អានតួអត្ថបទ
អ៊ីរ៉ាក់-ដឹកជញ្ជូន

អ៊ីរ៉ាក់បង្ហាញ​គម្រោង “ផ្លូវ​​អភិវឌ្ឍន៍​​” ភ្ជាប់​​ពី​ឈូង​សមុទ្ទពែក្ស​ទៅ​តួកគី

អ៊ីរ៉ាក់​ដែល​លង់​ក្នុង​​សង្គ្រាម​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ កំពុង​ស្រមៃក្លាយ​ជា​ស្ពាន​ចម្លង​វិស័យ​ដឹកជញ្ជូន​ពិភពលោក។ នៅថ្ងៃ​សៅរ៍​ទី ២៧​ឧសភា​នេះ ​រដ្ឋាភិបាល​ក្រុ​ងបាកដាដ​បាន​បង្ហើ​ប​បង្ហាញ​គម្រោង​​អភិវឌ្ឍ​ផ្លូវ​ថ្នល់​និង​ផ្លូវ​ដែក ប្រកប​ដោយ​មហិច្ឆតា តម្លៃ​១៧ពាន់​លាន​ដុល្លារ​ តភ្ជាប់​ឈូង​សមុទ្ទ​ពែក្យ ទៅ​តួកគី ដោយ​ឆ្លង​កាត់​ប្រទេស​អ៊ីរ៉ង់ទាំង​មូល។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Mohamed Chia al-Soudani
នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Mohamed Chia al-Soudani VIA REUTERS - IRAQI PRIME MINISTER MEDIA OFFIC
ផ្សាយពាណិជ្ជកម្ម

ពុំ​ទាន់​មាន​កាល​បរិច្ឆេទ​ចាប់​ផ្តើម​សាងសង់​ទេ ប៉ុន្តែ​គម្រោង​​អភិវឌ្ឍន៍ផ្លូវ​ថ្នល់​និង​ផ្លូវ​ដែក ប្រវែង​១២០០គីឡូម៉ែត្រ ​នឹង​​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដូច​ជា កាតា អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត ស៊ីរី អូម៉ង់ ហ្សកដានី តួកគី អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត។

ត្រូវ​បញ្ចប់​នៅ​រវាង​បី​ទៅ​៥​ឆ្នាំ​ខាង​មុខ​ ​ “ផ្លូវ​អភិវឌ្ឍន៍” ដែល​តភ្ជាប់​ឈូង​សមុទ្ទពែក្យ​ទៅ​តួកគី  និង​ទៅ​ដល់​អឺរ៉ុប ជាគម្រោង​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​មិន​រំពឹង​តែ​លើ​ប្រេង​កាត និង​ ដែល​​​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ជិត​ខាងអ៊ីរ៉ាក់ផង​​និង​ ​តំបន់ផង​​ ព្រោះ​ឈូង​សមុទ្ទ​ពែក្ស​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​វិស័យ​ដឹកជញ្ជូនតាម​​ផ្លូវ​ទឹក​នៅលើ​ពិភពលោក​។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ នា​ឱកាស​បង្ហើប​បង្ហាញ​គម្រោង​ដែល​មាន​អញ្ជើញ​តំណាង​ប្រទេស​ពាក់​ព័ន្ធ​​មក​ចូល​រួមផង។

ឯកអគ្គរដ្ឋ​ទូត​តួកគី​ប្រចាំ​ក្រុង​បាកដាដ បាន​អះអា​ង​ថា គម្រោង​ផ្លូវ​អភិវឌ្ឍន៍​ នឹង​ជំរុញ​ឱ្យ​មាន​ភាព​រំពឹង​គ្នា​ទៅ​វិញ​ទៅ​ក្នុង​តំបន់ ប៉ុន្តែ​មន្ត្រី​រូប​នេះ​មិន​បាន​លម្អិត​ទេ​ថា​តើ​តួកគី​គ្រោង​ចូល​រួម​ក្នុង​កំរិត​ណា។

សម្បូរ​ធនធាន​ប្រេង​ក្រោម​ដី តែ​លង់​ក្នុង​សង្គ្រាមរ៉ាំរ៉ៃ​​និង​អំពើ​ពុករលួយ​ស៊ីរូង​ផ្ទៃ​ក្នុង​អស់​ជា​ច្រើន​ទសវត្សរ៍​ អ៊ីរ៉ាក់មា​ន​ទីតាំង​ភូមិសាស្ត្រ​ល្អ នៅ​ចំផ្លូវ​ត្រង់​ភ្ជាប់​ឈូង​សមុទ្ទ​ពែក្ស​ទៅ​តួកគី និង​ហួស​ទៅដល់​អឺរ៉ុប​បាន ប៉ុន្តែ​អ៊ីរ៉ាក់​មាន​​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់យ៉ាប់​យឺន​​ខ្លាំងណាស់ ជា​ពិសេសកំណាត់​​ផ្លូវត​​ភ្ជាប់​ពីរដ្ឋធានី​បាកដាដ​ទៅ​ភាគ​ខាង​ជើងនៃ​ប្រទេស​ ដែល​តំបន់​ខ្លះ​មាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​សកម្មខ្លាំង។

គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​និង​ផ្លូវ​ដែក​ ចេញ​ពី​ក្រុ​ងកំពង់ផែ​ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​Fao នៅ​ឈូង​សមុទ្ទ​ពែក្ស រហូត​ដល់​ព្រំប្រទល់​តួកគី ដោយ​មាន​ស្ថានីយ៍​បណ្តាក់​គ្នា​ចំនួន​១៥ នឹង​ស្តារ​តួនាទី​អ៊ីរ៉ាក់​ឡើង​វិញ។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ គម្រោង​អ៊ីរ៉ាក់​នេះ​ហាក់​ដូច​ជា​ខ្វះភាព​រលូន ព្រោះ​​អតិថិជន​ច្បាស់​ជា​​ដឹកជញ្ជូន​ទំនិញ​​ពី​អាស៊ី​ទៅ​អឺរ៉ុប​ដោយ​ផ្ទាល់​ ដោយ​មិនជញ្ជូន​ចុះពីកប៉ាល់​រួច​​ជញ្ជូន​ឡើង​​ឡាន​ឬ​ឡើង​រថភ្លើង​ទេត​ពី​រ​បី​ដំណាក់​ឡើយ។

ការដឹកជញ្ជូន​ជា​វិស័យ​គន្លឹះ​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ​គម្រោង​ដ៏​មហាសាល​និង​ប្រកប​ដោយ​មហិច្ឆតា​បំផុត​ គឺ​គម្រោង​ផ្លូវសូត្រ​ថ្មី​របស់​ចិន ឬ​ហៅ​ថា គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​និង​ផ្លូវ​ទឹក​ ​ជាមួយ​ ១៣០ប្រទេស​ ដើម្បី​ភ្ជាប់​ការ​ដឹកជញ្ជូន​ពី​ចិន​ទៅ​អាស៊ី ទៅ​អឺរ៉ុប និង​ទៅ​អាហ្វ្រិក​ឱ្យ​កាន់​ងាយ​ស្រួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ