អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖ប្រឈមនឹងចលនាបាតុកម្មមហាជន និងគំនាបក្រុមប្រឆាំង នាយករដ្ឋមន្រ្តីព្យួរកំណែទម្រង់តុលាការ

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​បាន​សម្រេច​ព្យួរ​នីតិវិធី​ក្នុង​ការ​អនុម័ត​លើ​គម្រោង​កំណែទម្រង់​តុលាការ​ដ៏​ចម្រូងចម្រាស​ដែល​កំពុង​ជជែក ពិភាក្សា​នៅ​ក្នុង​សភា។ ការ​សម្រេច​ដូច​នេះ​ត្រូវ​បាន​លោក​នេតាន់យ៉ាហ៊ូ​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ក្រោយ​ពី​បាន​ពិគ្រោះយោបល់​ជាមួយ​ក្រុម​អ្នក​តំណាងរាស្រ្ត​ក្នុង​រដ្ឋាភិបាល​ចម្រុះ។ លោក​នេតាន់យ៉ាហ៊ូ​បាន​លើក​ហេតុផល​ទៅ​ពន្យល់​ថា ការ​សម្រេច​ព្យួរ​គម្រោង​កំណែទម្រង់​តុលាការ​នេះ​គឺ​ដើម្បី​បញ្ជៀស​ភាព​ប្រេះឆា​ប្រទេស​ជាតិ និង​ទុក​ពេល​ដើម្បី​ស្វែង​រក​កុងសង់ស៊ុស​ឲ្យ​បាន​ច្រើន​ជាង​នេះ។ តាម​លោក​នេតាន់យ៉ាហ៊ូ ការ​អនុម័ត​លើ​គម្រោង​កំណែទម្រង់​ផ្សេងៗ រួម​ទាំង​តុលាការ​ផង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោយ​បុណ្យ​សាសនា​ជ្វីហ្វ​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៣ មេសា​ខាង​មុខ។ លោក​អេម៉ានុយអែល ណាវន សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​ក្រុង​តេឡាវី ប្រទេស​អ៊ីស្រាអែល​បាន​មើល​ឃើញ​ថា លោក​នេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ការ​ប្រឆាំង​ពី​ផ្ទៃក្នុង​គណបក្ស​លីគូដ​របស់​លោក​ថែម​ទៀត ពោល​មិនមែន​មាន​ត្រឹម​ពី​មហាជន និង​ពី​ក្រុម​គណបក្សប្រឆាំង​ប៉ុណ្ណោះ​ទេ។

នាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​។
នាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​។ AFP - MARC ISRAEL SELLEM
ផ្សាយពាណិជ្ជកម្ម

« មាន​ការ​រិះគន់ ទិតៀន​កាន់​តែ​ច្រើន​ឡើងៗ​ពី​ផ្ទៃក្នុង​គណបក្ស​លីគូដ។ តែ​សំណួរ​ដែល​ចោទ​ឡើង​នៅ​ត្រង់​ថា តើ​មាន​ឥស្សរជន​ណា​ដែល​អាច​ចេញ​មុខ​ឈរ​ឈ្មោះ​ប្រកួតប្រជែង ត ទល់​នឹង​លោក​នេតាន់យ៉ាហ៊ូ និង​ដឹកនាំ​ចលនា​ប្រឆាំង​នឹង​គាត់។ នេះ​ហើយ​ជា​សំណួរ​ពិតប្រាកដ ព្រោះ​ចូរ​កុំ​ភ្លេច​ថា សមាជិក​គ្រប់​រូប​នៅ​ក្នុង​គណបក្ស​លីគូដ​ដែល​ធ្លាប់​បាន​សាកល្បង​កម្លាំង​ទល់​នឹង​លោក​នេតាន់យ៉ាហ៊ូ និង​បាន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ជាមួយ​គាត់​នា​ពេល​កន្លង​មក គឺ​បាន​ទទួល​បរាជ័យ​ទាំង​អស់ និង​បាន​បង់​ថ្លៃ​នយោបាយ​ថ្លៃ​ខ្លាំង​ណាស់។

ដូច្នេះ​ថ្ងៃ​នេះ ដើម្បី​អាច​មាន​អ្នក​ថ្មី​ណា​ម្នាក់ ឬ​មួយ​ក៏​សមាជិក​គណបក្ស​លីគូដ​ណា​ម្នាក់​ចង់​សាកល្បង​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​កន្លែង​លោក​នេតាន់យ៉ាហ៊ូ អ្នក​ថ្មី​នោះ ឬ​សមាជិក​គណបក្ស​លីគូដ​នោះ​ត្រូវ​ឲ្យ​មាន​ជំនឿ​ជឿជាក់​ក្នុង​ចិត្ត​ថា លោក​នេតាន់យ៉ាហ៊ូ​ពិត​ជា​បាន​ចុះ​ខ្សោយ​ខាង​នយោបាយ​ប្រាកដ​មែន។ តែ​បើ​តាម​មើល​ទៅ គាត់​នៅ​មិន​ទាន់​ចុះ​ខ្សោយ​មែន​ទែន​ទេ។ ច្បាស់​ហើយ លោក​នេតាន់យ៉ាហ៊ូ​បាន​ចុះ​ខ្សោយ តែ​មិន​ដល់​ថ្នាក់​ទទួល​ការ​គំរាមកំហែង​នៅ​ផ្ទៃក្នុង​គណបក្ស​របស់​លោក​ទេ។

យ៉ាង​ណា​ក៏​ដោយ វា​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​យ៉ាង​ម៉េច​នោះ ព្រោះ​ខណៈ​នេះ លោក​នេតាន់យ៉ាហ៊ូ​នៅ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទោះ​បី​ប្រទេស​កំពុង​ពុះកញ្ជ្រោល​ដោយ​បាតុកម្ម​ក្តី។ នៅ​ក្រោយ​បុណ្យ​ជ្វីហ្វ​នា​និទាឃរដូវ គេ​នឹង​មើល​ទៀត​ថា​តើ​អ្វី​ទៅ​ជា​លទ្ធផល​ដែល​នឹង​ទទួល​បាន​ពី​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ