អានតួអត្ថបទ
ក្រិក-អឺរ៉ុប

អឺរ៉ុប​នៅ​តែ​បោះដៃ ទៅរក​ក្រិក ដើម្បី​កុំ​ឲ្យ​ក្រិក​ក្ស័យធន

ម៉ោង ១២​អាធ្រាត្រ ថ្ងៃ​អង្គារ​ទី ៣០​មិថុនា ជា​ម៉ោង​ចុងក្រោយ ដែល​រដ្ឋ​ក្រិក​ត្រូវ​មាន​កាតព្វកិច្ច​សងបំណុល​ទៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ជាង ១,៥ ពាន់​លាន​អឺរ៉ូ បើ​មិន​ដូច្នោះទេ រដ្ឋក្រិក​នឹង​ត្រូវ​ប្រកាស​ក្ស័យធន។ នៅ​ថ្ងៃ​អង្គារនេះ ប្រធាន​គណៈកម្មការអឺរ៉ុប បាន​ផ្តល់​ឱកាស​ចុងក្រោយ ដោយ​បាន​លើក​សំណើ​មួយ គេ​សង្ឃឹម​ថា នឹង​អាច​ឲ្យ​ក្រិក​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង ដែល​នឹង​អាច​ជួយ​បញ្ជៀស​ក្រិក​ឲ្យ​រួច​ផុត​ពី​វិបត្តិ​ក្ស័យធន។ 

នាយក​រដ្ឋមន្រ្តី​ក្រិក (ឆ្វេង) និង​ប្រធាន​គណៈកម្មការអឺរ៉ុប លោក​ហ្សង់ក្លូត ហ្សុងគឺរ នៅ​ទីក្រុង​ព្រុចសែល
នាយក​រដ្ឋមន្រ្តី​ក្រិក (ឆ្វេង) និង​ប្រធាន​គណៈកម្មការអឺរ៉ុប លោក​ហ្សង់ក្លូត ហ្សុងគឺរ នៅ​ទីក្រុង​ព្រុចសែល REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​មុន​ក្រិក​ត្រូវ​អស់​ពេល​ដើម្បី​សង​បំណុល​មូលនិធិរូបិយវត្ថុ អន្តរជាតិ FMI នាយករដ្ឋមន្រ្តី​ក្រិក លោក​អាឡិចស៊ីស ស៊ីប្រាស បាន​ប្រកាស​រួច​ហើយ​ថា ក្រិក​គ្មាន​លុយ​សងបំណុល​FMI​ទេ បើ​សិន​គណៈកម្មការ​អឺរ៉ុប និង​ធនាគារ​កណ្តាល​អឺរ៉ុប​មិន​ព្រម​ផ្តល់​កញ្ចប់​ជំនួយ ជាង ៧ពាន់​លាន​អឺរ៉ូ​ទៅតាម​កិច្ចសន្យា​ចុះ​ឆ្នាំ ២០១២​នោះ។

 
ការចរចា​រវាង​ក្រិក និង​អឺរ៉ុប ដែល​ជា​ម្ចាស់បំណុល បាន​ជាប់គាំង នៅ​ចុង​សប្តាហ៍​មុន ដោយ​គ្មាន​រកឃើញ​ដំណោះស្រាយ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​ក្រិក​បាន​ប្រកាស​រៀបចំ​ការបោះឆ្នោត ប្រជាមតិ ទៅ​លើ​សំណើ​របស់​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់ និង​នយោបាយ​រឹតត្បិត​ថវិកា។

នៅ​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ក្រិក​បើក​​ការប្រជុំ​ចុងក្រោយ ពិភាក្សា​លើ​​សំណើ​ចុងក្រោយ របស់​គណៈកម្មការ​អឺរ៉ុប​ ដែល​ជា​គណៈកម្មការ​អឺរ៉ុប​ចាត់ទុក​ជា ​ឱកាស​ចុងក្រោយ​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រិក។ តាម​គណៈកម្មការ​ រដ្ឋក្រិក​នឹង​បាន​ទទួល​លុយ​ភ្លាមៗ បើសិន​ក្រិក​យល់ព្រម​សរសេរ​លាយលក្ខ​អក្សរថា នឹង​ធ្វើកំណែទម្រង់ ទៅតាម​ការស្នើ​របស់​អឺរ៉ុប ហើយ​រដ្ឋក្រិក​ត្រូវ​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​បោះឆ្នោត​ព្រមទទួល​សំណើ​របស់អឺរ៉ុប នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ នៅ​ថ្ងៃ អាទិត្យ​ខាងមុខ។

នៅក្នុង​សំណើ​ចុងក្រោយ​អឺរ៉ុប​បានលើក​ឡើង​ពី​លទ្ធភាព​ពិនិត្យ​មើល​ឡើងវិញ ពីរបៀប​សង​ប្រាក់បំណុល របស់​ក្រិក​នៅ​ខែ​តុលា​ខាងមុខ។

នៅពេល​គេ​និយាយ​ពីការពិនិត្យ​ឡើងវិញ ពី​ប្រាក់បំណុល​ក្រិក គឺ​គេ​និយាយ​ពី​ការពន្យារ​ពេល​ថ្ងៃ​សង​បំណុល ការកាត់បន្ថយ​ការប្រាក់ ឬ​ការពន្យារពេល​សងការប្រាក់ ទៅ​ប្រទេស​សមាជិក​តំបន់ចាយប្រាក់​អឺរ៉ូ។ សំណើ​របស់​អឺរ៉ុប​នឹង​អាច​ទាក់ទាញ ក្រិក ព្រោះ ថា ក្រិក​បាន​ទាមទារ​តាំងពី​ដំបូង​ទី ឲ្យ​អឺរ៉ុប​ពិនិត្យ ពិចារណា​ឡើងវិញ ពី​របៀប​សងបំណុល ដែល​រដ្ឋាភិបាល​ក្រិក​ចាត់ទុក​ជា​នយោបាយ​ច្របាច់ក សេដ្ឋកិច្ច​ក្រិក មិន​ឲ្យ​ងើប​រួច​ពី​វិបត្តិ។

កន្លងមក ភាគី​ម្ចាស់​បំណុល អឺរ៉ុប​បាន​បញ្ជាក់​ដាច់ណាត់​ហើយ​ថា នឹង​មិន​ទាន់​និយាយ​ពី​រឿង​បំណុល​របស់ក្រិក នៅពេល​នេះទេ។ គេត្រូវ​រង់ចាំ​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់ សិន ទើប​គេ​ពិចារណា នៅពេល​ក្រោយ ពី​រឿង​លុយបំណុល​ដែល​ក្រិក​ខ្ចី​កន្លងមក។

អាឡិចស៊ីស ស៊ីប្រាស​សន្យា​ចុះពី​តំណែង បើសិន ប្រជាជន​បោះឆ្នោត ថា ព្រម
លោកអាឡិចស៊ីស ស៊ីប្រាស ជាប់ឆ្នោត ដោយសារ​តែ​លោក​ប្រឆាំង​នឹង​នយោបាយ​រឹតត្បិត​ថវិកា កំណត់​ដោយ​ម្ចាស់បំណុល។ នៅថ្ងៃអង្គារ​នេះ អឺរ៉ុប ត្រូវ​បញ្ឈប់​ផ្តល់​ជំនួយ​ឲ្យ ក្រិក​ដែល​នឹង​ក្ស័យធន ដោយសារ​គ្មាន​លុយ​សងបំណុល​ឲ្យ​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ។ នាយករដ្ឋមន្រ្តី​ក្រិក មក​ពី​គណបក្ស​ឆ្វេង​និយមខ្លាំង​របស់ក្រិក ជាមេដឹកនាំ​ទី​១​របស់​ក្រិក ដែល​ហ៊ាន ប្រឈម មិនចាញ់​សំឡុត​របស់​ម្ចាស់បំណុល។

លោក​អាឡិចស៊ីស ស៊ីប្រាស នៅ​តែ​ប្រឆាំង មិនទទួល​យក​កំណែ​ទម្រង់ របស់​អឺរ៉ុប នោះបើទោះ​ដឹងថា កំណែទម្រង់​នោះ នឹង​ធ្វើ​ឲ្យ​ក្រិក​ទទួល​ប្រាក់​ជំនួយ​បន្ថែម​ពី​អឺរ៉ុប ដើម្បី​អាច​យក​ទៅ​សង​បំណុល​ឲ្យ​FMI​ក៏ដោយ។ លើសពីនោះ លោក​នៅ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ក្រិក​បោះឆ្នោត​ថា ទេ ទាត់ចោល​កំណែទម្រង់​ដែល​ស្នើ​ដោយ​គណៈកម្មការ​អឺរ៉ុបទៀត។ សម្រាប់​នាយករដ្ឋមន្រ្តី​ក្រិក ចម្លើយ ទេ របស់​ប្រជាជន​ក្រិក​នឹង​ធ្វើ​ឲ្យ​ក្រិក​រឹតតែ​មាន​ទឹកមាត់ ចរចា បាន​ច្រើន​ជាងមុន ជាមួយ​ម្ចាស់បំណុល។

យុទ្ធសាស្រ្ត​របស់​លោក​អាឡិចស៊ីស ស៊ីប្រាស​ធ្វើ​ឲ្យ​ក្រិក​មាន​ទម្ងន់​ធ្ងន់ជាង​ម្ចាស់បំណុល នៅក្នុង​ការចរចា ព្រោះថា អឺរ៉ុប ដែល​ជា​ម្ចាស់​បំណុល​មិន​ចង់​ឲ្យ​ក្រិក​ជួប​ក្ស័យធន ត្រូវ​ដើរចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​ទេ។ ការដើរ​ចេញ​របស់​ក្រិក​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ បញ្ជាក់​ពី​បរាជ័យ​នៃ​នយោបាយ​របស់អឺរ៉ុប ជាពិសេស​តំបន់​ចាយប្រាក់​អឺរ៉ូ ដែល​មាន​ក្រិក​ជា​សមាជិក។ បើសិន​អឺរ៉ុប​បរាជ័យ មិនអាច​ដោះស្រាយ វិបត្តិ​បំណុល​ក្រិក រហូត​ធ្វើ​ឲ្យ​ក្រិក​ត្រូវ​ដើរចេញពី​តំបន់​ចាយប្រាក់​អឺរ៉ូ នោះ​អ្នកវិនិយោគ​អស់​ជំនឿទុកចិត្ត​លើ​អឺរ៉ុប​តទៅទៀត។ នៅពេល​នោះ រូបិយបណ្ណ​តែមួយ​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ នឹង​ចុះខ្សោយ ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​ចាយប្រាក់​អឺរ៉ូ​ផ្សេងទៀត។ បញ្ហា​ចំពោះមុខ នៅពេល​លុយ​អឺរ៉ូ​ចុះខ្សោយ នោះ​គឺ ប្រាក់បំណុល​សាធារណៈ​របស់​ប្រទេស​សមាជិក​តំបន់​ចាយប្រាក់​អឺរ៉ូ​នឹង​កើនឡើង​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​នីមួយៗ ពិបាក​នឹង​សម្រេច​ផែនការ​កាត់បន្ថយ​ឱនភាព​ថវិកា តាម​ការកំណត់​របស់​សហភាពអឺរ៉ុប។ នៅក្នុង​រយៈពេល​វែង បើ​សិន​លុយ​អឺរ៉ូ​ធ្លាក់ចុះ​តម្លៃ នោះ គេ​បារម្ភពី​លំហូរ​សាច់ប្រាក់ រួម​ទាំង​ការវិនិយោគ​ចេញពី​សហភាព​អឺរ៉ុប។ អឺរ៉ុប​ជួប​វិបត្តិ នឹងអាច​អូសទាញ​សេដ្ឋកិច្ច​សកល​ឲ្យ​ជួប​វិបត្តិ​ជាថ្មី​ម្តងទៀត។

កូនបំណុល​យឺតយ៉ាវ ប៉ុន្តែ មិន​ក្ស័យធន​ភ្លាម
ជាគោលការណ៍ បើសិន​ក្រិក​មិន​អាច​សងបំណុល​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI នៅ​ថ្ងៃ​អង្គារនេះទេ ក្រិក​នឹង​ត្រូវប្រកាស​ក្ស័យធន។ ប៉ុន្តែ នៅក្នុង​ពាក្យ​បច្ចេកទេស​របស់​ FMI គេ​ចាត់ទុក​ជា​កូនបំណុល​ដែល​យឺតយ៉ាវ សងបំណុល មិន​ទាន់ គឺ​មិនមែន​ក្ស័យធន​ភ្លាមទេ។ នៅពេល​ដំបូងគេ ក្រិក​នឹង​ត្រូវ​អស់​សិទ្ធិ លែង​បាន​ទទួល​ប្រាក់កម្ចី​ពី​FMI តទៅទៀត។ ជា​គោលការណ៍ គេត្រូវការពេល​មួយខែ ដើម្បី ដាក់ចំណាត់ថ្នាក់​ប្រទេស​កូនបំណុល​ថា ក្ស័យធន។ ក្នុង​ករណី​របស់​ក្រិក គឺ​រហូត​ដល់​ចុងខែ​កក្កដា ទើប​ក្រិកត្រូវ​ FMIចាត់ទុក​ជាផ្លូវការ​ថា ជា​ប្រទេស​ក្ស័យធន។ ក្នុង​រយៈពេល​មួយខែនេះ គេ​សង្ឃឹមថា ក្រិក​នឹង​អាច​ចរចា បាន​សម្រេច ជាមួយ អឺរ៉ុប​ដើម្បី​ទទួល​បាន​ប្រាក់​ជំនួយ ចុង​ក្រោយ​នោះ ដើម្បី​យក​មក​សង​ FMI។ ប៉ុន្តែ បើ​ក្រិក​នៅ​តែ​ចរចា មិន​បាន​សម្រេច រក​មក​សង​FMI នោះ​FMI​នឹង​ចាត់វិធានការ​តាម​ច្បាប់ ដើម្បី ដក​ក្រិក​ចេញ​ពី សមាជិកភាព​របស់​ស្ថាប័ននេះ។ ការដកប្រទេស​មួយ​ចេញពី​សមាជិកភាព​របស់​ FMI ជា​រឿង​កម្រ។ រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជាច្រើន​ដែល​យឺតយ៉ាវ​មិនអាច​សងបំណុលឲ្យ​ FMI ប៉ុន្តែ នៅ​តែចរចា ដើម្បី ពន្យារ​ពេល​សង​បំណុល ដូចករណី​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ​ជាដើម។

ក្រិក​ប្រហែល​នឹង​មិន​ក្ស័យធន នេះ បើគេ​មើលទៅលើ​ជំហរ​របស់​មេដឹកនាំ​ប្រទេស​នៅ​អឺរ៉ុប​ ដូចជា​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ឬ​លោក​ប្រធានាធិបតី​បារាំង ដែល​បាន​ប្រកាស​បើកផ្លូវ នៅ​តែ​ចង់​ចរចា​រក​ច្រក​ចេញ ជាមួយ រដ្ឋាភិបាល​ក្រិក នៅក្រោយ​ការបោះឆ្នោត​ប្រជាមតិ។ ជាផ្លូវការ នៅពេល​រដ្ឋក្រិក​ក្ស័យធន ធនាគារ​កណ្តាល​អឺរ៉ុប​ក៏​នឹង​លែង​ចាក់បញ្ចូល​លុយជំនួយ​បន្ទាន់ ទៅក្នុង​ធនាគារ​ក្រិក តទៅទៀត ដែល​ជាហេតុធ្វើ​ឲ្យ​ក្រិក​ជួបវិបត្តិ​ខ្វះសាច់ប្រាក់​ក្នុង​ធនាគារ។ ម្យ៉ាងទៀត នោះ​ម្ចាស់បំណុល​ផ្សេងទៀត​នឹង​តម្រូវ​ឲ្យ​ក្រិក​រកប្រាក់​មក​សងបំណុល​របស់ខ្លួន​ទាំងអស់ដែរ ដោយសារ​តែ​ខ្លាច​រដ្ឋក្រិក​គ្មានលុយ គ្មាន​សមត្ថភាព​សងបំណុល។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ បើ​មេដឹកនាំ​អឺរ៉ុប​នៅតែ​មាន​ចេតនា​ចង់​ចរចា​ជាមួយ​ក្រិក នោះ គេ​មាន​សង្ឃឹម​ច្រើន វិបត្តិ​បំណុល​ក្រិក​នឹង​អាច​ដោះស្រាយ​ចេញរួច។ ថ្ងៃ​៣០​មិថុនា នឹង​គ្រាន់តែ​ថ្ងៃ​និមិត្តរូប ប៉ុន្តែ មិនមែន​ថ្ងៃ​ចុងក្រោយ​ដែល​កំណត់​ជោគវាសនា​ក្រិក​ថា ត្រូវ​តែក្ស័យធន​នោះទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ