បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ស្លាប់២នាក់ និងមនុស្ស៥០នាក់ត្រូវចាប់ខ្លួន
ស្លាប់បាតុករ២នាក់ ហើយមនុស្សជាង៥០នាក់ ត្រូវរដ្ឋាភិបាលអ៊ីរ៉ង់ចាប់ខ្លួន។ នៅអ៊ីរ៉ង់ មានបាតុកម្មប្រឆាំរដ្ឋាភិបាល ចំនួន៤-៥ថ្ងៃមកហើយ។ ថ្ងៃអាទិត្យ ទី៣១ធ្នូ អាជ្ញាធរបានរឹងបណ្តឹងសុវត្ថិភាព និងបានកាត់ផ្តាច់ប្រព័ន្ធបណ្តាញព័ត៌មានសង្គមថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៥
ក្រៅពីបង្ក្រាបដោយហិង្សា បណ្តាលឲ្យមានស្លាប់បាតុករ និងបានចាប់ខ្លួនអ្នកតវ៉ាប្រឆាំង, រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញវិធានការថ្មីមួយទៀត គឺកាត់ផ្តាច់ប្រព័ន្ធបណ្តាញសង្គម ដូចជា Instagram និង Telegram មិនឲ្យប្រើថែមទៀត។ មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្ញើសារផ្សេងៗតាមអ៊ិនធ័រណែត ក៏ត្រូវអាជ្ញាធរត្រួតពិនិត្យយ៉ាងតឹងរឹង។ ការសម្រេចប្រកាសវិធានការនេះ គឺបានប្រកាសដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីរ៉ង់ ហើយត្រូវចាក់ផ្សាយក្នុងទូរទស្សន៍ នៅក្នុងស្រុក។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកខាងសន្តិសុខជាតិអ៊ីរ៉ង់ បានចាត់ទុកថា ការប្រើប្រាស់បណ្តាញ Telegram គឺប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះថាវាជាអាវុធសម្រាប់បះបោរ។
សូមជ្រាបថា នៅអ៊ីរ៉ង់ ប្រព័ន្ធ Telegram និង Instagram គឺជាបណ្តាញទំនាក់ទំនងដែលគេនិយមប្រើច្រើនជាងគេ។ រូបថតស្តីពីការបង្ក្រាបទៅលើបាតុករ ដែលបណ្តាលឲ្យស្លាប់ ហើយនិងសកម្មភាពចាប់ខ្លួនបាតុករនោះ ក៏ត្រូវលេចចេញ ដោយសារតែប្រព័ន្ធទំនាក់ទំនងសង្គមទាំងនេះដែរ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ នៅលើកនេះ គឺជាមហាបាតុកម្មធំ លើកទី២ មិនធ្លាប់មាន ចាប់តាំងពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងថ្នាក់ដឹកនាំប្រទេស កាលពីឆ្នាំ២០០៩រួចមក។ ដើមហេតុដំបូងដែលនាំឲ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់់ ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ គឺដោយសារតែរឿងអត់ការងារធ្វើ និងវិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុក ហើយតម្លៃទំនិញឡើងខ្ពស់កប់ពពក។ នៅទីបំផុត ការតវ៉ាប្រឆាំង បានរាលដល់ដាលរឿងនយោបាយ។ រហូតក្រុមបាតុករ បានស្រែកទាមទារឲ្យប្រមុខរដ្ឋចុះចេញពីតំណែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ