយ​របស់​សភា​អឺរ៉ុប។ សម្រាប់​ទីក្រុង​ភ្នំពេញ ការកាត់ទោស​លោក សម រង្សី និង​លោក ម៉ម សូណង់ដូ គឺ​មិនមែន​ទាក់ទង​ទៅនឹង​រឿង​នយោបាយ​ទេ។ ប៉ុន្តែ លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ដក​បង្គោល​ព្រំដែន ខណៈដែល​លោក ម៉ម សូណង់ដូ គឺជា​មេក្លោង​នៃ​ចលនា​អបគមន៍។

ទាក់ទង​នឹង​ការបោះឆ្នោត កម្ពុជា​បាន​អះអាងថា រាល់​សមាជិក​ទាំង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សុទ្ធ​តែមាន​ភាពឯករាជ្យ អព្យាក្រិត្យ មិន​ប្រកាន់​បក្ស និង​មិន​លំអៀង។  រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់ទុក​សំណូមពរ​ឲ្យ​ផ្សះផ្សារ​ជាមួយ​លោក​សម រង្ស៊ី ថា​ជាការ​ជ្រៀតជ្រែក​ទៅក្នុង​ការសំរេច​របស់​តុលាការ។ តំណាង​រដ្ឋាភិបាល​កម្ពុជាប្រចាំ​ក្រុង ប្រ៊ុចសែល​ក៏បាន​សុំ​ឲ្យ​សភា​អឺរ៉ុប​សិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់ មុន​ពេលធ្វើ​សេចក្តីសម្រេច​អ្វីមួយ​ទៅ​ថ្ងៃ​អនាគត។

គួរ​កត់សម្គាល់ថា ការផ្សព្វផ្សាយ​ប្រតិកម្ម​របស់​ឯកអគ្គរាជទូត​កម្ពុជា​ទៅកាន់​សភា​សហភាព​អឺរ៉ុប បានធ្វើ​ឡើង​ចំ​ពេលដែល​ទស្សនកិច្ចរ​បស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​កម្ពុជា។ យ៉ាងណាក៏ដោយ នៅក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Herman Van Rompuy កាលពី​ម្សិលមិញ ភាគី​ទាំងពីរ​មិនបាន​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ទេ នេះ​បើ​យោងតាម​ជំនួយការ​របស់លោក​នាយក​រដ្ឋមន្ត្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ