អានតួអត្ថបទ
ស៊ីរី

កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​វាយលុក​ចូលដល់​មូលដ្ឋានធំ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម

នៅក្នុង​ប្រទេស​ស៊ីរី ទាហាន​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ បាន​វាយលុកចូល​ទៅដល់​ទីក្រុង​រ៉ាខា ដែល​ជា​មូលដ្ឋាន​ធំបំផុត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ ការវាយលុក​ទៅលើ​ទីក្រុង​រ៉ាខា​នេះ ធ្វើឡើង ដោយ​មាន​ជំនួយ​ពី​កងទ័ព​អាកាស​របស់​រុស្ស៊ី ហើយ​កើតឡើង​ព្រមគ្នា​នឹង​ប្រតិបត្តិការ​វាយលុក​របស់​កងកម្លាំង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

កងកម្លាំង​ឧទ្ទាម​ស៊ីរី ដែល​គាំទ្រ​ដោយ​លោកខាងលិច នៅ​ក្នុង​ប្រតិបត្តិការ​វាយលុក​លើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម
កងកម្លាំង​ឧទ្ទាម​ស៊ីរី ដែល​គាំទ្រ​ដោយ​លោកខាងលិច នៅ​ក្នុង​ប្រតិបត្តិការ​វាយលុក​លើ​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

ក្រុមជីហាត​ដែលបង្ក​ឲ្យ​គេ​ខ្លាចរអា​នៅ​ទូទាំង​ពិភពលោក នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កំពុងតែ​ប្រឈមមុខនឹង​ការ​វាយលុក​ពី​គ្រប់ទិសទី ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រុម​ជីហាត​ត្រូវ​ប្រឈមមុខ​នឹង​ការវាយលុក​ពី​៣មុខព្រួញ​ផ្សេងគ្នា គឺ​កងកម្លាំង​គួឌីស្ថាន​វាយលុក​លើ​ក្រុង​អាឡេប កងកម្លាំង​ឧទ្ទាម​ស៊ីរី​គាំទ្រ​ដោយ​លោកខាងលិច វាយលុក​លើ​ទីក្រុង​រ៉ាខា​ពី​ជ្រុងម្ខាង ហើយ​ពីជ្រុងម្ខាងទៀត គឺ​ការ​វាយលុក​ដោយ​កងកម្លាំង​របស់​លោក​បាស្ហា អាល់អាសាដ។

បើ​យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅស៊ីរី (Observatoire syrien des droits de l’Homme) កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​វាយលុក​ចូល​ទៅដល់​ទីក្រុង​រ៉ាខា នៅ​ព្រឹកថ្ងៃ​សៅរ៍ ដោយ​មាន​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ជា​ជំនួយ។ នេះ​គឺ​ជា​លើកដំបូង​បង្អស់ ដែល​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី អាច​វាយលុក​ចូល​ទៅដល់​ទីក្រុង​រ៉ាខា ចាប់តាំង​ពី​ទីក្រុង​នេះ​ត្រូវ​បាន​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​វាយដណ្តើម​កាន់កាប់ កាល​ពីឆ្នាំ​២០១៤ ហើយ​បាន​ប្រកាស​យក​ធ្វើ​ជា​រដ្ឋធានី នៃ​រដ្ឋ​អ៊ីស្លាម ដែល​ពួកគេ​បង្កើតឡើង ដោយ​កាត់យក​ទឹកដី​មួយផ្នែក​ពី​ស៊ីរី និង​មួយផ្នែក​ទៀត​ពី​អ៊ីរ៉ាក់។

នៅ​អ៊ីរ៉ាក់ ប្រតិបត្តិការ​វាយលុក​ទៅលើ​មូលដ្ឋាន​សំខាន់ៗ​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ក៏​កំពុងតែ​កើតមាន​ដែរ គឺ​ការវាយលុក​ទៅលើ​ទីក្រុង​ហ្វាលូចា​ដោយ​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​កងកម្លាំង​ស្ហ៊ីអ៊ីត និង​ការវាយលុក​ទៅលើ​ទីក្រុង​មូស៊ុល ដោយ​កម្លាំង​គួឌីស្ថាន ដោយ​មាន​​ជំនួយ​ពី​ទាហាន​ជំនាញការ​អាមេរិក។

នាយក​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ កាល​ពីថ្ងៃ​សៅរ៍​ថា ប្រតិបត្តិការ​វាយលុក​ទៅលើ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទំនង​ជា​ធ្វើឡើង ដោយ​មាន​ការ​សម្របសម្រួល​គ្នា រវាង​អាមេរិក និង​រុស្ស៊ី ថ្វីដ្បិត​តែ​ប្រទេស​ទាំងពីរ​មិន​សហការគ្នា​ជា​ចំហ​ក៏ដោយ។

នៅ​ក្នុង​វិបត្តិ​ស៊ីរី អាមេរិក និង​រុស្ស៊ី ប្រកាន់​ជំហរ​ផ្ទុយគ្នា​ស្រឡះ ជាពិសេស ទាក់ទង​នឹង​ជោគវាសនា​របស់​លោក​បាស្ហា អាល់អាសាដ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​ហាក់ដូចជា​ឯកភាព​នឹង​ចំណុចមួយ គឺ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ