អានតួអត្ថបទ
សង្រ្គាមស៊ីរី

ប្រតិបត្តិការ​ផ្លូវ​អាកាស​លើ​ស៊ីរី​របស់​កងទ័ព​រុស្ស៊ី កំពុង​តែធ្វើ​ឲ្យ​អាមេរិក​ព្រួយ​បារម្ភ

នៅ​មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​រុស្ស៊ី ​នៅ​ស៊ីរី ​ ភាព​មន្ទិល​សង្ស័យ ​បាន​កើត​មាន​ឡើង​ កាន់​តែ​ខ្លាំង​ឡើងៗ ​ទាក់ទិន​ទៅ​នឹង​ចេតនា​ពិត​ប្រាដក ​របស់​រុស្ស៊ី ​ពោល​គឺ​ថា​ការ​ដែល​រុស្ស៊ី​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី ​គឺ​ដើម្បី​កម្ទេច​ក្រុម​ជីហាដ​អ៊ីស្លាម​​ រឺ​មួយ​ក៏​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ ឲ្យ​តទល់​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​ប្រឆាំង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​និង​រុស្ស៊ី ​បាន​ប្រកាស​រួមគ្នា ​ថា​ថ្នាក់​ដឹកនាំ​កងទ័ព​ទាំង​ពីរ​ប្រទេស ​នឹង​ជួប​គ្នា​បន្ទាន់ ​ដើម្បី​និយាយ​គ្នា​ឲ្យ​ច្បាស់​លាស់ ​ដើម្បី​ចៀស​វាង ​ការ​ប៉ះ​ទង្គិច​ណា​មួយ ​រវាង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ របស់​​មហាអំណាច​ទាំង​ពីរ។

លោក  Serguei Lavrov  និងលោក​ John Kerry ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ពី​ការជួប​ពីភាក្សា​គ្នា​ជា​បន្ទាន់​រវាង​កងទ័ព​ទាំង​ពីរ នៅថ្ងៃ​ទី ១ តុលា​ ២០១៥
លោក Serguei Lavrov និងលោក​ John Kerry ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ពី​ការជួប​ពីភាក្សា​គ្នា​ជា​បន្ទាន់​រវាង​កងទ័ព​ទាំង​ពីរ នៅថ្ងៃ​ទី ១ តុលា​ ២០១៥ Fuente: Reuters.
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា​ ខ្លាច​ចាញ់​បោក​រុស្សី ​និង​បាស្ឆា អាល់អាសាដ៖

ដើម្បី​យល់​ ពី​បញ្ហា​នេះ ​យើង​ត្រូវ​យល់​ជា​ចាំបាច់​ នូវ​បរិបទ​ទូរទៅ ​នៃ​សមរភូមិ​សង្រ្គាម​នៅ​ស៊ីរី ​ហើយ​និង​ដំណើរ​ដើមទង​ ដែល​ឈាន​ទៅ​ដល់​អន្តរាគមន៍​របស់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ។ នៅ​ស៊ីរី​ មិនមែន​មានតែ​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​តែ​មួយ​ទេ ​ដែល​ធ្វើការ​ប្រយុទ្ធ។ បើ​សរុប​ជារួម​ទៅ ​គឺ​មាន​បីក្រុម​ ដែល​កំពុង​តែ​វ៉ាយ​គ្នា​ ទៅវិញ​ទៅមក។ ទីមួយ​គឺ​ទាហាន​រដ្ឋាភិបាល​ស៊ីរី ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ បាស្ឆា អាល់អាសាដ។ ទី​ពីរ​គឺ​ក្រុម​​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ដែល​ក្រុម​នេះ​ទៀត​សោត ​មាន​ច្រើន​ក្រុម​តូចៗ ​ផ្សេង​គ្នា​ទៀត។ ហើយ​ចុង​ក្រោយ​ គឺ​ក្រុម ​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ដែល​ជា​ក្រុម​ដ៏​សាហាវ​ព្រៃផ្សៃ។

តាំង​ពីណា​ ពី​ណី​មក ​ រុស្ស៊ី​គឺ​ជា​សម្ព័ន្ធមិត្ត​ ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក ​បាស្ឆា​អាល់ អាសាដ។ ជាច្រើន​ខែ​​មក​ហើយ ​ដែល​រុស្ស៊ី​បញ្ជូន​សព្វាវុធ ​និង​ជំនួយ​ជាច្រើន ​ទៅ​ឲ្យ​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ កម្មវត្ថុ​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ គឺ​វាយ​បង្រ្កាប​ក្រុម​ជីហាដ​ផង ​និង​វាយ​ក្រុម​ឧទ្ទាម​ប្រឆាំង ​ដែល​ទាមទារ​ឲ្យ​បាស្ឆា អាល់អាសាដ​ ចុះចេញ​ពី​ដំណែង ​ផង​ដែរ។ ត្រង់​ចំណុច​នេះ ​ហើយ​ដែល​ធ្វើ​ឲ្យ​គេ​មិន​ទុកចិត្ត ​ថា​តើ​រុស្ស៊ី ​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស  ​នេះ ​គឺ​គេ​វាយ​ក្រុម​ជីហាដ ​រឺ​មួយ​ក៏​ជួយ​រដ្ឋាភិបាល​ស៊ីរី​ ទៅ​វាយ​ក្រុម​ឧទ្ទាម​ប្រឆាំង។ ព្រោះថា​ មហា​អំណាច​​នៅ​អឺរ៉ុប ​មាន​បារាំង​ អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក ​ គេ​គាំទ្រ​ខាង​ក្រុម​ឧទ្ទាម​ប្រឆាំង ​ដែល​ពួកគេ​ខំ​តស៊ូ​រើ​បំរះ ​ដើម្បី​រំលាយ​រដ្ឋាភិបាល​ផ្តាច់ការ​ របស់​បាស្ឆា​អាល់អាសាដ។

ប៉ុន្តែ​ជាមួយ​នឹង​កាលៈទេសៈ​អាសន្ន​បែប​នេះ ​បារាំង​ និង​អាមេរិក​ ហាក់​បន្ទន់​ឥរិយបទ​បន្តិច​វិញ ​ដោយ​មិន​ទាមទារ​ឲ្យ​បាស្ឆា អាល់អាសាដ ​ចុះចេញ​ពី​តំណែង​ភ្លាម​ទេ។ ប៉ុន្តែ​ត្រូវតែ​ចរចា​គ្នា ​បញ្ចប់​អាណត្តិ​របស់​ប្រធានាធិបតី​ផ្តាច់ការ​នេះ​ ដោយ​សន្តិវិធី​ នៅ​ពេល​ខាង​មុខ។ ដូច​យើង​បាន​ដឹង​ហើយ​ថា ​កាល​ពី​ថ្ងៃ​ចន្ទ ​លោក​អូបាម៉ា ​បាន​ធ្មេច​ភ្នែក ​ព្រម​ទទួល​ការ​ចូលរួម​របស់​រុស្ស៊ី ​នៅ​ក្នុង​សមរភូមិ​ស៊ីរី ​ក៏​បន្តែ​ទន្ទឹម​នឹង​នេះ ​ភាព​មិន​ច្បាស់​លាស់​ នៅតែ​មាន​អញ្ចឹង​ ព្រោះ​ថា ​រុស្ស៊ី​ទៅ​នេះ ​គឺ​ដូច​ជា​ទៅ​​ការពារ​រដ្ឋាភិបាល​បាស្ឆា អាល់អាសាដ ​បើទោះ​បី​ជា​លោក​ពូទីន​ អះអាង​ហើយ​ អះអាង​ទៀត​ក៏​ដោយ​ថា ​រុស្ស៊ី​ទៅ​វាយ​នៅ​ស៊ីរី​ គឺ​ដើម្បី​កម្ទេច​ក្រុម​ជីហាដ។

អាមេរិក​និង​រុស្ស៊ី​ជួប​និយាយ​គ្នា​​បន្ទាន់ ​ដើម្បី​ចៀសវាង​ការ​ប៉ះ​ទង្គិច​គ្នា៖
កិច្ច​ប្រជុំ​បន្ទាន់​រវាង​ ថ្នាក់​ដឹកនំា​កងទ័ព​អាមេរិក ​និង​កងទ័ព​រុស្ស៊ី ​នឹង​ធ្វើឡើង​ជា​បន្ទាន់ ​ដើម្បី​បំភ្លឺ​រាល់​បញ្ហា​ទាំង​ឡាយ​ណា ​ដែល​នៅ​មិន​ទាន់​ច្បាស់​ប្រាកដ។ លោក ចន ឃែរី ​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ចាំបាច់ ​ដែល​ត្រូវតែ​ជួប​និយាយ​គ្នា ​ដើម្បី​ចៀសវាង ​ការ​ប៉ះ​ទង្គិច​ណា​មួយ​ រវាង​យន្តហោះ​ចម្បាំង​របស់​កងទ័ព​ទាំង​ពីរ​ ដែល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នៅ ​សមរភូមិ​ស៊ីរី​ ដូចគ្នា។ ចៀសវាង ​ការ​ប៉ះ​ទង្គិច​គ្នា ​ជា​រឿង​មួយ​ហើយ ​តែ​រឿង​ដែល​សំខាន់​មួយ​ទៀត ​គឺ​អាមេរិក​ចង់​ដឹង​ពី​មាត់​ថ្នាក់​ដឹកនាំ​កងទ័ព​រុស្ស៊ី​ ឲ្យ​ពិត​ប្រាកដថា ​រុស្ស៊ី​ទៅ​ទម្លាក់​គ្រាំបែក​នៅ​ស៊ីរី​នឹង ​ទម្លាក់​របៀប​ម៉េច? ​ទម្លាក់​លើ​អ្នក​ណា? ​ហើយ​នៅ​ត្រង់​ទីតាំង​ត្រង់​ណា​ខ្លះ?

ទាំង​អាមេរិក ​ទាំង​បារាំង ​អត់​មាន​អ្នកណា​សប្បាយ​ចិត្ត​ទេ ​ បើ​យើង​និយាយ​ដោយ​ងាយ​ គឺ​​ដោយសារ​ថា​ គេ​មិន​ចង់​ឃើញ​រុស្ស៊ី​ចេញមុខ​ចេញមាត់ ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ។ ក៏​ប៉ុន្តែ​អ្វី​ដែល​បារាំង ​និង​អាមេរិក​ មិន​សប្បាយ​ចិត្ត​គឺ ​ថា​គេ​មិន​ទុក​ចិត្ត​រុស្ស៊ី​ទាល់​តែ​សោះ ​ទាក់ទិន​ទៅ​នឹង​គោល​ជំហរ​ការពារ​លោក​បាស្ឆា អាល់អាសាដ។ គេ​ក្រែង​ថា​ រុស្ស៊ី​ប្រើ ព្រួញ​មួយ​ បាញ់​យក​សត្វ​ពីរ​ គឺ​យក​លេស ​ទម្លាក់​គ្រាប់បែក ​លើ​ក្រុម​ជីហាដ ​តែ​ការ​ពិត​ គឺ​បន្លំ​ទម្លាក់​ទៅលើ​ក្រុម​ឧទ្ទាម ​ដើម្បី​ឲ្យ​ទាហាន​រដ្ឋាភិបាល​របស់​បាស្ឆា អាល់អាសាដ ​ដណ្តើម​កាន់​កាប់​អំណាច​ឡើង​វិញ។

លោក ​ឡូរ៉ង់ ហ្វាប្យ៊ូស ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ​បាន​អះអាង​នៅ​ថ្ងៃនេះ​ថា​ តាម​ព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា ​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស៊្សី​កាល​ពី​យប់​ថ្ងៃ​ពុធ   ​មិន​បាន​ធ្វើទៅ​លើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ទេ។ ចំណែក​លោក​ អាហ្សតុន ការទឺ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ ក៏​បាន​ថ្លែង ​ដាក់​ការ​សង្ស័យ​ដែរ​ថា ​ តាម​ប្រភព​ព័ត៌មាន ​រុស្ស៊ី​ទំនង​ដូច​ជា​មិន​បាន​កំណត់​គោលដៅ​វាយ​ប្រហារ​ ទៅលើ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម​ទេ។
 
រុស្ស៊ី​ទម្លាក់​គ្រាប់បែក​នៅ​ភាគ​ពាយ័ព្យ​ស៊ីរី ​ដែល​មិនមាន​ជា​ទីតាំង​របស់​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម៖
ព័ត៌មាន​ច្បាស់​ការ​១០០% ​យើង​នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​តាម​ប្រភព​ជា​ច្រើន ​ដែល​កំពុងតែ​លេច​ចេញ​មក​ គឺ​ថា ​តាម​មើល​ទៅ ​ប្រហែល​ជា​ការ​ពិត ​ដែល​ថា​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក ​ទៅ​លើ​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម ​ប្រឆាំង​រដ្ឋាភិបាល​ ហើយ​មិន​បាន​ទម្លាក់​​ទៅ​លើ​ក្រុម​ជីហាដ​អ៊ីស្លាម​ ដូច​ដែល​បាន​ប្រកាស​ទេ។

រូបភាព​បន្តបន្ទាប់​គ្នា​ នៅមុនពេល​ នឹង​ក្រោយ​ពេល​ទម្លាក់​គ្រាប់​បែក​របស់​កងទ័ព​រុស្ស៊ី​ ថតពី​លើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​ផ្ទាល់
រូបភាព​បន្តបន្ទាប់​គ្នា​ នៅមុនពេល​ នឹង​ក្រោយ​ពេល​ទម្លាក់​គ្រាប់​បែក​របស់​កងទ័ព​រុស្ស៊ី​ ថតពី​លើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​ផ្ទាល់ REUTERS

តាម​ការ​ប្រកាស​ឲ្យ​ដឹង​ ពី​កងទ័ព​រុស្ស៊ី​បាន​បញ្ជាក់​ថា ​នៅ​យប់​ថ្ងៃ​ពុធ ​ រុស្ស៊ី​បាន​ចេញ​យន្តហោះ​ ចំនួន​២០​ជើង ​ហើយ​ទម្លាក់​គ្រាប់​ទៅ​លើ​ទីតាំង​ចំនួន​ ៨​កន្លែង​  ដែល​សុទ្ធ​ជា​មូលដ្ឋាន​របស់​ក្រុម​ជីហាដ។ ប៉ុន្តែ​បើតាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ស៊ីរី​ ហើយ​នឹង​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​កងទ័ព​ស៊ីរី ​បាន​បញ្ជាក់​ថា ​កងទ័ព​រុស្ស៊ី​ បាន​ទម្លាក់​គ្រាប់​បែក​ នៅ​លើ​ខេត្ត​ពីរ ​គឺ​ខេត្ត​ហាម៉ា ​និង​ខេត្ត​ហូម។ នរណា​ក៏​ដឹង​ដែរ​ថា ​ខេត្ត​ទាំង​ពីរ​នេះ ​ ជា​តំបន់​ដែល​មិនមាន​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ទេ ​តែ​ជា​សមរភូមិ​របស់​ក្រុម​ឧទ្ទាម​ ប្រឆាំង​រដ្ឋាភិបាល។ អញ្ចឹង​ហើយ​បាន​ជា​គេ​មិន​ទុកចិត្ត​រុស្ស៊ី​ ព្រោះថា​​កន្លែង​មួយ​គំនរ​ ដែល​ជា​មូលដ្ឋាន​ក្រុម​ជីហាដ ​មិន​ទៅ​ទម្លាក់​ បែរ​ជា​មក​ទម្លាក់ ​លើ​ក្រុម​ឧទ្ទាម​ប្រឆាំង ​រដ្ឋាភិបាល​ទៅវិញ។

កាសែត​ញូយ៉ក​ថាមស៍ ​ក៏​បាន​ចុះផ្សាយ​ផង​ដែរ​ថា ​ដោយ​យោង​ពី​ប្រភព​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ធំៗ ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី ​ដែល​អាមេរិក​គាំទ្រ ​ ត្រូវ​បាន​ទាហាន​អាកាស​រុស្ស៊ី​ ទម្លាក់​គ្រាប់​បែក​ពី​លើ។ ហើយ​ចំណែក​លោក ​ខាលីដ ខូចា ​មេដឹក​នាំ​នយោបាយ​ខាង​ក្រុម​ប្រឆាំង​ នឹង​រដ្ឋាភិបាល​ស៊ីរី​ បាន​បញ្ជាក់​ថា ​នៅ​តំបន់​ហូម​ មាន​ប្រជាជន​ស្លូតត្រង់​៣៦​នាក់ ​យ៉ាង​ហោច​ណាស់ ​ដែល​ស្លាប់​ ដោយសារ​គ្រាប់​បែក​រុស្ស៊ី។ ឯ​ចំណែក ​ទូរទស្សន៍​លីបង់​ក៏​បាន​ផ្សាយ​ផងដែរ​ថា ​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​ នៅ​តំបន់​ខេត្ត​ភាគ​ពាយ័ព្យ​ស៊ីរី ​ដែល​តំបន់ទាំង​នោះ​ មិនមែន​ជា​មូលដ្ឋាន​របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ទេ។

សែកហ្គៃ ឡារ៉ូហ្វ៖ ​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ភេរវកម្ម​ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ របស់​រដ្ឋាភិបាល​ស៊ីរី
ឆ្លើយតប​​នឹង​ការ​ចោទ​ប្រកាន់​នេះ ​រុស្ស៊ី​គេ​ឆ្លើយ​មក​វិញ ​បើ​មិន​ដឹង​កុំចេះ​តែថា​ ​កុំចេះ​តែ​ចោទ​គេ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់។ លោក សែកហ្គៃ ឡារូហ្វ ​ប្រមុខ​ការទូត​រុស្ស៊ី ​បាន​បញ្ជាក់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ កងទ័ព​រុស្ស៊ី ​បាន​ទម្លាក់​គ្រាប់​បែក ​យ៉ាង​ត្រឹមត្រូវ​បំផុត​ ទៅ​លើ​ទីតាំង​ក្រុម​ភេរវកម្ម​នៅ​ស៊ីរី​  ដែល​មាន​តារាង​រាយ​ឈ្មោះ​ច្បាស់​លាស់ ​ និង​ជា​ពិសេស ​គឺ​មាន​ការ​សហការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅមក​ ជាមួយ​នឹង​ កងទ័ព​រដ្ឋាភិបាល​ស៊ីរី។

យើង​មិនដឹង​ថា​មាន​ក្រុមណា​ខ្លះ​ទេ ​ដែល​មាន​ឈ្មោះ​ នៅ​ក្នុង​តារាង​បញ្ជី​ឈ្មោះ​ក្រុម​ភេរវកម្ម​នេះ។ តែ​បើ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ថា​​ គេ​សហការ​គ្នា​ស្អិត​រមួត​ ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ ទៅ​ហើយ ​អញ្ចឹង​មាន​ន័យ​ថា ​តារាង​បញ្ជី​ឈ្មោះ​នេះ ​ជា​របស់​រដ្ឋាភិបាល​ស៊ិរី។ ដូច្នេះ ​វា​ច្បាស់​ណាស់​ ដែល​ថា​ក្នុង​នោះ ​ពិត​ជា​មាន​ឈ្មោះ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ​ហើយ​ការ​ទម្លាក់​គ្រាប់​ កាល​ពី​ថ្ងៃ​ពុធ ​ ​គឺ​ពិត​ជា​បាន​ធ្វើ​ទៅលើ​មូលដ្ឋាន​ តំបន់​របស់​ក្រុម​ឧទ្ទាម ​មិនមែន​​ទៅ​លើ​ក្រុម​ជីហាដ​អ៊ីស្លាម​ទេ។

ពេលនេះ ​ គ្រប់​គ្នា​កំពុង​តែ​ចាំ​ស្តាប់​លទ្ធផល​ប្រជុំ​ រវាង​កងទ័ព​ អាមេរិក ​និង​រុស្ស៊ី។ យើង​ចង់​ដឹង​ថា ​រុស្ស៊ី ​មាន​សេចក្តី​ក្លាហាន ​ ហ៊ាន​ទទួល​ស្គាល់​ការពិត​ដែរ​រឺ​ទេ? ហើយ​ថា​តើ ​ភាគី​អាមេរិក ​នឹង​មាន​គោល​ជំហរ​បែប​ណា ​ទៅ​វិញ​ បើ​សិន​​ជា​រុស្ស៊ី ​ពិត​ជា​បាន​ទម្លាក់​គ្រាប់​ទៅ​លើ​ក្រុម​ឧទ្ទាម​ពិតមែន? ពាក្យ​ខ្មែរ​យើង​ថា ​គ្នា​ច្រើន ​អន្សម​ខ្លោច។ អ្នក​ទៅ​ជួយ​ពន្លត់​ភ្លើង​សង្រ្គាម​នៅ​ស៊ីរី​ មាន​ច្រើន ​តែ​ម្នាក់ៗ​ អាឡៃ​តែ​ប្រកែក​គ្នា ​ម្នាក់​ថា​កុំ​ធ្វើ​អញ្ចេះ ​ម្នាក់​ថា​ត្រូវ​ធ្វើ​អញ្ចោះ​វិញ ​ដល់​ទី​បំផុត​ អ្នក​ដែល​ឈ្នះ ​គឺ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ