អានតួអត្ថបទ
ស៊ីរី-នយោបាយ

ទីក្រុង​​ដាម៉ាស​​​ត្រូវ​​ទទួល​​រង​​គ្រោះ​​​​ដោយ​​​​​អំពើ​ភេរវកម្ម​​អត្តឃាត​​​ដ៏​​សែន​​​សាហាវ​នៅថ្ងៃ១៥​មីនា​២០១៧​​​

ប្រទេស​ស៊ីរី បាន​រងគ្រោះ​ក្នុង​សង្គ្រាម​ស៊ីវីល​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ​​​។​ សង្គ្រាម​​​ដែល​​​បាន​​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​ស៊ឹងតែ​ទាំង​ស្រុងទៅហើយ។ ​នៅថ្ងៃពុធម្សិលមិញ​ ភេរវជន​អត្តឃាតម្នាក់​ បាន​​ធ្វើការវាយប្រហារ​​ដ៏សែនសាហាវ​​​​ប្រឆាំងទៅលើ​​​​អគារ​តុលាកា​​នៅ​ក្នុងទីក្រុង​Damas និង​​​បាន​បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់យ៉ាងតិច​​​២៥​នាក់​។​  

នៅ​លើទីកន្លែង​​ភេរវកម្មអត្តឃាត​នៃ​អគារតុលាការស៊ីរី​​​​​​ក្នុងថ្ងៃពុធទី​១៥​មីនា​២០១៧​​នៅ​ក្នុង​ក្រុង​​ Damas​ ដែល​ថត​តាំង​ពី​ឆ្នាំ​២០០៧​
នៅ​លើទីកន្លែង​​ភេរវកម្មអត្តឃាត​នៃ​អគារតុលាការស៊ីរី​​​​​​ក្នុងថ្ងៃពុធទី​១៥​មីនា​២០១៧​​នៅ​ក្នុង​ក្រុង​​ Damas​ ដែល​ថត​តាំង​ពី​ឆ្នាំ​២០០៧​ REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ពុធ​ម្សិលមិញដែល​​បង្ក​ដោយ​ភេរវជន​អត្តឃាតម្នាក់​ ​ប្រឆាំង​ទៅ​លើ​រដ្ឋធានី​​ស៊ីរី​។ គឺ​ជា​ភេរវកម្មអត្តឃាត​​​លើក​ទីពីរ​​ហើយ​​ក្នុង​​រយៈពេល​​តែ​​៥​​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​​​ភេរវកម្ម​​កាលពី​​ថ្ងៃ​​សៅរ៍​មុន​​ដែល​បាន​សម្លាប់មនុស្ស​អស់​៧៤​នាក់។​ ភេរវកម្ម​កាលពីថ្ងៃពុធ​​ម្សិលមិញ​​ បាន​សម្លាប់មនុស្ស​យ៉ាង​តិច ២៥​នាក់​និងបាន​​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវ​រង​របួស​​នៅក​ន្លែង​អគារ​​​ដែល​​មាន​​តុលាការ​ព្រហ្មទណ្ឌ​​និង​​តុលាការ​​សាសនា​ទទួល​បន្ទុក​កិច្ចការ​អាពាហ៍ពិពាហ៍នៅ​ក្នុង​ទីក្រុង​ដាម៉ាស។


ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​អំពើ​ភេរវកម្ម​នេះ បាន​បង្កើន​តួលេខនៃជន​រងគ្រោះកាន់តែ​​​ច្រើន​ឡើងៗ​​ថែម​ទៀត។​ ​នា​រយៈ​ពេល ៦​​ឆ្នាំ​កន្លង​ផុត​ទៅ សង្គ្រាមនៅ​ស៊ីរី​ បាន​សម្លាប់​មនុស្ស​ជាង​៣២​ម៉ឺន​នាក់ ជនភៀសខ្លួន​ជាង​១១​លាន​នាក់គឹ​​ស្មើ​នឹង​ចំនួន​​ពាក់​កណ្តាល​នៃ​​ប្រជាជន​ស៊ីរី​​នៅ​មុន​​សង្គ្រាម។

ម្យ៉ាងទៀត ខួប​៦​ឆ្នាំ​នៃ​សង្គ្រាម​ដ៏​សោកសៅ​នៅ​ស៊ីរី​​នេះ​ បានប្រព្រឹត្តទៅ​នៅ​​ចំ​ពេល​ដែល​​​កិច្ចចរចា​សន្តិភាព​​ស្តីពី​​​​ស៊ីរី ​នា​ជុំ​ទី​៣​​ ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​​ប្រទេស​ Kazakhstan។ កិច្ច​ចរចា​សន្តិភាព​​ដែល​ពុំ​មានពួកឧទ្ទាមស៊ីរី​ចូលរួមនោះ ​ក៏​ប្រហែល​ជា​ពុំសូវ​មាន​ការ​​ជឿនលឿន​ទៅ​មុខ​ទេ​​នៅ​ក្នុង​ដំណោះស្រាយ​អធិករណ៍​​នេះ។

នៅក្នុងអធិករណ៍​​នេះ សហគមន៍​អន្តរជាតិ​វិញ​ ក៏​មាន​ការ​បែងចែក​គ្នា​ដែរក្នុង​​រយៈពេលប៉ុន្មាន​ឆ្នាំ​​កន្លង​ទៅ​នេះ រវាង​ប្លុក​គាំទ្រ​ខាង​របប​ស៊ីរី​ដឹក​មុខ​ដោយ​រុស្ស៊ី​និង​អ៊ីរ៉ង់​និង​ប្លុក​ទីពីរ​ ​គាំទ្រ​ខាង​ចលនា​ឧទ្ទាម​​ស៊ីរី​​​ដឹកមុខ​ដោយ​អាមេរិក​និង​ក្រុម​ប្រទេស​អ៊ឺរ៉ុប​​ក៏​ព្រមទាំង​ប្រទេស​តួកគី​និង​បណ្តា​ប្រទេស​នៃ​តំបន់​ឈូងសមុទ្រ​Perse។

ក៏ប៉ុន្តែ​ចលនា​ឧទ្ទាម​ស៊ីរី​ មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​ចុះទន់ខ្សោយ​ ដែលជម្រុញ​ឲ្យ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ​កាន់តែ​ឡើងចាង​​​​នៅ​ក្នុង​​សង្គ្រាមនេះ។ សព្វថ្ងៃនេះ ​ចលនាឧទ្ទាមស៊ីរី កាន់​តែ​ធ្លាក់ចុះទន់ខ្សោយយ៉ាង​ខ្លាំង ​ជាអាទិ៍​ បន្ទាប់​ពី ពូកគេ​ បាន​​បាត់បង់​ទីក្រុង​អាឡិប​កាលពី​ខែ​ធ្នូ​​ឆ្នាំ​មុន អាឡិប​ដែលជា​ដែន​​អំណាចត្រួតត្រាដោយ​​​​ក្រុម​ឧទ្ទាម​ស៊ីរី។​

ទោះជាយ៉ាងណាក្តី ​នៅ​ខណៈ​នេះ សហគមន៍​អន្តរជាតិ​នៅ​តែ​មាន​ឆន្ទះ​ដ៏​មុះមុត​មួយ​ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី ក៏ដូចជាឆន្ទះចង់បានរបស់ប្រជាជនស៊ីរីដែរ។​

ទន្ទឹមនេះ​អង្គការ​ការពារសិទ្ធមនុស្សអន្តរជាតិ ​Amnesty International  បាន​តឿន​រំលឹក​ជា​ថ្មី​ពី​ភាព​ចាំបាច់​នៅ​​ក្នុងការកាត់ទោស​ពួក​ជនឧក្រឹដ្ឋ​ដែលបង្កសកម្មភាពព្រៃផ្សៃ​នៅ​នៅ​ក្នុង​សង្គ្រាម​នៅ​​ស៊ីរីនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ