អានតួអត្ថបទ
Unesco-អ៊ីស្រាអែល

UNESCO៖​ដាក់​កំហិត​អ៊ីស្រាអែល​ ឲ្យ​គោរព​សម្បត្តិ​បិតិកភណ្ឌ​អ៊ីស្លាម​នៅ​ហ្សេរូសាឡឹម​ខាង​កើត

ជាថ្មី​ម្តង​ទៀត​អង្គការ​យូណេស្កូ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ ក្តៅ​ស្លឹក​ត្រចៀក​ឆេះ​ដុំ ​ ដោយសារ​អង្គការ​នេះ ​ បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ នៅ​ថ្ងៃ​អង្គារ​ទី​១៨​តុលា​ម្សិលមិញ ​ ដោយ​បាន​សម្រេច​ដាក់​កំហិត​អ៊ីស្រាអែល​ ឲ្យ​គោរព​សម្បត្តិ​បិតិកភណ្ឌ​អ៊ីស្លាម ​នៅ​តំបន់​ហ្សេរូសាឡឹម​ខាង​កើត ​ ដែល​ខ្លួន​កំពុង​កាន់កាប់ ​ និង​បាន​បង្ក​ការ​លំបាក​គ្រប់យ៉ាង​ ដល់​ប្រជាជន​ប៉ាឡេស្ទីន។ ដូច​ការ​ស្មាន​ទុក​ អ៊ីស្រាអែល ​បាន​ច្រាន​ចោល​សេចក្តី​សម្រេច​ចិត្ត​នេះ ​ហើយ​ប្រកាស​ផ្អាក​សហប្រតិបត្តិការ​ជាមួយ​អង្គការ​Unesco។

ទីក្រុង​​ហ្សេរូសាឡឹម​បូរាណ ​​មើល​ពី​លើមេឃ ឃើញ​វិហារអ៊ីស្លាម​បូរាណ​ និង​ជញ្ជាំង​​សក្ការៈ​សាសនា​ជ្វីហ្វ​ នៅ​ក្បែរ​គ្នា
ទីក្រុង​​ហ្សេរូសាឡឹម​បូរាណ ​​មើល​ពី​លើមេឃ ឃើញ​វិហារអ៊ីស្លាម​បូរាណ​ និង​ជញ្ជាំង​​សក្ការៈ​សាសនា​ជ្វីហ្វ​ នៅ​ក្បែរ​គ្នា REUTERS/Eliana Aponte/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អារ៉ាប់​ចំនួន​៧ ​ដូចជា​អាល់ហ្សេរី ​ អេហ្ស៊ីប ​លីបង់​ ម៉ារ៉ុក​ អូម៉ង់ ​ កាតា ​និង​ស៊ូដង់ ​ បាន​ដាក់​ស្នើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ទៅកាន់​អង្គការ​យូណេស្កូ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ គណកម្មការ​បាន​​ធ្វើការ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ​រួច​ទៅហើយ ​ ដោយ​បាន​សម្លេង​២៤​ម្លេង​យល់ព្រម ​ ៦​មិន​យល់ព្រម ​ និង​២៨​ដោយ​អនុបវាទ​ មុន​នឹង​ដាក់​ជូន​ទៅ​មហាសន្និបាទ​ពេញអង្គ​ នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ ដែល​មាន​ប្រទេស​ទាំងអស់​៥៨ ​ឲ្យ​ទទួល​យក​កាល​ពី​។

 
ថ្ងៃ​ទី​១៨​តុលា ​មហា​សន្និបាទ​ពេញអង្គ​​របស់​យូណេស្កូ​ មិន​បាន​បដិសេធ​សូម​ឲ្យ​រុះរើ​ខ្លឹមសារ​អត្ថបទ ​រឺ​មួយ​ក៏​បោះឆ្នោត​ឡើង​វិញ​ទេ។ ការណ៍​នេះ ​បាន​ញ៉ាំង​ឲ្យ​អត្ថបទ​នៃ​សេចក្តី​សម្រេចចិត្ត​នេះ ​ត្រូវ​បាន​អនុម័ត​ជា​ស្ថាពរ​ដោយ​អង្គការ​យូណេស្កូ។

យោង​តាម​ប្រសាសន៍​លោក​ប្រមុខ​ការទូត​ស្តីទី​របស់​ប៉ាឡេស្ទីន ​ប្រចាំ​នៅ​អង្គការ​យូណេស្កូ ​បាន​បញ្ជាក់​ថា ​សេចក្តី​សម្រេចចិត្ត​នេះ ​មាន​ខ្លឹមសារ​សង្កត់​ធ្ង​ន់​ឲ្យ​អ៊ីស្រាអ៊ែល ​ដែល​ជា​អ្នក​មក​ដាក់​អាណានិគម​លើ​តំបន់​ហ្សេរូសាឡឹម​ខាងកើត ​ ឲ្យ​គោរព​សិទ្ធិ​ប្រជាជន​ប៉ាឡេស្ទីន ​ ហើយ​អ៊ីស្រាអែល​ត្រូវ​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទាំង​ឡាយ​ណា ​ ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​បូជនីយកិច្ច​សាសនា​អ៊ីស្លាម ​ ​នៅ​ទី​សក្ការៈ​វិហារ​មូស្កេ​បុរាណ ​នៅ​ហ្សេរូសាឡឹម​ខាងកើត។
 

បុរសជនជាតិ​​ប៉ាឡេស្ទីន​​បង្ខំ​ចិត្ត​​សូត្រធម៌​​ពី​ចំងាយ​ ដោយសារ​ទាហាន​​អ៊ីស្រាអ៊ែល​​បិទផ្លូវ​​មិនឲ្យ​ឡើង​ទៅ​វិហារ​អ៊ីស្លាម​បូរាណ​ (រូបភាពឯកសារ​ ថ្ងៃទី​២ តុលា ២០១៥)
បុរសជនជាតិ​​ប៉ាឡេស្ទីន​​បង្ខំ​ចិត្ត​​សូត្រធម៌​​ពី​ចំងាយ​ ដោយសារ​ទាហាន​​អ៊ីស្រាអ៊ែល​​បិទផ្លូវ​​មិនឲ្យ​ឡើង​ទៅ​វិហារ​អ៊ីស្លាម​បូរាណ​ (រូបភាពឯកសារ​ ថ្ងៃទី​២ តុលា ២០១៥) REUTERS/Ammar Awad

សូម​រំលឹក​ថា ​ តំបន់​ហេ្សរូសាឡឹម​ខាងកើត ​ ត្រូវ​បាន​ចាត់​ទុក​ជា​សម្បត្តិ​បិតិកភណ្ឌ​មនុស្សជាតិ​របស់​យូណេស្កូ ​ព្រោះ​ទី​នោះ ​ជា​ទី​សក្ការៈ​រួម​គ្នា​ នៃ​សាសនា​អ៊ីស្លាម​ផង ​សាសនា​គ្រឹស្ត​ផង ​និង​សាសនា​ជ្វីហ្វ​ផង។ ទីក្រុង​បុរាណ​ចំណាស់​រាប់​សតវត្ស​នេះ ​ គឺ​ជា​ទីតាំង​នៃ​វិហារ​ម៉ូស្កេ​បូរាណ ​ដែល​ជា​ទី​សក្ការៈ​ធំ​បំផុត​នៃសាសនា​អ៊ីស្លាម​ ​ហើយ​ក៏​មាន​ជញ្ជាំង​បុរាណ​សក្ការៈ​របស់​សាសនា​ជ្វីហ្វ ​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ។ អ៊ីស្រាអែល ​បាន​ចូល​ទៅ​កាន់​កាប់​តំបន់​ហ្សេរូសាឡឹម​ភាគ​ខាងកើត​ ​នៅ​ឆ្នាំ​១៩៦៧។ បើ​ទោះ​បី​ជា​ប្រទេស​ហ្សកដានី ​ជា​អ្នក​មាន​ទួនាទី​គ្រប់គ្រង​ទីលាន​វិហារ​ម៉ូស្កេ​បុរាណ​ក៏​ដោយ ​ក៏​ប៉ុន្តែ​ច្រក​ចេញចូល​ឡើង​ទៅ​ទី​ក្រុង​បុរាណ​នេះ ​ គឺ​អ៊ីស្រាអ៊ែល ​ជា​អ្នក​គ្រប់គ្រង​ត្រួត​ពិនិត្យ​ទាំង​ស្រុង។

តាម​ប្រភព​មួយទៀត ​បាន​បញ្ជាក់​ថា ​ ​គឺ​ខ្លឹមសារ​និង​ពាក្យពេចន៍​ ដែល​ប្រើប្រាស់​ក្នុង​សេចក្តី​សម្រេច​ចិត្ត​នេះ ​ ដែល​ធ្វើ​ឲ្យ​ភាគី​អ៊ីស្រាអែល ​មិន​អាច​ទទួល​យក​បាន។ ភាគី​អ៊ីស្រាអែល ​បាន​ចោទ​អង្គការ​យូណេស្កូ​ ​ថា​បាន​ធ្វើ​រឿង​ដែល​មិន​គួរ​ធ្វើ​ បញ្ឆេះ​កំហឹង​និង​ជម្លោះ​ឲ្យ​កាន់​តែ​ធំ ​ ជា​ជាង​ការ​កសាង​ស្ពាន​សន្តិភាព។ ក្នុង​អត្ថបទ​សេចក្តី​សម្រេចចិត្ត​នេះ ​ អង្គការ​យូណេស្កូ ​បាន​ជ្រើស​ប្រើ​ពាក្យ​ជា​ភាសា​អារ៉ាប់​ថា ​al-Buraq ​ដើម្បី​សំគាល់​តំបន់​ទីលាន​វិហារ​ម៉ូស្កេ ​ហើយ​បាន​បំភ្លេច​ចោល​ឈ្មោះ​ជា​ភាសា​អេប្រឺ ​របស់​ជនជាតិ​ជ្វីហ្វ ​ដែល​ប្រែថា​ទួល​វិហារ ​និង​ជញ្ជាំង​បុរាណ​ឈ្មោះ​Kotel។ អ៊ីស្រាអែល​ចោទ​ថា ​យូណេស្កូ​និង​ប្រទេស​អារ៉ាប់​ មាន​បំណង​លប់​ដាន​ប្រវត្តិសាស្ត្រ ​នៃ​សាសនា​និង​ជនជាតិ​ជ្វីហ្វ​ពី​ហ្សេរូសាឡឹម។ យ៉ាងណា​មិញ​ បារាំង​បាន​បោះឆ្នោត​អនុបវាទ​ ក៏​ដោយសារ​តែ​មិន​ពេញចិត្ត​និង​ការ​ប្រើ​ពាក្យពេចន៍​ ដែល​មាន​លក្ខណៈ​លំអៀង​ មិន​យុត្តិធម៌​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ