អានតួអត្ថបទ
ស៊ីរី

ប្រទេស​មហាអំណាច​ចំនួន​៦​អំពាវនាវ​ឲ្យមាន​បទឈប់បាញ់​ជាបន្ទាន់​នៅ​អាឡិប

ប្រទេសមហាអំណាច​លោកខាងលិច​ចំនួន ៦ ក្នុងនោះ​ក៏​រួមមាន អាមេរិក បារាំង និង​អង់គ្លេស​​ផងដែរ បាន​ចេញសេចក្តីថ្លែងការណ៍​រួមគ្នា​មួយ នៅថ្ងៃ​ពុធ អំពាវនាវ​ឲ្យ​មានបទឈប់បាញ់​ជា​បន្ទាន់ នៅ​ក្រុង​អាឡិប​ ប្រទេស​ស៊ីរី។ ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​កងកម្លាំង​របស់​លោក​អាសាដ ដោយ​មាន​ជំនួយ​ពី​រុស្ស៊ី កំពុង​វាយលុក​ពង្រីក​ការ​កាន់កាប់​ក្រុង​អាឡិប ធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល​រាប់​ម៉ឺននាក់​ត្រូវ​បង្ខំចិត្ត​រត់ភៀសខ្លួន ព្រមទាំង​បង្កើត​ឲ្យ​មាន​នូវ​ក្តីបារម្ភ​អំពី​វិបត្តិ​មនុស្សធម៌​នៅទីនោះ។

សង្កាត់បុរាណ​នៃ​ក្រុង​អាឡិប (រូបថត​កាល​ពីថ្ងៃ​ទី១៣តុលា២០១៦) ដែល​ត្រូវ​កងកម្លាំង​លោក​អាសាដ​វាយដណ្តើម​កាន់កាប់​ទាំងស្រុង កាល​ពីថ្ងៃ​ពុធ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៦
សង្កាត់បុរាណ​នៃ​ក្រុង​អាឡិប (រូបថត​កាល​ពីថ្ងៃ​ទី១៣តុលា២០១៦) ដែល​ត្រូវ​កងកម្លាំង​លោក​អាសាដ​វាយដណ្តើម​កាន់កាប់​ទាំងស្រុង កាល​ពីថ្ងៃ​ពុធ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​បារាំង នៅ​ល្ងាច​ថ្ងៃ​ពុធ ត្រូវ​បាន​ចុះហត្ថលេខា​រួមគ្នា ដោយ​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​កាណាដា។ ប្រទេស​ទាំង ៦ បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី និង​អ៊ីរ៉ង់ ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​បាស្ហាអាល់អាសាដ ទទួល​យក​នូវ​ “បទឈប់បាញ់​ជា​បន្ទាន់” នៅ​ក្នុង​ទីក្រុងអាឡិប ដើម្បី​បញ្ចៀស​នូវ “​មហាវិនាសកម្ម​ខាង​មនុស្សធម៌”។

សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​ធ្វើការ​ថ្កោលទោស​ផងដែរ ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​ស៊ីរី ក៏ដូចជា ប្រទេស​ដែល​គាំទ្រ​ស៊ីរី ជាពិសេស រុស្ស៊ី ដែល​ធ្វើ​ឲ្យ​រារាំង​ដល់​ដំណើរការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ ចូល​ទៅ​ជួយ​ដល់​ជនស៊ីវិល នៅ​ក្នុង​ទីក្រុង​អាឡិប។

ការចេញ​សេចក្តីថ្លែងការណ៍រួម ដោយ​ប្រទេស​មហាអំណាច​លោកខាង​លិច​ទាំង៦ នៅ​ពេលនេះ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​កងកម្លាំង​ឧទ្ទាមស៊ីរី ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ហើយ​សង្កាត់​បុរាណ​របស់​ទីក្រុង​អាឡិប ត្រូវ​បាន​កងកម្លាំង​របស់​លោក​អាសាដ វាយដណ្តើម​កាន់កាប់​បាន​ទាំងស្រុង នៅ​ថ្ងៃ​ពុធ។ ការវាយដណ្តើម​យក​ក្រុង​អាឡិប​នេះ បាន​ធ្វើ​ឲ្យ​ជនស៊ីវិល​រាប់ម៉ឺននាក់​ ត្រូវ​បង្ខំចិត្ត​រត់ភៀសខ្លួន​ចេញ​ពី​អាឡិប ចំណែក​អ្នក​នៅ​មិនរត់ចេញ ក្រៅពី​ត្រូវ​ប្រឈមមុខ​នឹង​គ្រាប់ផ្លោង ក៏​ត្រូវ​កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះស្បៀង និង​ថ្នាំពេទ្យ​ផងដែរ។

ក្នុង​ពេល​ជាមួយគ្នា កិច្ចខិតខំ​ប្រឹងប្រែង​ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​អាឡិប​នេះ​ក៏​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​មាន​វ៉េតូ​របស់​រុស្ស៊ី និង​ចិន។ ចំណែក​ឯ​កិច្ច​ចរចា រវាង​អាមេរិក និង​រុស្ស៊ី នៅ​ក្នុង​ប្រទេស​ស្វ៊ីស​ក៏​ត្រូវ​ជាប់គាំង ដោយ​ប្រទេស​ទាំងពីរទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​គ្នា​ទៅវិញ​ទៅមក។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​​ចេញ​នៅថ្ងៃ​ពុធ​នេះ ប្រទេស​មហាអំណាច​លោកខាងលិច​ទាំង៦​ក៏​បាន​ធ្វើការ​ព្រមាន​ផងដែរ​ថា ពួកគេ​ត្រៀមខ្លួន​រួចជា​ស្រេច ក្នុងការ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ទៅលើ​អ្នកណា​ដែល​ធ្វើ​សកម្មភាព​ជួយ​ដល់​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ