អានតួអត្ថបទ
កម្ពុជា

WWF ​អំពាវនាវ​អោយ​រដ្ឋាភិបាល​កំណត់​តំបន់​ការពារ​ធម្មជាតិ មុន​កំណត់​ដី​សម្បទាន​សេដ្ឋកិច្ច​

នៅ​ក្នុង​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​ខ្លួន​ អង្គការ ​WWF​​ អំពាវនាវ​​អោយ​​រដ្ឋាភិបាល​​កម្ពុជា​​ពន្លឿន​​ការ​​ចាត់​ថ្នាក់​​តំបន់​​ ការពារ​ ដើម្បី​​ការពារ​​តំបន់​​ដែល​​មាន​​តម្លៃ​​ជីវចម្រុះ​ខ្ពស់។​ WWF​បាន​​និយាយ​​ផ្តល់​​តម្លៃ​​ដល់​​តំបន់​​ព្រៃ​​នៅ​​ភាគ​​ខាង​​កើត​​នៃ​​ប្រទេស​​កម្ពុជា ​​ដែល​​ជា​​ជម្រក​​សត្វ​​ទន្សោង​​ជា​ច្រើន​​ពាន់​​ក្បាល។​ WWF ​បញ្ជាក់​ថា ​ចំនួន​​សត្វ​​ទន្សោង​​ដែល​​កំពុង​​មាន​​វត្តមាន​​នៅ​​កម្ពុជា​​គឺ​​ជា​​ចំនួន​​ដ៏​​ច្រើន​​ ជាង​​គេ​​ក្នុង​​ពិភពលោក ​ហើយ​​ដែល​​កំពុង​​រង​ការ​គំរាម​កំហែង។​

ចំនួន​ សត្វ​ទន្សោង​​ដែល​​កំពុង​​មាន​​វត្តមាន​​នៅ​​កម្ពុជា​​គឺ​​ជា​​ចំនួន​​ដ៏​​ច្រើន​​ជាង​​គេ​​ក្នុង​​ពិភព​​លោក​​ហើយ​​ដែល​​កំពុង​​រង​​ការ​​គំរាម​​កំហែង។​​
ចំនួន​ សត្វ​ទន្សោង​​ដែល​​កំពុង​​មាន​​វត្តមាន​​នៅ​​កម្ពុជា​​គឺ​​ជា​​ចំនួន​​ដ៏​​ច្រើន​​ជាង​​គេ​​ក្នុង​​ពិភព​​លោក​​ហើយ​​ដែល​​កំពុង​​រង​​ការ​​គំរាម​​កំហែង។​​ ©AFP
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​បរបាញ់ តំបន់​ព្រៃ​ភាគ​ខាង​កើត និង​តំបន់​ព្រៃ​ដទៃ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ការ​គំរាម​កំហែង ​ដោយ​នយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​ធំៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ នេះ​គឺ​ជា​ការ​កត់សម្គាល់​របស់​អង្គការ​មូលនិធិ​សកល​សំរាប់​អភិរក្ស​ធម្មជាតិ​ដែល​ហៅកាត់​ថា WWF។ WWF​ត្រូវ​បង្ហាញ​អំពី​បច្ច័យ​អាក្រក់​ដែល​កើត​ចេញ​ពី​ការ​បំផ្លាញ​តំបន់​ការពារ។

 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន WWF​បាន​ប្រាប់​អោយដឹងថា​ចំនួន​សត្វ​ទន្សោង​ដែល​មាន​ច្រើន​ជាងគេ​នៅ​កម្ពុជា​នោះ​កំពុងរក​ការ​គំរាម​កំហែង​ពី​ការ​បរបាញ់ និង​ការ​បាត់បង់​ទី​ជម្រក​នោះ​ឯង។ សេចក្តីថ្លែងការណ៍​សរសេរ​ថា នៅពេល​ដែល​សត្វ​ទន្សោង​នៅ​លើ​ពិភពលោក​មាន​ចំនួន​ចន្លោះ​ពី​៥៩០០ទៅ​១១០០០ក្បាលនោះ កម្ពុជា​មាន​សត្វ​ទន្សោង​នេះ​ចន្លោះ​​ពី​២៧០០​ទៅ​៥៧០០ក្បាល​រួច​ទៅ​ហើយ។

សត្វ​ទន្សោង​ដែល​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​គោ​នោះ មាន​ចំនួន​ធ្លាក់​ចុះ​ជាង​៩០ភាគរយ​ចាប់តាំង​ពី​ទសវត្ស​ទី​៦០​មក ហើយ​សត្វ​នេះ​ត្រូវ​បាន​ចាត់​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​និង​ជិត​ផុតពូជ​ផងដែរ។ ការ​រក្សា​តំបន់​ព្រៃ​ការពារ​គឺ​ជា​ការ​ថែ​រក្សា​ប្រព័ន្ធ​ជីវចម្រុះ។ មន្ត្រី​របស់​អង្គការ​WWF​បាន​លើក​ឡើង​ថា ការ​រក្សា​តំបន់​ព្រៃ​ការពារ​គឺ​ជា​រួម​ចំណែក​ថែ​រក្សា​ពពួក​សត្វ​មួយ​ចំនួន​ដែល​ជា​ចំណី​របស់​សត្វ​ខ្លា​ធំ ដែល​រួម​មាន​ដូចជា​សត្វ​ទន្សោង ជ្រូកព្រៃ និង​ឈ្លូស​ជាដើម។

លោកនីក ខក ប្រធាន​កម្មវិធី​អភិរក្ស​សត្វ​ព្រៃ​នៃ​អង្គការ​WWF បាន​ពន្យល់​ថា ការ​ផ្តល់​ដី​សម្បទាន​​សេដ្ឋកិច្ច​ក្នុង​តំបន់​ការពារ បើទោះជា​គម្រោង​សម្បទាន​នោះ​មាន​ទំហំ​តូច​ក៏​ដោយ ក៏​វា​បង្ក​អោយ​មាន​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​អវិជ្ជមាននានា​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ វា​បំផ្លាញ​តម្លៃ​នៃកិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​អភិរក្ស​ដែល​រដ្ឋាភិបាល​កម្ពុជា ​និង​ដៃគូ​បាន​សម្រេច​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ។

តំណាង​អង្គការ​WWF​ដដែល​និយាយថា ដើម្បីជួយសត្វខ្លាធំ និងប្រភេទ​សត្វ​ជា​ចំណី​របស់​វា ដែល​ក្នុង​នោះ​រួម​មាន​សត្វ​ទន្សោង​ផង អោយ​មាន​ចំនួន​កើន​ឡើងវិញ​នោះ​នៅក្នុង​តំបន់​ព្រៃ​ភាគ​ខាងកើត​ក្នុង​ប្រទេស​កម្ពុជា គេ​ត្រូវ​ជម្រុញ​អោយ​ការ​គ្រប់គ្រង​តំបន់​ការពារ​មានភាពរឹងមាំ​និង​ប្រសើរ​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ