ស៊ីរី៖អង្គការយូណេស្កូបរិហារការបំផ្លិចបំផ្លាញបេតិកភណ្ឌនៅក្រុងបុរាណPalmyre
ក្រោយដណ្តើមបានទីក្រុងបុរាណប៉ាល់មៀរ Palmyre ពីកងទ័ពស៊ីរីមកវិញ កាលពីខែធ្នូ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានបំផ្លិចបំផ្លាញបេតិកភណ្ឌប្រវត្តិសាស្ត្រនៅទីនោះជាថ្មីម្តងទៀត។ ថ្ងៃសុក្រ២០មករានេះ អង្គការយូណេស្កូបានបរិហារ និងចាត់ទុកទង្វើក្រុមរដ្ឋអ៊ីស្លាមថាជាបទឧក្រិដ្ឋសង្គ្រាម។ ទាក់ទងនឹងសង្គ្រាមស៊ីរី តួកគីបានទទួលស្គាល់ជាលើកទី១ពីសារៈសំខាន់របស់លោកអាសាដ ក្នុងការចូលរួមដោះស្រាយជម្លោះស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
យោងតាមរូបភាពផ្កាយរណប ថ្មីៗនេះ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានបំផ្លាញទីតាំងជាច្រើន ពិសេសសំណង់ប្រវត្តិសាស្ត្រ ទេត្រាពីល Tétrapyle ក្នុងក្រុងបុរាណមួយនេះ។ តេត្រាពីល ត្រូវបានសង់ឡើង នៅចុងសតវត្សទី៣ ជាសតវត្សស្ថិតក្រោមការគ្រប់គ្រងត្រចះត្រចង់របស់ស្តេចស្រី ហ្សេណូប៊ី ជំនាន់នោះ។
ទីក្រុងបុរាណPalmyre មានអាយុកាលជាង២០០០ឆ្នាំមកហើយ ត្រូវបានអង្គការយូណេស្កូចាត់ទុកជាបេតិកភណ្ឌមនុស្សជាតិពិភពលោក។ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានកាន់កាប់ក្រុងនេះ កាលពីខែឧសភាឆ្នាំ២០១៥ និងបានបំផ្លាញទីតាំងជាច្រើននៅទីនោះ។ កងទ័ពស៊ីរីក្រោមជំនួយរបស់រុស្ស៊ី បានវាយយកក្រុងPalmyre បានវិញ នៅខែមិនាឆ្នាំ២០១៦។ ប៉ុន្តែ ខែធ្នូមុននេះ ក្រុមជីហាតបានវាយយកបានក្រុងនេះបានមកវិញដដែល។ ចន្លោះថ្ងៃ២៦ធ្នូខែមុន ដល់ថ្ងៃ១០មករាដើមឆ្នាំនេះ ក្រុមភេរវជនបានធ្វើសកម្មភាពបំផ្លាញបេតិកភណ្ឌនៅទីនោះថែមទៀត។
សម្រាប់យូណេស្កូ បេតិកភណ្ឌប្រវត្តិសាស្ត្ររងការបំផ្លាញ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនស៊ីរី និងមនុស្សជាតិទាំងមូល។ ប្រធានសារមន្ទីរស៊ីរីមិនយល់សោះថា ហេតុអ្វីបានជាគ្រប់ភាគីជម្លោះស៊ីរី ដែលឈ្លោះគ្នាខាងនយោបាយ បែរជាមិនលើកលែងដល់បេតិកភណ្ឌវប្បធម៌ទៅវិញ។
ក្នុងសមរភូមិភាគកណ្តាលស៊ីរី នៅមិនឆ្ងាយពីក្រុងបុរាណស៊ីរី ការប្រយុទ្ធគ្នាបានបន្តជាថ្មី។ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានបន្តសម្រុកទៅអាកាសយានដ្ឋានយោធា ថៃហ្វួ ដើម្បីទប់ស្កាត់មិនអោយកងទ័ពស៊ីរីអាចចូលទៅដល់ផ្លូវដែលភ្ជាប់ក្រុងបុរាណ Palmyre ទៅក្រុងហូម។ កាលពីថ្ងៃព្រហស្បតិ៍ ការប្រយុទ្ធនៅជិតអាកាសយានដ្ឋានយោធាមួយនេះ បានសម្លាប់មនុស្សសកម្មជនជីហាត១៨នាក់ និងខាងកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី១២នាក់។ នៅអាឡិបវិញ ការវាយប្រហារផ្លូវអាកាស កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់សកម្មជនជីហាតប្រមាណ៤០នាក់ មកពីក្រុមហ្វាតិ អាល់ ឆាំ។ ហ្វាតិ អាល់ ឆាំ គឺជាក្រុមប្រជែងនឹងក្រុមរដ្ឋអ៊ីស្លាម។
ថ្ងៃសុក្រម្សិលមិញ តួកគីប្រាប់ថា ក្រុមជីហាតរដ្ឋអ៊ីស្លាម បានបង្កភេរវកម្មបំផ្ទុះរថយន្ត ធ្វើអោយស្លាប់ទាហានតួកគី៥នាក់ នៅភាគខាងជើងស៊ីរី។ ត្បិតថាតួកគីយល់ថា លោកអាសាដជាអ្នកទទួលខុសត្រូវមហន្តរាយស៊ីរី ប៉ុន្តែ ជាលើកដំបូង ម្សិលមិញនេះ តួកគីទទួលស្គាល់ថា វត្តមានលោកអាសាដ ពិតជាសំខាន់ក្នុងដំណោះស្រាយជម្លោះស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ