អានតួអត្ថបទ
លីបង់-ភេរវកម្ម

លីបង់​ទាំង​មូល​កាន់ទុក្ខ​ ក្រោយ​ភេរវកម្ម​ដ៏​សាហាវ​នៅ​ក្រុង​បៃរូត

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ពីរ​ផ្ទួនៗ​គ្នា ​បាន​កើត​ឡើង​នៅ​ភាគ​និរតី​ ជាយ​ក្រុង​បៃរូត​ រដ្ឋធានី​ប្រទេស​លីបង់ ​កាល​ពី​ល្ងាច​ម៉ោង​៦ ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២​ វិច្ឆិកា ​ម្សិលមិញ។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៤៣​ នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង ​ហើយ​ជាង​២០០​នាក់​ទៀត​ រង​របួស​ធ្ងន់។ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ចេញ​មុខ​ មក​អះ​អាង​ថា​ នេះ​ជា​ស្នាដៃ​របស់​ពួក​គេ ​ដែល​ប៉ង​ប្រាថ្នា​ សងសិក ​ទៅ​លើ​ក្រុម​ហេសបូឡា ​លីបង់ ​ដែល​កំពុង​តែ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ជួយ​ខាង​ក្រុម​កងទ័ព​រដ្ឋាភិបាល ​បាស្ឆា អាល់​អាសាដ។ លីបង់​ កំពុង​កាន់ទុក្ខ​ទូទាំង​ប្រទេស ​ហើយ​ថ្កោល​ទោស​អំពើ​ដ៏​យង់​ឃ្នង​ ដែល​គេ​សង្ស័យ​ថា​ ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ភេរវកម្មបំផ្ទុះគ្រាប់បែក ពីរផ្ទួនៗគ្នា នៅ​ក្រុងបៃរូត ថ្ងៃទី ១២ វិច្ឆិកា ២០១៥ សម្លាប់​មនុស្ស ៤៣នាក់
ភេរវកម្មបំផ្ទុះគ្រាប់បែក ពីរផ្ទួនៗគ្នា នៅ​ក្រុងបៃរូត ថ្ងៃទី ១២ វិច្ឆិកា ២០១៥ សម្លាប់​មនុស្ស ៤៣នាក់ REUTERS/Hasan Shaaban
ផ្សាយពាណិជ្ជកម្ម

ដូច​ជា​រៀងរាល់​ថ្ងៃ ​ ម៉ោង​៦ល្ងាច ​ជា​ពេល​ដែល​មាន​មនុស្សម្នា ​អ៊ូអរ​ កកកុញ​ នៅ​ក្នុង​ក្រុង​បៃរូត។ បុរស​ម្នាក់ ​បាន​ជិះ​ម៉ូតូ ​សំដៅ​ចូល​មក​ក្នុង​ផ្សារ ​ នៅ​ខាង​មុខ​ហាង​លក់​នំប៉័ង​មួយ ​ក្នុង​ចំណោម​កណ្តាល​ហ្វូង​មនុស្ស​ ហើយ​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក ​ដែល​ចង​ជាប់​នឹង​ចង្កេះ​ខ្លួន។ គ្រាប់បែក​បាន​បំផ្លាញ ​ស្ទើរ​តែ​ខ្ទេចខ្ទីរ​ទាំង​ស្រុង ​រថយន្ត ​អាគារ ​ជីវិត​មនុស្ស ​នៅ​ក្នុង​បរិវេន​២០​ម៉ែត្រ ​ជុំវិញ​កន្លែង​ផ្ទុះ។

 
ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ផ្អើល​ឈូរឆ​ រត់​ជាន់​ជើង​គ្នា ​៥នាទី​ក្រោយ​មក គ្រាប់បែក​មួយ​ទៀត​ បាន​ផ្ទុះឡើង​ នៅ​ចំងាយ​ប្រមាណ​ជា ​៤០​ម៉ែត្រ ​ពី​កន្លែង​កើត​ហេតុ​ទីមួយ។ សាកសព​ មនុស្ស បែក​ដាច់​ខ្ទាត គួរ​ឲ្យតក់ស្លុតជាទីបំផុត។ ហើយ​បើ​យោង​តាម​ ប្រសាសន៍ ​លោក​រដ្ឋមន្ត្រី​មហា​ផ្ទៃ​លីបង់ ​បាន​បញ្ជាក់​ថា ​ មាន​ភេរវករ​ទីបី​ម្នាក់​ទៀត ​ ដែល​រំខ្លួន​ ជាមួយ​នឹង​គ្រាប់បែក​៥​គីឡូក្រាម ​ តែ​មិន​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ទេ ​ ដោយសារ​តែ​ជន​នោះ​បាន​ស្លាប់ ​ ក្នុង​ករណី​បំផ្ទុះ​ទីមួយ​ រឺ​ក៏​ទីពីរ។

បើ​ទោះ​បី​ជា​មិនទាន់​មាន​ការ​សន្និដ្ឋាន​ជា​ផ្លូវការ ​ ពី​អាជ្ញាធរ​លីបង់ ​ក៏ដោយ ​គេ​កំពុង​តែ​ដាក់​ការ​សន្និដ្ឋាន​ថា ​ភេរវកម្ម​នេះ ​ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ បើ​ពិនិត្យ​ទៅ​លើ​របៀប​នៃ​ប្រតិបតិ្តការ​នេះ ​គឺ​វា​ស្រដៀង​នឹង​ទម្លាប់​ធ្វើ​ភេរវកម្ម​របស់​ក្រុម​នេះ​ណាស់។ ហើយ​មួយ​វិញ​ទៀត ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​បាន​ចេញ​មុខ ​ មក​ប្រកាស​ដែរ​ថា ​ ភេរវកម្ម​សម្លាប់​ជីវិត​ជន​ស្លូត​ត្រង់​លីបង់ ​គឺ​ជា​ស្នាដៃ​របស់​ពួក​គេ។

ជាការពិត ​ បើ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ​មាន​ហេតុផល​ច្រើន​ណាស់ ​ដែល​អាច​បញ្ជាក់​ថា​ វា​ជា​ភេរវកម្ម​បង្ក​ឡើង​ដោយ ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​មាន​មូលដ្ឋាន​នៅ​ស៊ីរី។ មូលហេតុ​ទីមួយ ​ គឺ​ដើម្បី​បង្ក​ការ​ភ័យខ្លាច​ និង​បរិយាកាស ​ឲ្យកាន់​តែ​តាន​តឹង ​ នៅ​មុន​ពេល​មាន​ការ​ចរចា​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី ​ដែល​នឹង​ប្រព្រឹតិ្ត​ទៅ​ នៅ​ទីក្រុង​វីយែន ​ នៅ​ថ្ងៃ​ស្អែក​នេះ។ មូលហេតុ​ទីពីរ​ គឺ​វា​ជា​ការ​​សងសិក​ដោយ​ផ្ទាល់ ​ទៅ​លើ​ក្រុម​ហេសបូឡា​លីបង់។ ក្រុម​ហេសបូឡា​លីបង់ ​ជា​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ឈីអ៊ីត ​មួយ​យ៉ាង​សំខាន់ ​ មាន​គ្នា​រាប់​ពាន់​នាក់​ ដែល​កំពុងតែ​ធ្វើការ​ប្រយុទ្ធ​នៅ​ស៊ីរី​ ដែល​ក្រុម​នេះ ​មាន​និន្នាការ​គាំទ្រ​ ខាង​រដ្ឋាភិបាល​របស់​បាស្ឆា អាល់អាសាដ។

សូម​បញ្ជាក់​ថា ​លីបង់ ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ស៊ីរី ​ ហើយ​ដែល​សង្រ្គាម​នៅ​ស៊ីរី​ កំពុងតែ​ចាប់​ផ្តើម​ឆេះ​រាលដាល​មក​ដល់​លីបង់​ផងដែរ។ ចាប់​តាំង​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​មក​ម្លេះ​ ដែល​លីបង់ ​មិន​អាច​សម្រុះ​សម្រួល​គ្នា ​តែង​តាំង​ប្រមុខ​រដ្ឋាភិបាល​បាន។ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​លីបង់ ​គឺ​ជា​ផល​វិបាក​ដោយ​ផ្ទាល់​​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រជែង​គ្នា ​រវាង​ក្រុម​អ៊ីស្លាម​ទាំងពីរ​និកាយ ​ម្ខាង​ជា​ក្រុម​ស៊ុនីត ​ ហើយ​ម្ខាង​ទៀត​ជា​ក្រុម​ឈីអ៊ីត ​ហេសបូឡា​នេះ​ឯង ​ ដែល​មាន​អ៊ីរ៉ង់ ​និង​រដ្ឋាភិបាល​ស៊ីរី ​របស់​បាស្ឆា អាល់អាសាដ ​ជា​អ្នក​នៅ​ពីក្រោយ។

តាម​ការ​វិភាគ ​ ភេរវកម្ម​ដ៏​សាហាវ​នេះ ​អាច​នឹង​ជម្រុញ​ឲ្យ​ភាគី​នយោបាយ​លីបង់​ទាំង​សង​ខាង ​ ខិតចូល​មក​ជិត​គ្នា ​ចាប់​ដៃ​គ្នា ​ក្នុង​កាលៈទេសៈ​អាសន្ន​បែប​​នេះ ​ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​តែ​មួយ។ ការ​ចរចា​ស្វែងរក​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ដឹកនាំ​ប្រទេស ​ អាច​នឹង​បោះ​ជំហាន​ទៅ​មុខ​ លឿន​ជាង​មុន។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ព្រឹត្តិការណ៍​ភេរវកម្ម​នេះ ​អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់ ​ ទៅ​ដល់​សហគម​ជន​ភៀស​ខ្លួន​ស៊ីរី ​ ដែល​កំពុងតែ​ស្នាក់​នៅ ​នៅ​លើ​ដី​លីបង់។ សតិ​អារម្មណ៍ ​ស្អប់​គំគួន ​ទៅលើ​ប្រជាជន​ស៊ីរី ​ពី​សំណាក់​ប្រជាជន​លីបង់ ​អាច​នឹង​កើន​ឡើង ​ដោយសារ​តែ​ពួក​គេ​យល់ថា​ គ្រប់​យ៉ាង​គឺ​បណ្តាល​មក​ពី​សង្រ្គាម​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ