អានតួអត្ថបទ

ម៉ូស្គូប្រតិកម្មរស់រវើក ចំពោះឃាតកម្ម ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅតួកគី

បន្ទាប់ពី​ឃាតកម្ម​នោះ​ឯង លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំង​យប់​តែ​ម្តង បាន​រួម​ប្រជុំ​នៅ​វិមាន​ក្រេមឡាំង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នាយក​ចារកិច្ច​ក្រៅ​ប្រទេស និង នាយក​ស្ថាប័ន​សន្តិសុខ​ជាតិ​រុស្ស៊ី ដោយ​ជា​បឋម គាត់​សំដែង​ការរួម​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ ទៅ​កាន់​គ្រួសារ​លោក​ទូត​នោះ ដែល​គាត់​ចាត់ទុក​ជា​អ្នក​ការទូត​ដ៏ត្រចះត្រចង់ ហើយ​ហៅ ឃាតកម្ម​នោះ ថា​ជា​ទង្វើ “គម្រក់” និង​ជា​អំពើ​បង្កហេតុ ដែល​ចម្លើយ​អាច​មាន​តែ​មួយ​គត់ គឺ ត្រូវ​បង្កើន​កាន់តែ​ខ្លាំង​ក្លា ការប្រយុទ្ធ​ទល់​នឹង​ភេរវកម្ម។

ជំនួប​ប្រជុំ​សន្តិសុខ​ក្រោយ​ឃាតកម្ម​លើ​រូប​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ក្រុង​អង់ការ៉ា ដឹកនាំ​ដោយ​ប្រធានាធីបតី​ពូទីន
ជំនួប​ប្រជុំ​សន្តិសុខ​ក្រោយ​ឃាតកម្ម​លើ​រូប​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ក្រុង​អង់ការ៉ា ដឹកនាំ​ដោយ​ប្រធានាធីបតី​ពូទីន Alexei Druzhinin/Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នងកិច្ចប្រជុំនោះ លោកប្រមុខ​រដ្ឋ​រុស្ស៊ី ពូទីន លើក​ឡើង​ជា​អាទិ៍៖ -“ខ្ញុំ​សូម​ក្រសួង​ការបរទេស រៀបចំ​នីតិវិធី​សម្រាប់​បំពាក់​ជូន​លោក​អគ្គរដ្ឋ​ទូត​រុស្ស៊ី Andrei Karlov នៅ​តួកគី ដែល​ត្រូវ​បាន​ភេរវជន​បាញ់​សម្លាប់​នៅ​ក្រុង​អង់ការ៉ា គឺ​គ្រឿង​ឥស្សរិយយស បច្ឆា មរណៈ និង សកម្មភាព​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​គាត់​ជា​ចីរកាល​តែម្តង”។ លោក Karlov ​ជា​អ្នកការទូត​ដ៏​ត្រចះត្រចង់ មាន​ឈ្មោះ​ល្បី​ក្នុង​ប្រទេស ដែល​គាត់​បាន​ប្រចាំ​ការបំពេញ​បេសកកម្ម​ការទូត។ គាត់​ជា​បញ្ញាវន្ត​កម្រិត​ខ្ពស់ មាន​ចរិត​ទន់ភ្លន់ និង​ស្លូតបូត។  

ឃាតកម្មដែលប្រព្រឹត្ត​នោះ គឺ​ជា​អំពើ​បង្កហេតុ​ឥត​ប្រកែក​បាន សំដៅ​បង្ខូច​ធម្មនិយាមកម្ម ទំនាក់ទំនង​រុស្ស៊ី-​តួកគី ផ្តាច់​កុំ​ឲ្យ​កើត​មាន​ទៅ​រួច អភិក្រម​សន្តិភាព​នៅ​ស៊ីរី​ដែល​កំពុង​ទទួល​ការជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​ពី​សំណាក់ រុស្ស៊ី តួកគី អ៊ីរ៉ង់ និង​ប្រទេស​ឯ​ទៀត ដែល​នាំគ្នា យកចិត្ត​ទុកដាក់ ដោះស្រាយ​ជម្លោះ​នៅ​ស៊ីរី។ ចម្លើយ​តែ​មួយ​គត់​ដែល​អាច​មាន តប​នឹង​អំពើ បង្កហេតុ​នេះ គឺ បង្កើន​ការប្រយុទ្ធ​ទល់​នឹង​ភេរវកម្ម ហើយ​ពួក​ចោរ​ព្រៃ​វា​នឹង​ស្គាល់​ក្លិន​ចម្លើយ​នេះ​ឯង។

មេដឹកនាំ​កំពូល​រុស្ស៊ី បាន​ផ្ទុកផ្តាក់ គណៈកម្មាធិការ​រដ្ឋ​រុស្ស៊ី​ខាង​ស៊ើប​អង្កេត ដែល​បាន​ចងក្រង ទៅ​ហើយ សំណុំ​រឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ឲ្យ​បង្កើត​ជា ក្រុម​ការងារ​អន្តរក្រសួង ផ្សំ​ឡើង​ពី​អ្នក​អង្កេត និង​អ្នក​ការទូត​ចំនួន​១៨​នាក់ ដែល​ថ្ងៃ​អង្គារ​នេះ​បាន​ហោះ​ចេញ ទៅ​កាន់ ក្រុង អង់ការ៉ា ទៅ​ហើយ ដើម្បី​រួម​ជាមួយ​ដៃ​គូ​តួកគី ធ្វើ​អង្កេត អំពី ឧក្រិដ្ឋកម្ម​នេះ ដោយ​គាត់​ទើប បាន​ព្រមព្រៀង​តាម​ទូរសព្ទ ជាមួយ​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន់។ លោកពូទីន សង្កត់​ធ្ងន់​ថា យើង​ត្រូវតែ​ដឹង តើ​នរណា ជា​អ្នក​បញ្ជា​ដៃ​ឃាតករ។

លោកប្រមុខរដ្ឋរុស្ស៊ី ក៏​ថ្លែង​ថា ចាំបាច់​ត្រូវតែ​បង្កើន របប​ការពារ​ស្ថាន​តំណាង​នានា​របស់​រុស្ស៊ី នៅ​តួកគី ហើយ​ទទួល​នូវ​ការ​ធានា​រ៉ាប់រង ពី​ខាង​ភាគី​តួកគី ខាង​ធានា​សុវត្ថិភាព ស្ថាន​តំណាង ទាំង​នោះ ឲ្យ​បាន​ស្រប​នឹង​អនុសញ្ញាក្រុង Vienne ស្តីអំពី​ទំនាក់ទំនង​ការទូត។

លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ពីចំណែកគាត់ បាន​ហៅ​ឃាតកម្ម​អ្នកការទូត រុស្ស៊ី​នោះ ថា​ជា “អំពើ​ព្រៃផ្សៃ” តម្រង់​បំផ្លាញ កុំ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី-តួកគី មាន​ប្រក្រតីភាព ទៅ​កើត។
 

សារពត័មានរុស្ស៊ី លេខថ្ងៃនេះ សរសេរថា ឃាតកម្ម​អ្នក​ការទូត​រុស្ស៊ី​នោះ  នឺង​ពុំ​នាំ​ឲ្យ ល្អក់​កករ ឡើយ​ដល់ ទំនាក់ទំនង​រុស្ស៊ី-​តួកគី កាល​ដែល​ប្រទេស​ទាំងពីរ បាន​ខិត​ចូល​ជិត​គ្នា​យ៉ាង​ខ្លាំង ក្រោយពី​វិបត្តិ​ការទូត​អស់​សឹង​១​ឆ្នាំ​បណ្តាល​មកពី វិបត្តិ​ការទូត ក្នុង​ផ្ទៃ​នៃ​សង្គ្រាម​នៅស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ