អានតួអត្ថបទ
អ៊ីរ៉ាក់​

កងទ័ព​អ៊ីរ៉ាក់​ចូល​ដល់​កណ្តាល​ក្រុងFallouja​ ដណ្តើមបាន​មូលដ្ឋានទ័ព​មកវិញ​

នៅអ៊ីរ៉ាក់ ​ថ្ងៃសុក្រ​១៧មិថុនា​នេះ កងទ័ព​​​អ៊ីរ៉ាក់​បាន​ចូល​ទៅដល់​កណ្តាលទីក្រុង​ហ្វាលូចា ភាគខាងលិច​ក្រុង​បាក់ដាត ដណ្តើម​យក​បាន​​មូលដ្ឋានទ័ព​ជាតិ ពី​កណ្តាប់ដៃ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​មកវិញ។ កងទ័ព​អ៊ីរ៉ាក់​​ក៏ដណ្តើម​យក​បាន​សង្កាត់ច្រើនកន្លែង​នៅ​ភាគខាងត្បូង​និង​ ខាងកើត​ក្រុង​ផងដែរ។ តាំង​ពី​ថ្ងៃ២៣​ឧសភា​មក កងទ័ព​​អ៊ីរ៉ាក់​បាន​ទទួលជំនួយ​ផ្លូវអាកាស​​​ពី​ប្រទេស​សម្ព័ន្ធមិត្ត​​ ដឹកនាំ​ដោយ​អាមេរិក ក្នុង​ការ​​​ដណ្តើមយក​ក្រុងហ្វាលូចា​មកវិញ។

កងកម្លាំង​អ៊ីរ៉ាក់ នៅ​ជាយក្រុង​Fallouja
កងកម្លាំង​អ៊ីរ៉ាក់ នៅ​ជាយក្រុង​Fallouja REUTERS/Alaa Al-Marjani
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ ​កងទ័ព​អ៊ីរ៉ាក់​ជួប​ការ​លំបាក ក្នុង​ការ​សម្រុក​ទៅ​ភាគកណ្តាល​ទីក្រុង​ហ្វាលូចា ដោយសារ​តែ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ដាក់គ្រាប់បែក​រាយពាសពេញផ្លូវ។ ម្យ៉ាងទៀត ជនស៊ីវិល​រាប់ពាន់នាក់​ក៏​កំពុង​ជាប់ខ្លួន​ក្នុ​ងតំបន់​ ជាមួយ​ក្រុមជីហាតដែរ។ គួរ​រំលឹកថា ក្រុមជីហាត​ដណ្តើម​បាន​ក្រុង​ហ្វាលូចា ក្នុងខែត្រ​ អាល់ អាន់បា ភាគខាងលិច​ក្រុង​បាក់ដាត តាំង​​ពី​ខែមករា ឆ្នាំ២០១៤​ម្ល៉េះ។

ក្នុង​សកម្មភាព​ដណ្តើមយក​ទីតាំង​មូលដ្ឋាន​កងទ័ព​ជាតិ​ នៅ​ក្រុង​ហ្វាលូចា កងប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​កងកម្លាំង​ទាហាន​ផ្សេងៗ​របស់​អ៊ីរ៉ាក់ សុទ្ធតែ​សង្កេត​ឃើញថា​ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​មាន​​កម្លាំង​ខ្សោយជាងមុន មិនអាច​តតាំង​បាន។

មូលហេតុ​ដោយសារ​សកម្មជន​ក្រុមជីហាតច្រើននាក់​​បាននាំ​គ្នា​រត់គេច​ខ្លួន​ទៅ​ភាគខាងលិច​ក្រុងអស់។ យោងតាម​មេបញ្ជាការ​សន្តិសុខ​អ៊ីរ៉ាក់ ដើម្បី​គេច​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ ក្រុមជីហាត​បាន​ចូល​បន្លំ​ខ្លួន​ជាមួយ​ប្រជាជន។ សកម្មជន​ជិហាត​ខ្លះទៀត​បាន​សូកលុយ​ក្រុមទាហាន​ដើម្បី​បាន​​រួចខ្លួន។

ឥឡូវនេះ​ នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​នៅសល់​តែ​ក្រុងមូស៊ូល ​តែ​ប៉ុណ្ណោះ​។ តាំងពិ​ថ្ងៃ​២៣ឧសភា ពេល​កងទ័ព​អ៊ីរ៉ាក់​បើកយុទ្ធនាការ​វាយយក​ក្រុងហ្វាលូចា​​ ពលរដ្ឋ​អ៊ីរ៉ាក់​​ជាង​មួយសែននាក់​បាន​នាំគ្នា​ភៀសខ្លួន​ចេញ​​ពី​ក្រុងនេះ។ ប្រជាជន​រាប់ពាន់នាក់​បានរត់រួច​ពី​ក្រុងហ្វាលូចា។ ប្រជាជនភាគច្រើន​​បាន​ជ្រកកោនលាក់ខ្លួន​​នៅ​តាម​បន្ទាយ​ក្បែរក្រុង។

ពេលនេះ​ គេបារម្ភ​ថា ក្រុមកងទ័ព​អាច​នឹង​ចោទ​ថា​ជនស៊ីវិល​ដែល​​ភៀសខ្លួន ថា​ឃុបខិត​ជាមួយ​​ក្រុមជីហាត​ស៊ុននីត។ គួរ​បញ្ជាក់ថា​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ក្រុមប្រយុទ្ធ​​​​ដែល​ចូលរួម​ជាមួយ​កងកម្លាំង​អ៊ីរ៉ាក់​ ភាគច្រើន​​ជា​អ្នកកាន់​និកាយ​ស្ហ៊ីអ៊ីត។ ​ក្រុម​ប្រយុទ្ធ​ទាំងនេះ​​កំពុង​រងការ​ចោទប្រកាន់​ពី​​ជនស៊ីវិល​ថា បាន​រំលោភបំពាន​សព្វ​បែបយ៉ាង​លើពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ