អានតួអត្ថបទ
រុស្ស៊ី-អ៊ីរ៉ាក់

រុស្ស៊ី សន្យា​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ីរ៉ាក់​ដើម្បី​​កម្ទេច​ក្រុម​ជីហាត

លោក​ប្រធានាធិបតី​អ៊ីរ៉ាក់ ​ដែល​កំពុងតែ​បំពេញ​ទស្សនកិច្ច ​នៅ​ទីក្រុង​មូស្គូ ​រដ្ឋធានី​ប្រទេស​រុស្ស៊ី ​ទើប​បាន​ទទួល​ដំណឹង​ល្អ​មួយ ​ដោយ​លោក​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ីរ៉ាក់ ​ក្នុង​ការ​បង្រ្កាប​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ​ដែល​កំពុងតែ​វាយ​ដណ្តើម​ ដែនដី​មួយ​ភាគធំ​ នៅ​អ៊ីរ៉ាក់ ​និង​នៅ​ស៊ីរី។ ជំនួយ​នេះ​ ប្រៀប​បី​ដូច​ជា​ការ​ចំអក​មួយ​ ដែល​រុស្ស៊ី​ធ្វើ​ដាក់ អាមេរិក ​ព្រោះ​ថា​ អាមេរិក​ ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​ តាម​ផ្លូវ​អាកាស​ លើ​ក្រុម​ជីហាត ​ហាក់​កំពុងតែជួបបរាជ័យ។

ប្រធានាធិបតី​រុស្សីូ លោក ពូទីន ពេលទទួល​ជួយ​លោក ​អាល់ អាបាឌី ​ប្រធានាធិបតី អ៊ីរ៉ាក់ នៅ​វិមាន ក្រឹមឡាំង រដ្ឋធានី​មូស្គូ កាល​ពីថ្ងៃ​ទី ២១ ឧសភា ២០១៥
ប្រធានាធិបតី​រុស្សីូ លោក ពូទីន ពេលទទួល​ជួយ​លោក ​អាល់ អាបាឌី ​ប្រធានាធិបតី អ៊ីរ៉ាក់ នៅ​វិមាន ក្រឹមឡាំង រដ្ឋធានី​មូស្គូ កាល​ពីថ្ងៃ​ទី ២១ ឧសភា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ចំពោះ​ មុខ​អ្នក​កាសែត​ បន្ទាប់​ពី​បាន ​ទទួល​ជួប​លោក ​ប្រធានាធិបតី​អ៊ីរ៉ាក់ ​ហៃដា អាល់ អាបាឌី ​លោក​ពូទីន​ បាន​បញ្ជាក់​ថា ​រុស្ស៊ី ​ទើប​បាន​សន្យា​ថា​នឹង​ជួយ​អ៊ីរ៉ាក់​ តាម​ផ្លូវ​យោធា​ដើម្បី​កម្ទេច​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម។ ដោយ​មិន​បាន​បញ្ជាក់​លំអិត​ ថាតើ​ជំនួយ​នោះ  ​នឹង​ធ្វើ​ឡើង​ទៅ​តាម​របៀប​ណា​នោះ​ លោក​ប្រធានាធិបតី​រុស្ស៊ី ​គ្រាន់តែ​បាន​ប្រាប់​ថា រុស្ស៊ី​នឹង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា។

 
គួរ​បញ្ជាក់​ដែរ ​ថា ​ការ​សន្យា​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ីរ៉ាក់​ នា​ពេល​នេះ ​គាប់​ជួន​ក្នុង​ពេល​ដែល​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ ដោយ​សហរដ្ឋ​អាមេរិក ​កំពុង​ជួប​បរាជ័យ ​ហើយ​មិន​បាន​ធ្វើឲ្យ​ក្រុម​ជីហាត​ ថមថយ​នោះ​ទេ។ ជាក់ស្តែង​ ក្រុម​ជីហាត​ទើប​បាន​វាយ​ប្រហារ​បន្ថែម​ នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់ ​និង​ជា​ពិសេស ​ក្រុម​នេះ​ ​ទើប​បាន​វាយ​ដណ្តើម​បាន​ក្រុង​ប៉ាល់មៀរ ​ដែល​ជា​ទីក្រុង​បិតិកភណ្ឌ​ពិភពលោក ​ស្ថិត​ក្នុង​ទឹកដី​ស៊ីរី ​ផងទៀត។ រុស្ស៊ី​ព្រម​ជួយ​អ៊ីរ៉ាក់​នា​ពេល​នេះ ​គឺ​ប្រៀប​ដូច​ចំអក​ឲ្យ​អាមេរិក​ ដូច្នេះ​ដែរ ​ថា​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវ​អាកាស​ មិន​បាន​ប្រសិទ្ធិភាព។

យ៉ាង​ណាមិញ ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត ​លោកពូទីន ​បាន​ទាំង​លើកឡើង​ ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ រវាង​រុស្ស៊ី ​និង​អ៊ីរ៉ាក់ ​ក្នុង​វិស័យ​រ៉ែប្រេង ​និង​ឧស្ម័ន​ធម្មជាតិ ​ដែល​គិត​ជា​ទឹកប្រាក់ ​រាប់ពាន់​លាន​ដុល្លារ។ លោក​ពូទីន ​បាន​ថែម​ទាំង​ទិទាន​ដោយ​ប្រយោល​ ទៅ​លើ ​អន្តរាគមន៍​យោធា​របស់​អាមេរិក ​ក្នុង​ការ​ទម្លាក់​ប្រធានាធិតបី​សាដាម ហ៊ូសេន ​កាល​ពី​ឆ្នាំ​២០០៣។ លោក​ពូទីន​ថា ​ដោយសារ​តែ​បែប​នេះ​ហើយ ​ទើប​អ៊ីរ៉ាក់​ ធ្លាក់​ក្នុង​ភាព​វឹកវរ ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

មួយ​វិញ​ទៀត​ ការ​សន្យា​ធ្វើ​អន្តរាគមន៍​របស់​រុស្ស៊ី ​ក៏​ធ្វើ​ឡើង​ដោយសារ​រុស្ស៊ី ​ចង់​យក​មុខ​យក​មាត់​ជាមួយ​អ៊ីរ៉ង់ ​ដែល​បច្ចុប្បន្ន​នេះ ​អ៊ីរ៉ង់​មាន​ទឹក​មាត់​ប្រៃ ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ាក់ ​ដែល​ជា​ក្រុម​អ៊ីស្លាម ឈីអ៊ីត​ដូចគ្នា។ ប្រធានាធិបតី​ពូទីន ​បាន​លើក​ឡើង​ផងដែរ​ថា ​អ៊ីរ៉ង់​ គឺ​ជា​ដៃគូ​ចំណាស់ ​​ដែល​មិន​អាច​បោះបង់​បាន ​ក្នុង​ការ​ថែរ​រក្សា​ស្ថិរភាព ​នៅ​តំបន់​ដើមបូព៌ា​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ