អានតួអត្ថបទ
អ៊ីតាលី-G៧

លោកហ្សង់ម៉ាក អេរ៉ូ៖​ប្រទេស​ស៊ីរី​មិន​អាច​មាន​អនាគត​ជាមួយ​បុគ្គល​អាសាដ​ទេ

ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នែ​ក្រុម​ប្រទេស G៧ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​អង្គារ ទី១១ មេសា។ ក្រៅ​ពី​ជំនួប​រវាង​សមាជិក G៧ ក៏​មាន​កិច្ចប្រជុំ​រវាង G៧ និង​ក្រុម​ប្រទេស​អារ៉ាប់ រួម​មាន កាតា ហ្ស៊កដានី អេមីរ៉ាអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ព្រម​ទាំង​ប្រទេស​តួកគី។ លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​ពី​ប្រទេស​អ៊ីតាលី​ថា កិច្ចប្រជុំ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ច្បាស់ៗ​ពី​ការ​កសាង​អនាគត​ប្រទេស​ស៊ីរី​ដោយ​គ្មាន​វត្តមាន​បុគ្គល​អាសាដ។

ពីឆ្វេង​ទៅ​ស្តាំ លោក Jean-Marc Ayrault ប្រមុខ​ការទូត​បារាំង និង​សមភាគី​អង់គ្លេសលោក Boris Johnson ​ក្នុង​ពេល​កិច្ចប្រជុំ G៧ នៅ​ប្រទេស​អ៊ីតាលី ថ្ងៃទី១១ មេសា ឆ្នាំ ២០១៧
ពីឆ្វេង​ទៅ​ស្តាំ លោក Jean-Marc Ayrault ប្រមុខ​ការទូត​បារាំង និង​សមភាគី​អង់គ្លេសលោក Boris Johnson ​ក្នុង​ពេល​កិច្ចប្រជុំ G៧ នៅ​ប្រទេស​អ៊ីតាលី ថ្ងៃទី១១ មេសា ឆ្នាំ ២០១៧
ផ្សាយពាណិជ្ជកម្ម

« យើង​បាន​ជួប​និយាយ​គ្នា​ច្រើន​ណាស់​ដើម្បី​បង្ហាញ​ចេញ​ឲ្យ​បាន​ច្បាស់​នូវ​ជំហរ​រួម​មួយ​សម្រាប់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កិច្ចប្រជុំ​របស់​យើង​ថែម​ទាំង​បាន​ធ្វើ​ឡើង​ជា​មួយ​ក្រុម​ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់ និង​ប្រទេស​តួកគី​ផង​ដែរ។

តាម​រយៈ​កិច្ចប្រជុំ​រួម​គ្នា​រវាង​ក្រុម​ប្រទេស G៧ និង​ក្រុម​ប្រទេស​អារ៉ាប់ ព្រម​ទាំង​ប្រទេស​តួកគី​នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​មួយ​ច្បាស់លាស់​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ថា ឥឡូវ​នេះ គេ​ត្រូវ​តែ​ចាកចេញ​ពី​ភាព​លាក់ពុត។ គេ​ត្រូវ​តែ​ចាប់​ផ្តើម​ដំណើរការ​អន្តរកាល​នយោបាយ​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​ភាព​ទទួល​ខុស​ត្រូវ​ដើម្បី​បិទបញ្ចប់​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។
 
តើ​ស្អី​ទៅ​ដែល​ហៅ​ថា​អន្តរកាល​នយោបាយ​សម្រាប់​ស៊ីរី។ អន្តរកាល​នយោបាយ​សម្រាប់​ស៊ីរី​មាន​ន័យ​ថា គេ​ត្រូវ​រៀបចំ​ផែនការ និង​អនាគត​នយោបាយ​ស៊ីរី​ដោយ​គ្មាន​វត្តមាន​បុគ្គល​អាសាដ។ ចូរ​កុំ​ភ្លេច​ថា គឺ​បុគ្គល​អាសាដ​រូប​នេះ​ឯង​ដែល​ជា​ដើមចម​នៃ​ផលវិបាក​នៅ​ស៊ីរី​សព្វថ្ងៃ។
 
អ្វី​ដែល​ច្បាស់ ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ G៧ ក៏​ដូច​ជា​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​តួកគី​បាន​និយាយ​ច្បាស់ៗ​ថា ស៊ីរី​នឹង​មិន​អាច​មាន​អនាគត​ទេ​ជាមួយ​បុគ្គល​អាសាដ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រកាន់​ជំហរ​តាម​ផ្លូវ​មួយ​នេះ និង​ប្រតិបត្តិ​វា​ដោយ​ភាព​ឆ្លាតវៃ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ