ប្រធានាធិបតីអេហ្ស៊ីបប្រកាសដាក់ប្រទេសអោយស្ថិតនៅក្នុងភាពអាសន្នក្រោយពីមានភេរវកម្មផ្ទួនៗគ្នា
នៅប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការវាយប្រហារពួកអ៊ីស្លាមជីហាតផ្ទួនៗគ្នាប្រឆាំងព្រះវិហារគ្រឹៈស្តសាសនាចំនួន២កន្លែងនៅថ្ងៃអាទិត្យម្សិលមិញមកលោក SiSSi ប្រធានាធិបតីអេហ្ស៊ីប បានប្រកាសដាក់ប្រទេសអោយស្ថិតក្នុងភាពអាសន្ន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៨
ក្រោយពីអំពើភេរវកម្មដ៏ហិង្សាផ្ទួនៗគ្នាប្រឆាំងទៅលើព្រះវិហារគ្រឹស្តសាសនាអេហ្ស៊ីប២កន្លែងនៅក្រុងAlexandrieនិងនៅក្រុង Tanta ដែលបណ្តាលឲ្យមនុស្សស្លាប់ទាំងអស់៤៤នាក់និងរបួសជាង១២០នាក់កាលពីម្សិលមិញមក លោក SiSSiប្រធានាធិបតីអេហ្ស៊ីប បានប្រកាសដាក់ប្រទេសអោយស្ថិតនៅភាពអាសន្នភ្លាមដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីអេហ្ស៊ីប បានជូនដំណឹងអំពីវិធានការណ៍ដែលនឹងត្រូវដាក់ជូនឲ្យសភាអេហ្ស៊ីបអនុម័តជាមុនសិន។ ប្រកបដោយទឹកមុខដ៏មាំ លោក SiSSi គូសបញ្ជាក់ថា នៅក្នុងវិធានការនោះ ជាបឋមគឺការប្រកាសដាក់អេហ្ស៊ីបនៅស្ថិតនៅក្នុងភាពអាសន្នក្នុងរយៈពេលចំនួន៣ខែ ដើម្បីការពារថែរក្សាសុវត្ថិភាពនៅក្នុងប្រទេស។
កន្លងមកនេះ ដោយសារអេហ្ស៊ីបធ្លាប់បានទទួលរងការវាយប្រហារមួយចំនួនពីសំណាក់ពួកជីហាត កាលពីឆ្នាំ២០១៦នៅទីក្រុងគែរមក រដ្ឋាភិបាលអេហ្ស៊ីប បានអំពាវនាវឲ្យមានការពង្រឹងការវាយប្រហារប្រឆាំងនឹងពួកអ៊ីស្លាមជីហាតឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងប្រទេសជាអាទិ៍នៅតំបន់ Sinaï ដែលពួកជីហាត បានដឹកការវាយប្រហារដ៏កាចសាហាវប្រឆាំងទល់នឹងកម្លាំងសន្តិសុខ។
ទន្ទឹមនេះ ប្រធានាធិបតីអេហ្ស៊ីប បានប្រកាសអោយដាក់ពង្រាយកងកម្លាំងទ័ពដើម្បីជួយដល់កងប៉ូលីសនៅក្នុងកិច្ចការពារថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានាដែលជាអាយុជីវិតរបស់អេហ្ស៊ីប។
រីឯ រដ្ឋមន្ត្រីមហាផ្ទៃអេហ្ស៊ីបវិញ បានជូនដំណឹងប្រាប់ដែរ ពីការផ្លាស់ប្តូរប្រធានសន្តិសុខនៅខេត្តGharbeya។ នៅខេត្តនេះហើយដែលមានអំពើភេរវកម្មនៅក្រុងTanta កាលពីម្សិលមិញនេះនិងដែលបានសម្លាប់មនុស្សនៅក្រុងនេះ អស់២៧នាក់និងរបួស៧៨នាក់។
គួររំលឹកថាភេរវកម្មអត្តឃាតនៅអេហ្ស៊ីបម្សិលមិញនេះ ត្រូវបានប្រព្រឹត្តទៅនៅបាំងតែ១៩ថ្ងៃប៉ុណ្ណោះនាមុនដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃកាតូលិក Pape François នៅប្រទេសអេហ្ស៊ីបដែលនឹងត្រូវប្រព្រឹត្តទៅថ្ងៃទី២៨និង២៩មេសាខាងមុខ។
នៅឯសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trumpបានប្រកាសថ្កោលទោសមុនគេការវាយប្រហាររបស់ពួកអ៊ីស្លាមជីហាតនៅអេហ្ស៊ីបនេះតាមរយៈគណនី Twitter របស់គាត់ដោយបានអះអាងដែរថា លោកមានទំនុកទុកចិត្តនៅលើសមត្ថភាពរបស់ប្រធានាធិបតីអេហ្ស៊ីបក្នុងការគ្រប់គ្រងដឹកនាំប្រទេសរបស់ខ្លួន។
ចំណែកប្រទេសទាំង១៥ដែលជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខនៃ អសបវិញ បានចាត់ទុកថា ជាអំពើភេរវកម្មដ៏កំសាកនិងអះអាងទៀតថា “អំពើភេរវកម្ម ទោះបីជានៅក្នុងទម្រង់បែបណាក្តី វាជាការគម្រាមមួយដ៏ធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។
ចំណែកស្ថាប័នដ៏ល្បីល្បាញមួយរបស់សាសនាអ៊ីស្លាមអេហ្ស៊ីប ឈ្មោះ Al-Azar ដែលមានទីតាំងនៅទីក្រុងគែរ ក៏បានថ្កោលទោសដែរថាគឺជាអំពើភេរវកម្មរបស់ពួកភេរវជនដ៏កំសាកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ