អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

កំហឹង​ក្រុម​អ៊ីស្លាម​ឈីអ៊ីត ​ក្រោយ​ការ​ប្រហារ​ជីវិត​មេ​ចលនា​ប្រឆាំង​នៅ​អារ៉ាប៊ីសាអូឌីត

មគ្គុទេសក៏​អ៊ីស្លាម​ឈីអ៊ីត ​និង​ជា​សកម្មជន​ប្រឆាំង​ដ៏​សំខាន់​ម្នាក់ ​នៅ​អារ៉ាប៊ីសាអូឌីត ​ ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត ​រួម​ជាមួយ​នឹង​មនុស្ស​៤៦​នាក់​ផ្សេង​ទៀត ​ពី​បទ​បង្ក​អំពើ​ភេរវកម្ម។ ការ​កាត់​ទោស​ ដោយ​តុលាការ​អារ៉ាប៊ីសាអ៊ូឌីត​នេះ ​ បាន​បញ្ឆេះ​កំហឹង​ពាសពេញ​ពិភព​អារ៉ាប់​ អ៊ីស្លាម​ឈីអ៊ីត ​ជា​ពិសេស​នៅ​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត​ធំ​ជាង​គេ។ ប្រតិកម្ម​ថ្កោល​ទោស ​មាន​ជា​បន្ត​បន្ទាប់​ ដោយ​បាន​បាន​ចោទ​ទៅ​អារ៉ាប៊ីសាអូឌីត ​ថា​បាន​យក​សាំង​មក​ចាក់​លើ​ភ្លើង​ ធ្វើ​ឲ្យ​ជម្លោះ​រវាង​ក្រុម​អ៊ីស្លាម​ឈីអ៊ីត​ និង​អ៊ីស្លាម​ស៊ុនីត ​កាន់តែ​រីកធំ​ឡើង​ថែម​ទៀត។

បាតុករ​គុបដុំថ្ម និងដបប្រេង​ បង្ក​អគ្គីភ័យ​នៅស្ថាន​ទូត​អារ៉ាប៊ីសាអូឌីត​ នៅ​ក្រុង​តេអេរ៉ង់ ថ្ងៃទី ២ មករា ២០១៦
បាតុករ​គុបដុំថ្ម និងដបប្រេង​ បង្ក​អគ្គីភ័យ​នៅស្ថាន​ទូត​អារ៉ាប៊ីសាអូឌីត​ នៅ​ក្រុង​តេអេរ៉ង់ ថ្ងៃទី ២ មករា ២០១៦ REUTERS/TIMA/Mehdi Ghasemi
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់ ​ជា​ប្រទេស​អ៊ីស្លាម​ឈីអ៊ីត​ធំ​ជាង​គេ ​ ដូច្នេះ​គេ​មិន​ចម្លែក​ចិត្ត​ទេ ​ នៅ​ពេល​ដែល​ឃើញ​កំហឹង​តវ៉ា​ បាន​ផ្ទុះឡើង​នៅ​អ៊ីរ៉ង់​ ​ក្រោយ​ពេល ​អារ៉ាប៊ីសាអូឌីត​ បាន​ប្រហារ​ជីវិត​មេ​ចលនា​អ៊ីស្លាម​ឈីអ៊ីត​ដ៏​សំខាន់​ម្នាក់​ គឺលោក​ នីមៀរ អាល់នីមៀរ។ ថ្នាក់​ដឹកនំា​អ៊ីរ៉ង់​គ្រប់រូប​ បាន​ចេញ​មក​ធ្វើ​ប្រតិកម្ម​ ថ្លែង​ថ្កោល​ទោស​អារ៉ាប៊ីសាអូឌីត ​ថា​បាន​ធ្វើ​ឲ្យ​កំហឹង​ប្រជាជន​អ៊ីស្លាម​ឈីអ៊ីត​ ឆេះ​ក្តៅ​កាន់តែ​ខ្លាំង ​ហើយ​ពិភព​អារ៉ាប់​ និង​គ្មាន​ថ្ងៃ​បាន​សុខ​សន្តិភាព​ជា​ដាច់​ខាត។

 
អាយ៉ា​តូឡា​អ៊ីរ៉ង់៖ ដៃ​ដ៏​សក្តិសិទ្ធ​របស់​ព្រះ ​នឹង​សងសឹក​អារ៉ាប៊ីសាអូឌីត
គ្រាន់តែ​បាន​ដំណឹង​ថា ​អារ៉ាប៊ីសាអូឌីត​ ប្រហារ​ជីវិត​មេ​ចលនា​អ៊ីស្លាម​ឈីអ៊ីត​ភ្លាម ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ បាន​ថ្លែង​ថា ​អារ៉ាប៊ីសាអូឌីត ​ជា​អ្នក​គាំទ្រ​អំពើ​ភេរវកម្ម ​ក៏​ប៉ុន្តែ​ព្រម​ពេល​ជា​មួយ​គ្នា​នេះ ​ធ្វើ​​ការ​គៀប​សង្កត់​ បំបិទ​សម្លេង​ប្រឆាំង​ក្នុង​ស្រុក។ អ្នកនំា​ពាក្យ​ដដែល​នេះ ​បាន​និយាយ​ថា ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ​នឹង​ត្រូវ​ទទួល​រង​ការ​សងសឹក​យ៉ាង​ចាស់ដៃ ​ដោយសារ​ទង្វើ​នេះ។ សម្តីនេះ​​ ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត ​ចាត់ទុក​ថា​ជា​ការ​ប្រមាថ​មើល​ងាយ ​និង​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គេ។ ភ្លាមៗ​ អារ៉ាប៊ីសាអូឌីត ​បាន​កោះហៅ​អគ្គរដ្ឋទូត​អ៊ីរ៉ង់​ ទៅ​ព្រមាន​ផងដែរ។

នៅ​ថ្ងៃ​អាទិត្យ​នេះ ​អ្វី​ដែល​គេ​ទន្ទឹង​រងចាំ​ជាង​គេ​ គឺ​ប្រតិកម្ម​របស់​ប្រមុខ​មគ្គុទេសក៏​អ៊ីស្លាម​អ៊ីរ៉ង់​ គឺ​លោក​អាយ៉ាតូឡា ​អាលី ខាមឺណី។ លោក​អាយ៉ាតូលា ​បាន​ថ្លែង​ថា ​ ដៃដ៏​សក្តិសិទ្ធ​របស់​ព្រះ​ជា​ម្ចាស់​ នឹង​ធ្វើការ​សងសឹក ​ទៅ​លើ​ឃាតករ​ដែល​បាន​សម្លាប់​ លោក​ នីមៀរ អាល់នីមៀរ។ ឃាតករ​នោះ ​គឺ​អារ៉ាប៊ីសាអូឌីត​ ដែល​បាន​ប្រើ​កំលាំង ​បំបិទ​សម្លេង​ប្រឆាំង ​សម្លាប់​អ្នក​ដែល​ព្យាយាម​ការពារ​ប្រជាជន​អ៊ីស្លាម​ឈីអ៊ីត ​ដោយ​អយុត្តិធម៌។

បាតុកម្ម​ដុត​ស្ថានទូត​អារ៉ាប៊ីសាអូឌីត ​នៅ​ក្រុង​តេអេរ៉ង់៖

ក្រុមពន្លត់​អគ្គីភ័យ​កំពុង​ពន្លត់​ភ្លើង​​ដែលកំពុង​ឆាបឆេះ ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ នៅ​ក្រុង​តេអេរ៉ង់
ក្រុមពន្លត់​អគ្គីភ័យ​កំពុង​ពន្លត់​ភ្លើង​​ដែលកំពុង​ឆាបឆេះ ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ នៅ​ក្រុង​តេអេរ៉ង់ REUTERS/TIMA/Mehdi Ghasemi

បាតុកម្ម​បានផ្ទុះ​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​ ដូច​ជា​នៅ​ទីក្រុង​តេអេរ៉ង់ ​តែម្តង។ ក្រុម​បាតុករ ​បាន​ជួប​ជុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​នៅ​ខាង​មុខ​ស្ថានទូត ​អារ៉ាប៊ីសាអូឌីត ​ហើយ​បាន​នាំគ្នា​យក​ដុំថ្ម ​និង​ដបប្រេង​ គប់​ទៅលើ​ស្ថានទូត​ បង្ក​ជា​អគ្គីភ័យ។ នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ​ប្រចាំ​ក្រុង​ ម៉ាឆាដ ​ក៏​មាន​បាតុកម្ម ​ គប់​បំផ្លាញ​អាគារ​អញ្ចឹង​ដែរ។ នគរបាល​អ៊ីរ៉ង់ ​ បាន​ធ្វើការ​ហាមឃាត់ ​ដើម្បី​កុំឲ្យ​ចលាចល​រីករាល​ដាល​កាន់​តែធំ។ មនុស្ស​ជាង​៤០​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ ​ ក្នុង​ហេតុការណ៍​ហិង្សា​ប្រឆាំង​នឹង​អារ៉ាប៊ីសាអូឌីតនេះ។

ចំណែក​នៅ​ទីក្រុង​បីរូត​ប្រទេស​លីបង់​វិញ ​ ក៏មាន​ការ​ជួបជុំ​គ្នា ​ជា​ទ្រង់ទ្រាយ​ធំ​ផងដែរ​ ដើម្បី​ថ្កោលទោស​អារ៉ាប៊ីសាអូឌីត។ ហើយ​សូម្បី​តែ​នៅ​អារ៉ាប៊ីសាអូឌីត ​ផ្ទាល់​ នៅ​ភាគ​ខាង​ត្បូង​ ដែល​មាន​សហគម​អ៊ីស្លាម​ឈីអ៊ីត​រស់នៅ ​ក៏​មាន​បាតុកម្ម​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ដែរ។ ជារួម​នៅ​តាម​ប្រទេស​អារ៉ាប់​ ដែល​មាន​ប្រជាជន​អ៊ីស្លាម​ឈីអ៊ីត ​គឺ​មាន​ការ​តវ៉ា​ហើយ ​ដូចជា​នៅ​អូម៉ង់​ បារ៉ែន​ យេមែន ​ និង​អ៊ីរ៉ាក់​ ជាដើម។

សហរដ្ឋអាមេរិក ​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត ​ក៏​ថ្លែង​បន្ទោស​ដែរ៖
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃទី​ ​២​មករា​ ដោយ​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក ​ទៅ​លើ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​អារ៉ាប៊ីសាអូឌីត។ អ្នក​នាំ​ពាក្យ​រូប​នេះ ​​បាន​បន្ថែម​ថា ​កន្លង​មក​រដ្ឋាភិបាល​អាមេរិក​ បាន​ក្រឿន​រំលឹក​អារ៉ាប៊ីសាអូឌីត ​ជា​ញយដង​មក​ហើយ ​ អំពី​ទង្វើ​គៀប​សង្កត់​ ទៅ​លើ​សម្លេង​ប្រឆាំង​រិះគន់ ​មក​ពី​ក្រុម​អ៊ីស្លាម​ឈីអ៊ីត។ ការ​ប្រហារ​ជីវិត​នា​ពេល​នេះ ​ ស​បង្ហាញ​ថា ​អារ៉ាប៊ីសាអូឌីត ​យក​លេស​អំពើ​ភេរវកម្ម​ ដើម្បី​បំបិទ​សម្លេង​ប្រឆាំង ​ក្នុង​ស្រុក។

លោកស្រី​ តំណាង​ការទូត​សហភាព​អឺរ៉ុប ​ក៏​បាន​ថ្កោលទោស​អារ៉ាប៊ីសាអូឌីត ​ក្នុង​ន័យ​ប្រហាក់​ប្រហែល ​និង​សហរដ្ឋ​អាមេរិក​ដែរ ​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ ​ភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​តុលាការ​ ព្រម​ទាំង​នយោបាយ​ផ្តាច់ការ ​រំលោភ​សិទ្ធិ​មនុស្ស​ បំបិទ​​មាត់​អ្នក​រិះគន់​ របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។ ចំណែក​លោក​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​វិញ ​បាន​បញ្ជាក់​ថា ​លោក ​រក​ពាក្យ​អ្វី​ថ្លែង​មិន​បាន​ទេ ​ព្រោះ​ការ​ប្រហារ​ជីវិត​មនុស្ស​​ វា​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ ​ តែ​ការ​ប្រហារ​ជីវិត​មគ្គុទេសក៏​អ៊ីស្លាម​ឈីអ៊ីត ​ដែល​មនុស្ស​ទូទៅ​គោរព​គាំទ្រ​ វា​នឹង​ធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ទាំង​មូល​រង្គោះរង្គើ​កាន់​តែខ្លាំង​ ដោយសារ​តែ​ជម្លោះ​រវាង​និកាយ​ទាំង​ពីរ​ របស់​សាសនា​អ៊ីស្លាម។

នីមៀរ ​​អាល់​នីមៀរ ​មេ​ចលនា​ប្រឆាំង ​ដែល​មិន​អំពាវនាវ​ឲ្យ​ប្រើ​អំពើ​ហិង្សា៖
សូម​បញ្ជាក់​ថា ​ការ​ប្រហារ​ជីវិត​មនុស្ស​ទាំង​៤៧​នាក់​នេះ ​គេ​ធ្វើ​ឡើង​ ដោយ​ចោទ​ពី​បទ​អំពើ​ភេរវកម្ម។ ក៏ប៉ុន្តែ ​លោក នីមៀរ អាល់នីមៀរ ​នេះ ​ជា​មេ​ចលនា​ប្រឆាំង ​ដែល​កន្លង​មក​ ចេញ​មុខ​រិះគន់​របប​ផ្តាច់ការ​អារ៉ាប៊ីសាអូឌីត ​ខ្លាំង​ជាង​គេ។ ​មគ្គុទេសក៏​អ៊ីស្លាម ​ឈីអ៊ីត ​អាយុ​៥៦​ឆ្នាំ​រូប​នេះ ​ កន្លង​មក​ត្រូវ​គេ​ស្គាល់​ថា​ ជា​មនុស្ស​ មាន​ឥទ្ធិពល​ណាស់ ​ក្នុង​បណ្តា​អ្នក​ប្រកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​ ព្រោះ​គាត់​ជា​មនុស្ស​សន្តិភាព​និយម ​​អំពាវនាវ​ឲ្យ​ប្រើ​អំពើ​ហិង្សា។ កន្លង​មក​គាត់​បាន​ត្រឹមតែ​ចេញ​មុខ​ ធ្វើ​បាតុកម្ម ​ដើម្បី​រិះគន់​ដោយ​ចំហ​ ទៅ​លើ​របប​ផ្តាច់ការ​អារ៉ាប៊ីសាអូឌីត ​ដែល​ដឹកនាំ​ដោយ​រាជវង្ស​និកាយ​ស៊ុនីត ​ឈ្មោះ​រាជវង្ស​សាអ៊ូដ។
 

ក្រុមអ្នកតវ៉ា នៅក្រុង​សាណា ប្រទេសយេមែន លើក​បដារូប​លោក នីមៀរ អាល់នីមៀរ មគុទេសន៍​អ៊ីស្លាម​ឈីអ៊ីត​ ដែល​​ត្រូវ​​អារ៉ាប៊ីសាអូឌីត​ កាត់​ទោស​​ប្រហារជីវិត។
ក្រុមអ្នកតវ៉ា នៅក្រុង​សាណា ប្រទេសយេមែន លើក​បដារូប​លោក នីមៀរ អាល់នីមៀរ មគុទេសន៍​អ៊ីស្លាម​ឈីអ៊ីត​ ដែល​​ត្រូវ​​អារ៉ាប៊ីសាអូឌីត​ កាត់​ទោស​​ប្រហារជីវិត។ REUTERS/Khaled Abdullah

អារ៉ាប៊ីសាអូឌីត ​ត្រៀម​ខ្លួន​ទទួល​ផល ​ពី​ទង្វើ​របស់​ខ្លួន៖
មាន​អ្នក​វិភាគ​ច្រើន​ណាស់ ​ដែល​គិត​ថា ​ អារ៉ាប៊ីសាអូឌីត ​បាន​គិត​ខុស ​ដោយ​បាន​សម្លាប់​​មេ​ក្រុម​ប្រឆាំង​និកាយ​ឈីអ៊ីត​នា​ពេល​នេះ។ ព្រោះថា​ផល​អវិជ្ជមាន ​នឹង​កើត​មាន​ទៅ​លើ​អារ៉ាប៊ីសាអូឌីត ​ដោយ​ផ្ទាល់​ ​រឺដោយ​ប្រយោល។ បំបាត់​សម្លេង​ប្រឆាំង​ ក្នុង​ស្រុក​ក៏​ពិតមែន​ តែ​កុំភ្លេច​ថា ​មគ្គុទេសក៏​អ៊ីស្លាម​ឈីអ៊ីត​ដែល​ត្រូវគេ​ប្រហារ​ជីវិត​នេះ ​មាន​គេ​គោរព​ស្រលាញ់ ​ពាសពេញ​ពិភព​អារ៉ាប់។

កន្លងមក​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​របប​ផ្តាច់ការ​និកាយ​ស៊ុនីត​ នៅ​អារ៉ាប៊ីសាអូឌីត ​គឺ​មាន​ចលនា​ពីរ​ ទីមួយ​គឺ​ក្រុម​ដែល​មិន​ប្រកាន់​យក​អំពើ​ហិង្សា ​ពោល​គឺ​គេ​តវ៉ា​រិះគន់​ដោយ​សន្តិវិធី។ ហើយ​ក្រុម​ទីពីរ​គឺ​ក្រុម​ដែល​គេ​គិត​ថា ​មាន​តែ​អំពើ​ហិង្សា ​វាយ​ប្រហារ​ធ្វើ​ភេរវកម្ម​ទេ ​ជា​មធ្យោបាយ​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​របប​​ផ្តាច់ការ។ ពេល​នេះ ​អារ៉ាប៊ីសាអូឌីត​សម្លាប់​មេ​ដឹកនាំ​ម្នាក់​ ដែល​កន្លង​មក​​អំពាវនាវ​កុំ​ឲ្យ​ប្រើ​អំពើ​​ហិង្សា។ មាន​ន័យ​ថា ​ចាប់ពី​ពេល​នេះទៅ​ មនុស្ស​នឹង​អស់​ជំនឿ ​ហើយ​គេ​គិត​ថា ​ប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​ គឺគ្មាន​បាន​ប្រយោជន៍​អ្វី​ទេ។ ត្រង់នេះ​ហើយ ​ដែល​អ៊ីរ៉ង់​ថា​នឹង​មាន​ការ​សងសឹក​ គឺ​មិន​ខុស​ទេ។ អំពើ​ភេរវកម្ម ​នឹងកើត​មាន​កាន់​តែ​ខ្លាំង​ នៅ​អារ៉ាប៊ីសាអូឌីត។

ចំណុច​មួយ​ចំនួន​ទៀត ​ ដែល​អារ៉ាប៊ីសាអូឌីត ​នឹង​ខាត​ប្រយោជន៍ ​ គឺ​សង្រ្គាម​នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់។​ ចង់មិន​ចង់​ សង្រ្គាម​នេះ ​ជា​សមរភូមិ​ប្រជែង​គ្នា ​រវាង​ក្រុម​ឈីអ៊ីត ​និង​ក្រុម​ស៊ុនីត​តែម្តង។ អ៊ីរ៉ង់ ​មេក្រុម​ឈីអ៊ីត​ ប្រជែង​ជាមួយ​អារ៉ាប៊ីសាអូឌីត ​មេ​ក្លោង​ស៊ុនីត ​ដើម្បី​បាន​ប្រើ​ឥទ្ធិពល​ទៅ​លើ​ស៊ីរី​ និង​អ៊ីរ៉ាក់។ អារ៉ាប៊ីសាអូឌីត ​ធ្វើ​ខ្លាំង​នា​ពេល​នេះ ​ គឺ​មិន​ខុស​ពី​រុញ​អាមេរិក​ រុស្ស៊ី ​ឲ្យ​ខិត​ទៅ​កាន់​តែ​ជិត​អ៊ីរ៉ង់​ទេ។ អារ៉ាប៊ីសាអូឌីត ​និងកាន់​តែ​ឯកោ ​នៅ​លើ​ឆាក​អន្តរជាតិ។ មួយ​ជំហាន​នេះ​របស់​អារ៉ាប៊ីសាអូឌីត​ ជា​ជំហាន​ដែល​ដើរ​ដោយ​ជ្រុល ​ព្រោះវា​បាន​បំផ្លាញ​តម្លៃ​នៃការ​អត់ឱន​ឲ្យ​គ្នា ​ការ​សណ្តោស​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​មហាគ្រួសារ​អ៊ីស្លាម​តែមួយ។ និកាយ​ឈីអ៊ីត​ និង​និកាយ​ស៊ុនីត​ ក្លាយ​ជា​សត្រូវ​នឹង​គ្នា​កាន់តែ​ខ្លាំង​ ហើយ​សង្រ្គាម​សកសឹក​ទៅវិញ​ទៅមក​ នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ