ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
មជ្ឈិមបូព៌ា

លោក​នេតាន់​យ៉ាហ៊ូ​ នៅតែ​បរាជ័យ​ក្នុងការ​បង្កើត​រដ្ឋាភិបាលថ្មី​

media លោកនាយករដ្ឋមន្ត្រីផុតអាណត្តិអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ។ REUTERS/Ronen Zvulun

នៅថ្ងៃចន្ទ ទី ២១ តុលា ម្សិលមិញនេះ លោកនេតាន់យ៉ាហ៊ូ​ បានប្រាប់ទៅកាន់ប្រធានាធិបតីអ៊ីស្រាអែលថា លោកនៅតែមិនទាន់អាចស្វែងរកដៃគូ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូបែបនេះ បញ្ជាក់ថា លោកនៅតែបរាជ័យ ក្នុងការស្រោចស្រង់ប្រទេសអ៊ីស្រាអែល ពី​វិបត្តិ​ជាប់គាំង​នយោបាយ បើទោះជាមានការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់ រហូតដល់ទៅចំនួនពីរដងរួចទៅហើយនោះ។

បរាជ័យជាច្រើនដងរបស់លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ បេនចាមីន នេតាន់យ៉ាហ៊ូ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី ហាក់កំពុងបើកផ្លូវឲ្យគូប្រជែងរបស់លោកគឺ លោកបេនី ហ្កង់ អាចក្លាយជាអ្នកដែលមានសិទ្ធិ បង្កើតរដ្ឋាភិបាលចម្រុះវិញម្តង។

ប្រសិនបើ លោកបេនី ហ្កង់ ត្រូវគេជ្រើសរើស ឲ្យក្លាយជាអ្នកបង្កើតរដ្ឋាភិបាលចម្រុះមែននោះ ក្តីសុបិនរបស់លោកនេតាន់យ៉ាហ៊ូ ក្នុងការគ្រងតំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលមានរយៈពេលវែងជាងគេ អាចនឹងត្រូវរលាយក៏បាន។

តែទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងបរិបទដូចពេលបច្ចុប្បន្ន អ្នកវិភាគមួយចំនួនយល់ថា លោកបេនី ហ្កង់ ក៏គ្មានសមត្ថភាពអាចបង្កើតរដ្ឋាភិបាលថ្មីបានឡើយ​ ម្យ៉ាងដោយសារលោកគ្មានបទពិសោធន៍ប្រឡូកក្នុងឆាកនយោបាយពីមុនមក។

ម្យ៉ាងវិញទៀត លោកនេតាន់យ៉ាហ៊ូ ទោះស្ថិតក្នុងកាលៈទេសៈលំបាកលំបិន ដូចពេលនេះក្តី គេយល់ថា លោកនៅតែមានឱកាស អាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន។ ជាក់ស្តែង ទោះបរាជ័យក្នុងការស្នើសុំឲ្យគូប្រជែងចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាច្រើនលើកក្តី លោកនេតាន់យ៉ាហ៊ូ ថាលោកនៅតែមិនអស់សង្ឃឹម និងនៅតែតស៊ូបញ្ចុះបញ្ចូលឲ្យ លោក បេនីហ្កង់ យល់ព្រមសហការគ្នា ក្នុងការបង្កើតរដ្ឋាភិបាលថ្មីឲ្យបាន។

លោកនេតាន់យ៉ាហ៊ូ សង្ឃឹមថា លោកបេនីហ្កង់ នៅទីបំផុតទៅ នឹងយល់ព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីដោះស្រាយវិបត្តិនយោបាយគាប់ជាំង និងដើម្បីបញ្ចៀសកុំឲ្យមានការបោះឆ្នោតមុនកំណត់ជាលើកទី ៣ ទៀត។

គួររំឭកជូនថា តាមរយៈការបោះឆ្នោតសភា កាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅ គណបក្សលីគូដ របស់នាយករដ្ឋមន្ត្រីផុតអាណត្តិ នេតាន់យ៉ាហ៊ុ ទទួលបានអាសនៈចំនួន ៣២ ក្នុងចំណោមអាសនៈសរុបទាំងអស់ ១២០។ ចំណែក លោកបេនី ហ្កង់ ដែលជាគូប្រជែងវិញបានអាសនៈសភា ៣៣។ ដោយសារគ្មានអ្នកណា ឬបក្សណាឈ្នះដាច់ខាត ទើបក្រោយមក ប្រធានាធិបតីអ៊ីស្រាអែល ​បាន​សម្រេច​ជ្រើសរើសឲ្យ​លោក​នេតាន់យ៉ាហ៊ូ​បង្កើត​រដ្ឋាភិបាល​ថ្មី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ