អានតួអត្ថបទ
ធនាគារ​ពិភពលោក-លីបង់

ធនាគារ​​ពិភព​លោក​​សន្យា​​ផ្តល់​​ថវិកា​​៣៧​​លាន​​ដុល្លារ​​ដើម្បី​​ជួយ​​គ្រូ​​បង្រៀន​​​លីបង់

ធនាគារពិភព​លោក​បាន​ឯកភាព​គ្នា​ជាមួយ​ដៃគូ​ផ្សេងទៀត​ដើម្បី​យក​ថវិកា​ចំនួន ៣៧ លាន​ដុល្លារ​ ទៅ​ជួយ​ដល់​ក្រុម​គ្រូបង្រៀន​សាលារដ្ឋ​របស់​​លីបង់​។ ចំណាត់ការ​នេះ​ ធ្វើឡើង​ដើម្បី​ជួយ​​គ្រូបង្រៀន​ទាំងនោះ​ឲ្យអាច​រួច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ដែល​កំពុង​ញាំញី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។ នេះបើតាមការឲ្យដឹងពីធនាគារពិភពលោកនៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ឆ្នាំ២០២១។

នៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ឆ្នាំ ២០២១ ធនាគារពិភពលោកសន្យាផ្តល់ថវិកា៣៧លានដុល្លារដើម្បីជួយគ្រូបង្រៀនក្នុងប្រទេសលីបង់។
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ឆ្នាំ ២០២១ ធនាគារពិភពលោកសន្យាផ្តល់ថវិកា៣៧លានដុល្លារដើម្បីជួយគ្រូបង្រៀនក្នុងប្រទេសលីបង់។ © AFP - -
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ពិភពលោក​និង​ដៃគូសហការ​ (The UK Foreign) នឹង​បង្វែរប្រាក់​ពី​មូលនិធិ​គាំទ្រសហគមន៍​លីបង់​សម្រាប់​ទទួល​ជន​ភៀស​ខ្លួន​ស៊ីរី​ ដើម្បី​យក​ទៅ​ផ្តល់​ជូន​ក្រុម​គ្រូបង្រៀន​នៅក្នុងប្រទេសលីបង់​វិញ​។

តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ ធនាគារ​ពិភពលោក​និយាយ​ថវិកា​ពីមូលនិធិខាងលើនឹង​ប្រើ​ដើម្បី​​​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមគ្រូបង្រៀន​ដែល​កំពុង​បន្ត​រងគ្រោះ​ពី​វិបត្តិ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​នៅលីបង់​។

ជំនួយ​ថវិកា​ខាងលើ​ គឺជា​ការ​រួមចំណែក​ធានាថា​គ្រូ​បង្រៀនតាមសាលារដ្ឋ​លីបង់​ អាច​មាន​លទ្ធភាព​ទិញ​ប្រេងឥន្ធនៈ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ​។ ហិរញ្ញប្បទាន​ក្នុង​ករណី​ពិសេសនេះ​មានសុពល​ភាព​សម្រាប់ឆ្នាំសិក្សា​ ២០២១-២០២២ និងធ្វើឡើង​តបទៅតាម​សំណើសុំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេសលីបង់​។ នេះបើ​តាម​ធនាគារ​ពិភពលោក​។

គួររំឭកថា​ប្រទេសលីបង់​ដែលជា​ជម្រក​របស់​ជនភៀសខ្លួន​ស៊ីរី​ជាងមួយលាននាក់​ បច្ចុប្បន្ននេះ​កំពុងប្រឈមមុខយ៉ាងខ្លាំងទៅ​នឹងវិបត្តិសេដ្ឋកិច្ច​ដែល​ធនាគារពិភពលោក​ចាត់ទុក​ជា​​វិបត្តិធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​បំផុតមួយ​ ក្នុង​ពិភពលោក​នៃ​សម័យ​ទំនើបនេះ​។

ជាង​ ៨០% នៃប្រជាជនលីបង់​កំពុងរស់នៅក្នុង​ភាពក្រីក្រ​ ហើយ​ប្រាក់លីវ​ដែល​ជា​រូបិយប័ណ្ណ​របស់លីបង់វិញ​បាន​បាត់បង់តម្លៃ​រហូតដល់ទៅ​ប្រមាណ ៩០% នៃ​តម្លៃ​របស់វា​ធៀបនឹងប្រាក់​ដុល្លារ​។

គ្រូបង្រៀន​នៅតាមសាលារដ្ឋ​ដែល​បាន​ទទួលប្រាក់​កម្រៃ​តិចស្រាប់​ តាំងពី​មុន​ពេល​ចាប់​ផ្តើម​នៃ​វិបត្តិ​សេដ្ឋកិច្ច​​ កាន់តែ​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។ គ្រូបង្រៀនលីបង់​ជាច្រើន​គ្មានលទ្ធភាព​សូម្បី​ទិញ​ប្រេងឥន្ធនៈ​ដើម្បីជិះ​ទៅធ្វើការ​បន្ទាប់ពី​តម្លៃថាមពល​កើនឡើងខ្លាំង​នារយៈពេល​ចុងក្រោយនេះ​។ សព្វថ្ងៃ​ដើម្បី​ចាក់សាំង​រថយន្ត​ខ្នាត​មធ្យម ​អ្នក​បើកបរ​​លីបង់​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​ដែលមាន​ចំនួន​៦៧ ៥០០០លីវ ឬ ស្មើនឹង​ប្រមាណ ២៥ ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ