អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​ទ័ព​ថ្មើរជើង​វាយលុក​ទៅលើ​ទីតាំង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម

កងទ័ព​ជាតិ​អ៊ីរ៉ាក់​ប្រមាណ ៣ម៉ឺននាក់ ដោយ​មាន​ជំនួយ​ពី​កងទ័ព​អាកាស​អន្តរជាតិ បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ជើងគោក​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​វាយលុក​ទៅលើ​​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ គោលដៅ គឺ​វាយដណ្តើម​ទីក្រុង​ Tikrit ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៦០គីឡូម៉ែត្រ ខាងជើង​រដ្ឋធានី​បាកដាត។

កងទ័ព​អ៊ីរ៉ាក់​នៅ​ក្នុង​ប្រតិបត្តិការ​វាយដណ្តើម​ទីក្រុង Tikrit ពី​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម
កងទ័ព​អ៊ីរ៉ាក់​នៅ​ក្នុង​ប្រតិបត្តិការ​វាយដណ្តើម​ទីក្រុង Tikrit ពី​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ កងទ័ព​ថ្មើរជើង​អ៊ីរ៉ាក់​បាន​បើក​ការ​វាយលុក​ទៅលើ​​ទីតាំង​ជាច្រើន​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ប៉ែក​ខាងជើង​ប្រទេស។ ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​កងទ័ព​អាកាស​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក ប្រតិបត្តិការ​ថ្មើរជើង​របស់​កងទ័ព​អ៊ីរ៉ាក់​បាន​ទទួល​ជោគជ័យនៅ​តាម​កន្លែង​មួយ​ចំនួន​ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ​ជាច្រើន​លើក នៅ​ទីក្រុង Tikrit ដែល​ជា​ទីតាំង​ដ៏ធំមួយ​របស់​ក្រុម​ជីហាត។

នៅថ្ងៃ​ចន្ទ ម្សិលមិញ​នេះ អ៊ីរ៉ាក់​ក៏​បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​​ទ័ព​ថ្មើរជើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដើម្បី​ព្យាយាម​ធ្វើ​យ៉ាងណា​វាយ​ដណ្តើម​យក​ទីក្រុង Tikrit ពីដៃ​ក្រុម​ជីហាត​ឲ្យបាន។ មន្រ្តី​យោធា​អ៊ីរ៉ាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប្រតិបត្តិការ​ថ្មើរជើង ទៅលើ​ទីក្រុង Tikrit ដែល​ចាប់ផ្តើម​កាល​ពីថ្ងៃ​ចន្ទ​នេះ គឺ​ជា​ប្រតិបត្តិការ​ទ័ព​ដ៏ធំ​បំផុត​របស់​អ៊ីរ៉ាក់ ទៅលើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។ មន្រ្តី​យោធា​អ៊ីរ៉ាក់​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា កងកម្លាំង​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយលុក​លើ​ទីក្រុង Tikrit នៅ​ពេលនេះ គឺមាន​ទាំង​កម្លាំង​ទាហាន ប៉ូលិស និង​អង្គភាព​ប្រឆាំង​ភេរវកម្ម បូក​រួម​ទាំង​កងកម្លាំង​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​ស្ហ៊ីអ៊ីត និង​ស៊ុននីត។

បើ​យោងតាម​ការ​ផ្សាយ​របស់​កាសែត​ក្នុងស្រុក​អ៊ីរ៉ាក់ និង​កាសែត​អ៊ីរ៉ង់ មេបញ្ជាការ​កងកុម្ម៉ង់ដូ​របស់​អ៊ីរ៉ង់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ជួយ​ផ្តល់​ប្រឹក្សា និង​សម្របសម្រួល​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ទីក្រុង Tikrit នេះ។

គួររំឭកឡើងវិញ​ថា ទីក្រុង Tikrit ដែល​ជា​​ស្រុក​កំណើត​របស់ សាដាម ហ៊ូសេន ហើយ​ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ ១៦០គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​បាកដាត ត្រូវ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​វាយ​ដណ្តើម​កាន់កាប់ ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ រួម​ជាមួយ​នឹង​ដែនដី​ជាច្រើន​ទៀត នៅ​ប៉ែក​ខាងជើង​អ៊ីរ៉ាក់។

មន្រ្តី​កងទ័ព​អ៊ីរ៉ាក់​បាន​អះអាង​ថា ការ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង Tikrit ពី​ដៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាមវិញ គឺ​មាន​សារៈសំខាន់​ទាំងខាង​ផ្នែក​នយោបាយ និង​យុទ្ធសាស្រ្ត​ទ័ព ពីព្រោះ​ថា ការ​វាយយក​ទីក្រុង Tikrit នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ ក្នុងការ​ឈាន​ទៅ​វាយ​ដណ្តើម​យក​ទីក្រុង Mosul ដែល​ជា​ទីតាំង​ធំបំផុត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ