ជំនួបដ៏កម្ររវាង រដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់ និងនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន នៅរ៉ាម៉ាឡា
កាលពីថ្ងៃពុធ ទី៣១ ឧសភាលោករដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល បានធ្វើដំណើរទៅជួបនឹងលោក រដ្ឋមន្ត្រី ប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា ដែលជាដែនដីស្ថិតក្រោមការគ្រប់គ្រងផ្តាច់មុខ របស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់ស៊ីហ្សកដានី។ នេះគឺជាជំនួបដ៏កម្របំផុត រវាងថ្នាក់ដឹកនាំទាំងពីរ ដែលតាមការឲ្យដឹង គឺដើម្បីជួបប្រជុំគ្នា ស្តីពីចំណុចមួយចំនួន ដែលអ៊ីស្រាអែល បានយល់ព្រមកែសម្រួល ក្នុងទិសដៅជួយសេដ្ឋកិច្ចប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
ជំនួប រវាងលោក Moshé Kahlon រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាសមាជិកមួយរូប នៃការិយាល័យសន្តិសុខអ៊ីស្រអែល ជាមួយនឹងលោកនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Rami Hamdallah បានផ្តោតទៅលើចំណុចធំៗ មួយចំនួន ដែលអ៊ីស្រាអែល បានសន្យា នៅក្នុងឱកាស ដែលលោកដូណាល់ត្រាំ បានមកបំពេញទស្សនកិច្ច កាលពីថ្ងៃទី ២២ និង ២៣ ឧសភា កន្លងទៅ។ តាំងតែពីឆ្នាំ២០០០មក មិនដែលមានសមាជិកការិយាល័យសន្តិសុខអ៊ីស្រាអែលណា បានឈានជើង មកជាន់តំបន់ដែលស្ថិតក្រោមការកាន់កាប់ទាំងស្រុង របស់អាជ្ញាធរប៉ាឡេស្ទីនឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរ បាននិយាយគ្នា អំពីចំណុចធំៗសំខាន់ៗ ដែលអាជ្ញាធរប៉ាឡេស្ទីនបានស្នើសុំ ទាក់ទងនឹងតំបន់ Zone C ក្នុងដែនដីស៊ីហ្សកដានី ដែលផ្ទៃដីតំបន់នេះ ប្រមាណជា៦០% ស្ថិតក្រោមការក្តោបក្តាប់ផ្តាច់មុខ របស់ទាហ៊ានអ៊ីស្រាអែល។ ចំណុចសំខាន់ទាំងនោះ មានដូចជា ការផ្តល់អាជ្ញាបណ្ណសាងសង់ ព្រមទាំងការចេញបណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់នោះ។
ក្រៅពីចំណុចនេះ អាជ្ញាធរទាំងពីរបានព្រមព្រៀងគ្នា បង្កើតតំបន់ឧស្សាហកម្មពិសេស នៅតំបន់Hébron ភាគខាងត្បូងស៊ីហ្សកដានី។ ចំណែកច្រកចេញចូល Allenby រវាងតំបន់ស៊ីហ្សកដានីនិង ប្រទេសហ្សកដានី ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់អ៊ីស្រាអែលនោះ នឹងត្រូវបើកឲ្យដំណើរការពេញ២៤ម៉ោង លើកលែងតែថ្ងៃសៅរ៍អាទិត្យ។
គួររំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរអ៊ីស្រាអែល បានវាយបំផ្លាញរំលំអាគារលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន ដ៏ច្រើនលើសឆ្នាំមុនៗ ដោយសំអាងថា ជាសំណង់អាណាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ ដោយឡែក អង្គការសហប្រជាជាតិ ធ្លាប់បានចេញរបាយការណ៍ ចោទប្រកាន់អាជ្ញាធរអ៊ីស្រាអែល ថាបានធ្វើគ្រប់យ៉ាង ដើម្បីបដិសេធ មិនចេញច្បាប់សាងសង់ឲ្យប្រជាជនប៉ាឡេស្ទីន។
គួរបញ្ជាក់ដែរថា របាយការណ៍ធនាគារពិភពលោកឆ្នាំ២០១៣ បានបង្ហាញថា សេដ្ឋកិច្ចប៉ាឡេស្ទីន អាចនឹងរីកចំរើនបានប្រសើរ បើសិនជាអ៊ីស្រាអែល ធ្វើការបន្ធូរបន្ថយខ្លះ នៅក្នុងតំបន់ Zone C នៃតំបន់ស៊ីហ្សកដានី។ សេដ្ឋកិច្ចប៉ាឡេស្ទីន ត្រូវខាតបង់មួយឆ្នាំៗ ជិត៣០០លានដុល្លារ ដោយសារឧបសគ្គ បង្ករឡើងដោយអាជ្ញាធរអ៊ីស្រាអែល។ ជាងនេះទៅទៀត ការកំណត់ពន្ធបន្ថែម ពីសំណាក់អាជ្ញាធរអ៊ីស្រាអែល ទៅលើទំនិញ នាំចូលសម្រាប់ប៉ាឡេស្ទីន ក៏បានបន្ថែមការលំបាក មួយកំរិតទៀត ដល់សេដ្ឋកិច្ចប៉ាឡេស្ទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ