អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ព្រមព្រៀង​គ្នា​បើក​កិច្ច​ចរចា​សន្តិភាព​ឡើងវិញ​

ទីបំផុត​ទៅ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្ត្រី​ការបរទេរស​អាមរិក​ លោក​ ចន ឃែរី​ បាន​ទទួល​​លទ្ធផល​ហើយ។ ​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការចរចា​សន្តិភាព​ឡើងវិញ​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​ ត្រូវ​បាន​រកឃើញ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​យ៉ាង​យូរ​ក្រោម​ការសម្រប​សម្រួល​របស់​​លោក​ ចន ឃែរី។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ប្រទេស​ហ្សកដានី
លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ប្រទេស​ហ្សកដានី REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​អាមេរិ​ក លោក​ ចន ឃែរី​ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ​​​​​​​​​​​​​​ថា​ លោក​មាន​សេចក្តី​រីករាយ​​ដែល​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាគោលការណ៍​មួយ​ស្តីពី​ការចរចា​សន្តិភាព​រវាង​​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។ ​ប៉ុន្តែ ​ប្រមុខ​កាទូត​អាមេរិក​បាន​បដិសេធ​​​មិន​ប្រាប់​ឲ្យ​ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នោះនៅឡើយ​​ទេ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ភាគី​ពាក់ពន្ធ័​កំពុង​បន្ត​ពិភាក្សា​​ដើម្បី​ឈាន​ទៅ​បញ្ចប់​​កិច្ចព្រមព្រៀង​នេះ។

បើ​តាម​លោក​ ចន ឃែរី​ ជំនួប​ចរចា​គ្នា​ជាថ្មី​រវាង​ភាគី​ទាំងពីរ​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​សប្តាហ៍ក្រោយ​​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​កោត​សរសើរ​ចំពោះ​ភាព​​ជា​អ្នកដឹកនាំ​ដ៏ក្លាហាន​របស់​ប្រធានាធិបតី​ ប៉ាឡេស្ទីន​ លោក​ Mahmoud Abbas ​និង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Netanyahu ​ដែល​បាន​សម្រេច​យក​ជម្រើស​ដ៏លំបាក​ និង​បាន​​ដើរ​តួនាទី​គន្លឹះ​សម្រាប់​កិច្ចចរចា​នេះ។​ កិច្ច​ព្រមព្រៀង​នេះ​បាន​សម្រេច​ឡើង​បន្ទាប់ពី​កិច្ច​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង​រយៈ​ពេល​៤​ថ្ងៃ​ក្រោម​ការសម្រប​សម្រួល​របស់​​លោក​ ចន ឃែរី ។​

ប៉ុន្តែ ​ក្រុម​ Hamas ​ដែល​កំពុង​តែ​គ្រប់គ្រង​អំណាច​​​នៅ​តំបន់​ Gaza ​បាន​ទាត់ចោល​កិច្ចចរចា​សន្តិភាព​នេះ។ ​ក្រុម​នេះ​បាន​បញ្ជាក់​ថា​ លោក​ ប្រធានាធិបតី​ Mahmoud Abbas ​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​ចរចា​បញ្ហា​សំខាន់ៗ​ក្នុង​នាម​ប្រជាជន​ប៉ាឡេស្ទីន​​ឡើយ។ ​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន គីមូន​ បាន​ស្នើ​ឲ្យ​អ៊ីស្រាអែល​ និង​ ប៉ាឡេស្ទីន​​បង្ហាញ​ភាព​ក្លាហាន ​និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​កិច្ច​ចរចា​ស្វែង​រក​សន្តិភាព​នេះ។ ​ចំណែក​ឯ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ លោកស្រី ​Catherine​ Ashton ​វិញ​បាន​ស្វាគមន៍​​យ៉ាង​​កក់ក្តៅ​ចំពោះដំណឹង​នេះ។ ​លោកស្រី​ក៏បាន​កោត​សរសើរ​ដល់​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ​ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ចន ឃែរី​ ផងដែរ។​

សូម​បញ្ជាក់​ថា​ ​នៅ​ក្នុង​ផែនការ​​សន្តិភាព​​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​​ ប្រទេស​​អារ៉ាប់​​ទាំង​អស់​​សន្យា​ថា​ នឹង​​​​ទទួល​ស្គាល់​​រដ្ឋ​​អ៊ីស្រាអែល​​យ៉ា​​​​​​​​​​​​ង​ពេញ​លេញ​ តាម​រយៈ​ការ​ចុះ​​កិច្ចព្រម​ព្រៀង​​សន្តិភាព​ដើម្បី​​បញ្ចប់​​សង្រ្គាម​​ជា​ស្ថាពរ​​ជាមួយ​​អ៊ីស្រាអែល​ និង​​បង្កើត​​ទំនាក់ទំនង​​ការទូត​​ជាធម្មតា​​ជាមួយ​​អ៊ីស្រាអែល​​ឡើង​វិញ។

ប៉ុន្តែ ​ពួកគេ​ ទាមទារ​ឲ្យ​អ៊ីស្រាអែល​​ត្រូវ​តែ​​ដក​​ថយ​​ចេញ​​ពី​ដែន​ដី​ដែល​ខ្លួន​បាន​​ដណ្តើម​​កាន់កាប់​​កាល​ពី​​ឆ្នាំ​​១៩៦៧។ ​អ៊ីស្រាអែល​​ត្រូវ​តែ​​អនុញ្ញាត​​ឲ្យ​​ជន​ជាតិ​​ប៉ាឡេស្ទីន​ ដែល​​ភៀស​ខ្លួន​​ដោយ​​សារ​​សង្រ្គាម​ អាច​​វិល​ត្រឡប់​​ទៅ​​ស្រុក​​កំណើត​​របស់​​ខ្លួន​​វិញ​ ​និង​ត្រូវ​តែ​​ទទួល​​ស្គាល់​​យ៉ាង​​ពេញលេញ​នូវ​​រដ្ឋ​​ប៉ាឡេស្ទីន​ឯករាជ្យ​​មួយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ