អានតួអត្ថបទ
អ៊ីរ៉ាក់

កងទ័ព​អ៊ីរ៉ាក់៖ ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បំផ្ទុះ​បំផ្លាញ​វិហារ​អ៊ីស្លាម​ដ៏​ចំណាស់​នៅ​មូស៊ូល

វិហារ​អ៊ីស្លាម​Al-Nouri នៅ​ទីក្រុង​មូស៊ូល បាន​រង​ការបំផ្លាញ​ខ្ទេចខ្ទីរ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​និង​កងទ័ព​អ៊ីរ៉ាក់ គាំទ្រ​ដោយ​ក្រុមសម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក បាន​បន្ទោស ទម្លាក់​កំហុស​ដាក់​គ្នា ទៅវិញ​ទៅមក។ កងទ័ព​អ៊ីរ៉ាក់​បាន​អះអាងថា ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​បាន​ដាក់គ្រាប់បែក​បំផ្ទុះ​វិហារ​អ៊ីស្លាម Al-Nouri ចំណែក​ក្រុមជីហាត​វិញ បាន​ចោទ​ថា អាមេរិក​ជា​អ្នក​ទម្លាក់​គ្រាប់បែក​បំផ្លាញ​វិហារ​ដែល​មាន​អាយុ ជាង ៨០០​ឆ្នាំ​មកហើយ​នេះ។ 

រូបភាព​ផ្តល់​ដោយ​កងទ័ព​អ៊ីរ៉ាក់​បង្ហាញ​វិហារ​អ៊ីស្លាម​ដែល​ត្រូវ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​បំផ្លាញនៅ​ថ្ងៃទី ២១​មិថុនា ២០១៧ នៅទីក្រុង​មូស៊ូល​
រូបភាព​ផ្តល់​ដោយ​កងទ័ព​អ៊ីរ៉ាក់​បង្ហាញ​វិហារ​អ៊ីស្លាម​ដែល​ត្រូវ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​បំផ្លាញនៅ​ថ្ងៃទី ២១​មិថុនា ២០១៧ នៅទីក្រុង​មូស៊ូល​ ©Iraqi Military Handout/via Reuters
ផ្សាយពាណិជ្ជកម្ម

អាល់ នូរី Al-Nouri ជា​វិហារ​អ៊ីស្លាម​ដ៏មាន​វ័យ​ចំណាស់ និង​ល្បីល្បាញ​នៅ​ទីក្រុង​មូស៊ូល ក្នុង​ប្រទេស​អ៊ីរ៉ាក់។ គឺ នៅក្នុង​វិហារ​នេះហើយ ដែល​មេដឹកនាំ​កំពូល​របស់ ពួកជីហាត​រដ្ឋអ៊ីស្លាម អាប៊ូ បាក់ អាល់បាក់ដាឌី បាន​បង្ហាញមុខ ឲ្យ​គេឃើញ នៅ​ឆ្នាំ ២០១៤ និង​បាន​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម នៅលើ​ទឹកដី​ដែល​ក្រុមនេះ​វាយបាន នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។

 

នៅ​ថ្ងៃ​ពុធ កងទ័ព​អ៊ីរ៉ាក់​បាន​ប្រកាស​ថា ក្រុមជីហាត រដ្ឋអ៊ីស្លាម បាន​ដាក់​គ្រាប់បែក​បំផ្ទុះ​បំផ្លាញ​វិហារ​អាល់នូរី ហើយ​និង​ប៉ម​វិហារ​អ៊ីស្លាម ដែល​ស្ថិតនៅ​ក្នុងក្រុង​បុរាណ របស់​ទីក្រុង​មូស៊ូល។ ក្រុង​ចំណាស់ របស់​មូស៊ូល ជា​ជំរក ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​កំពុង​ឡោមព័ទ្ធ វាយសម្រុក​របស់​កងទ័ព​អ៊ីរ៉ាក់ ក្រោមជំនួយ​ទ័ព​អាកាស​របស់​អាមេរិក។

 

ពួក​ជីហាត​រដ្ឋអ៊ីស្លាម​វិញ តាមរយៈ​ទីភ្នាក់ងារ​ឃោសនា​របស់ខ្លួន Amaq​បាន​ប្រតិកម្ម ចោទប្រកាន់​យន្តហោះ​អាមេរិក​ថា ជាអ្នកទម្លាក់​គ្រាប់បែក​បំផ្លាញ​វិមាន​អ៊ីស្លាម​ទាំង​ពីរ។ នៅ​អ៊ីរ៉ាក់ អាមេរិក​កំពុង​ដឹកនាំ​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន សម្ព័ន្ធ​អន្តរជាតិ បាន​លើកឡើង​ថា ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​បំផ្លាញ ទ្រព្យសម្បត្តិ​ដ៏​សំខាន់​របស់​មូស៊ូល នៅ​ពេល​ឃើញ កងទ័ព​អ៊ីរ៉ាក់ កាន់តែ​សម្រុក​ចូល​កាន់​តែ​ក្បែរ​ទីតាំង​ខ្លួន។ សម្ព័ន្ធ​អន្តរជាតិ​បាន​វាយតម្លៃ​សកម្មភាព​របស់​ពួកជីហាត​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​ប្រជាជន​នៅ​មូស៊ូល នៅ​អ៊ីរ៉ាក់។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​កងទ័ព​សម្ព័ន្ធអន្តរជាតិ​ត្រូវ​តែ​បំផ្លាញ​ក្រុមនេះ​មិន​ឲ្យ​សល់។

 

សម្រាប់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ ដោយ​បំផ្ទុះ​បំផ្លាញ​វិហារ​អ៊ីស្លាម​អាល់នូរី ដែល​មាន​វ័យចំណាស់ ហើយ​និង​ជា​កន្លែង​ធ្លាប់​ប្រកាស​ចេញមុខ​របស់​មេដឹកនាំ របស់ខ្លួន ក្រុមជីហាត រដ្ឋអ៊ីស្លាម​កំពុង​ទទួល​ស្គាល់​ជា​ផ្លូវការ​បរាជ័យ​របស់ខ្លួន​នៅ​ក្នុងមូស៊ូល។ សូមបញ្ជាក់ថា ៤​ថ្ងៃ​មកហើយ ដែល​កងទ័ព​អ៊ីរ៉ាក់ ក្រោម​ជំនួយ​ផ្នែក​អាកាស​ពី​សម័្ពន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក បាន​បើក​ប្រតិបត្តិការ វាយប្រហារ​ឡោមព័ទ្ធ​ក្រុង​ចំណាស់ នៅមូស៊ូល ដែល​ជា​ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម។ ប្រតិបត្តិការ​វាយដណ្តើម​យក​ទីក្រុង​ចាស់ ពី​ដៃ​ពួកជីហាត រដ្ឋអ៊ីស្លាម​បោះជំហាន​ដោយ​យឺត ព្រោះ​ថា ក្រុមជីហាត​មាន​គ្នីគ្នា​តែ​ប៉ុន្មាន​រយនាក់​ប៉ុណ្ណោះ ប៉ុន្តែ ក្រុមនេះ បាន​ចាប់ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ធ្វើ​ជា​ខែល​មនុស្ស ការពារ​ពីការបាញ់​ប្រហារ​របស់​កងទ័ព​អ៊ីរ៉ាក់ និងយន្តហោះ​របស់​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ