ក្រោយចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ចេញទៅចែចង់ប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ កាលពីថ្ងៃអាទិត្យ ទៅកាន់ប្រទេសមួយចំនួន នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ដំណើរទស្សនកិច្ចនេះធ្វើឡើង នៅក្នុងពេលដែលបណ្តាប្រទេសនៅឈូងសមុទ្រពែក្សកំពុងតែមានក្តីព្រួយបារម្ភ ក្រោយពីអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងទៀត កាលពីថ្ងៃទី១៤កក្កដាកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
ដំណើរទស្សនកិច្ចរបស់លោកមហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ទៅកាន់តំបន់ឈូងសមុទ្រពែក្ស នៅថ្ងៃអាទិត្យ បានចាប់ផ្តើមឡើងពីប្រទេសកូវ៉ែត មុននឹងបន្តដំណើរទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់។ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដែលអមដំណើរលោកមហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានលើកឡើងថា គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាមួយប្រទេសជិតខាងរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅជុំវិញឈូងសមុទ្រពែក្ស គឺជាប្រទេសកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីត ដែលស្និទ្ធនឹងអារ៉ាប៊ីសាអ៊ូឌីត ហើយជាគូប្រជែងជាមួយអ៊ីរ៉ង់ ដែលជាមហាអំណាចស្ហ៊ីអ៊ីត។ ក្រោយពីអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសមហាអំណាច កាលពីថ្ងៃទី១៤កក្កដា ប្រទេសភាគច្រើន នៅក្នុងតំបន់ឈូងសមុទ្រពែក្ស នាំគ្នាព្រួយបារម្ភខ្លាចកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះអាចជាជំហានមួយ ដែលទាក់ទាញអាមេរិក ឲ្យងាកមកផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ។ ក្តីបារម្ភនេះកើតមានកាន់តែខ្លាំង នៅក្នុងពេលដែលតំបន់មជ្ឈិមបូព៌ាទាំងមូលកំពុងតែធ្លាក់ក្នុងភ្លើងជម្លោះ រវាងនិកាយស៊ុននីត និងស្ហ៊ីអីត ជាពិសេស នៅប្រទេសយេម៉ែន អ៊ីរ៉ាក់ និងស៊ីរី។
ជារឿយៗ ប្រទេសស៊ុននីតនៅក្នុងតំបន់ឈូងសមុទ្រពែក្សតែងតែធ្វើការចោទប្រកាន់អ៊ីរ៉ង់ថាបានលូកដៃចូលជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងប្រទេសរបស់ពួកគេ តាមរយៈការផ្តល់ជំនួយជាលុយ ឬជាគ្រឿងសព្វាវុធ ដល់ក្រុមប្រដាប់អាវុធស្ហ៊ីអ៊ីត ឲ្យធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល រួមមានដូចជា ចលនាប្រឆាំងនៅបារ៉ែន ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន និងក្រុមហេសបូឡានៅលីបង់ ជាដើម។
ក៏ប៉ុន្តែ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូវ៉ែត លោកប្រមុខការទូតអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់ក៏ដូចជាប្រទេសផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្សដែរ គឺសុទ្ធតែមានគោលជំហរប្រឆាំងនឹងចលនាជ្រុលនិយម និងក្រុមភេរវជន។ លោកមហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ ក៏បានធ្វើការអំពាវនាវផងដែរថា គ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់គួរតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងចលនាជ្រុលនិយមនេះ ជាពិសេស គឺក្រុមជីហាតរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ