អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

ហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែក​ជំនួយ ខណៈ​​បទឈប់បាញ់ផ្តើមសញ្ញាវិជ្ជមាន​ជាថ្មី

ថ្ងៃសៅរ៍​ ទី​១៦មីនា នាវាដឹកជំនួយមនុស្សធម៌ ទី១ បាន​ចាប់ផ្តើមចែកចាយជំនួយស្បៀង​ដល់​ប្រជាជន​​នៅតំបន់​ហ្កាហ្សា។​ ​​ហ្កាហ្សាជាទីដែល​ញ៉ាំញីដោយ​ភ្លក់ភ្លើង​សង្គ្រាម​ ប្រមាណ​ជាង​ ៥ ខែ រវាង​អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស។ អង្គការ​សហប្រជាជាតិ​ បញ្ជាក់ថា​ ប្រជា​ពលរដ្ឋ​នៅទី​នោះ កំពុង​ជួប​គ្រោះ​ទុរ្ភិក្ស​ជាខ្លាំង និងត្រូវការ​ជំនួយ​ជាបន្ទាន់។ នាវាដឹកជំនួយទី១ ​ផ្តើម​ចែក​អំណោយ​ស្បៀង ទន្ទឹម​នឹង​នាវា​ទី២ បាន​ត្រៀម​ខ្លួន​ជាស្រេច​ ដើម្បី​ចេញដំណើរពី​ប្រទេស​ស៊ីប។ នៅ​ពេល​នេះ សញ្ញាវិជ្ជមាន​នៃការ​ចរចាគ្នា ​ឈាន​ទៅរក​បទឈប់​បាញ់​ ក៏​ផ្តើម​កម្រើកឡើងវិញ។​ ​

ហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែក​ជំនួយ ខណៈ​​បទឈប់បាញ់ផ្តើមសញ្ញាណ«វិជ្ជមាន»​ជាថ្មី។
ហ្កាហ្សា៖ នាវាមនុស្សធម៌ទី១ចាប់ផ្តើមចែក​ជំនួយ ខណៈ​​បទឈប់បាញ់ផ្តើមសញ្ញាណ«វិជ្ជមាន»​ជាថ្មី។ AFP - -
ផ្សាយពាណិជ្ជកម្ម

​ក្រុម​ហាម៉ាស បាន​លាត​ត្រដាង​ជាថ្មី អំពី​ជំហរ​និង​លក្ខខណ្ឌ​សំណើ​របស់ខ្លួន នៅក្នុង​គម្រោង​ចរចា​ធ្វើ​បទ​ឈប់​បាញ់ ជាមួយ​អ៊ីស្រាអែល។ បទឈប់​បាញ់ ៦ សប្តាហ៍ ក្នុង​អំលុងពេល​នេះ​ ​​ក្រុម​ហាម៉ាសសន្យា​​នឹង​ដោះលែង​អ្នក​ទោសចំណាប់​ថ្នូរ​អ៊ីស្រាអែល​៤២នាក់​ ជាកូនក្មេង ស្រីៗ មនុស្សចាស់និងឈឺ។ ជាថ្នូរវិញ អ៊ីស្រាអែល​ត្រូវដោះលែង​ចំណាប់​ខ្មាំង​ប៉ាឡេស្ទីន ពី​ ២០ ទៅ ៥០ នាក់។​ មិនតែប៉ុណ្ណោះ ក្រុម​ហាម៉ាស ទាមទារ​ឲ្យ​ ​អ៊ីស្រាអែល ដក​ទាហាន​ចេញ​ពី​​បណ្តា​ទីក្រុង​និង​ទីប្រជុំជន​របស់​ប៉ាឡេស្ទីន​, ​បើកផ្លូវ​ឲ្យ​មនុស្ស​ធ្វើ​ចរាចរណ៍​​ចេញចូល​ជាប្រក្រតីធម្មតាឡើងវិញ ដោយគ្មាន​ការ​ត្រួតពិនិត្យ​ដ៏តឹងតែង​​ពីសំណាក់​​ទាហាន​អ៊ីស្រាអែល​ ព្រមទាំង​បើកផ្លូវ​ឲ្យ​រថយន្ត​កាំមីញ៉ុង​ ៥០០ គ្រឿង ក្នុង​១ថ្ងៃៗ​​​ ដឹក​ជំនួយ​​មនុស្ស​ធម៌ចូល​តំបន់​ហ្កាហ្សា។​ នេះបើតាម ថ្នាក់ដឹកនាំ​ក្រុម​ហាម៉ាស​ម្នាក់​ ដែល​បាន​ថ្លែង​ប្រាប់​​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំងអាអេហ្វប៉េ នៅថ្ងៃសុក្រទី​១៥មីនា​។

ប្រភព​ពីភាគី​អ៊ីស្រាអែល​វិញ គេ​បា​នដឹង​ថា​ ប្រតិភូ​​​អ៊ីស្រាអែល បាន​ត្រឡប់​ពីប្រទេស​ការតា​ចូល​ស្រុកវិញ បន្ទាប់ពី​ចរចារួច​ តែ​​មិន​បញ្ជាក់​ថាបាន​ជួប​ក្រុម​តំណាង​ហាម៉ាស​ ពីពេលណា​ទេ​។​ ​ការតា អេហ្ស៊ីប និងសហរដ្ឋ​​អាមេរិក ជា​អន្តរការីបីប្រទេស​ដ៏សំខាន់ ដែល​ដើរ​តួ​រៀបចំ​ការ​ចរចា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស។

​ភាគី​សហរដ្ឋអាមេរិក​ អនុប្រធានាធិបតី​ លោកស្រី ខាម៉ាឡា ហារីស ជា​មនុស្សម្នាក់​​ក្នុង​ចំណោម​អ្នក​ដំបូងៗគេ​ក្នុងរដ្ឋបាល​អាមេរិក ដែល​ស្រែក​ទាមទារ​ឲ្យ​«មាន​បទឈប់បាញ់»។ បទ​ឈប់​បាញ់ ដែល​ត្រូវ​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពីដំបូង​យល់ព្រម ក្រោយមករារែកបដិសេធ​ពី​ពេល​ថ្មីៗ​នេះ ដោយ​មិន​ប្រើពាក្យ​ឲ្យ​ចំ​«បទ​ឈប់​បាញ់ »ដូច្នេះឡើយ។​ ទោះជាម្តេច​ក្តី ប្រមុខ​ទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន ដែល​បាន​ជជែក​ជាមួយ​ប្រធានាធិបតីនិងអនុប្រធានាធិបតីអាមេរិក បានបង្ហាញ​ក្តី​សង្ឃឹម​ដោយ​​វិជ្ជមាន​ថា​ ចាប់ពីថ្ងៃ​ផ្តើម​រដូវ​បួស​តបអាហាររ៉ាម៉ាដន អាមេរិក ការតា និង​អេហ្ស៊ីប​​ សហការធ្វើការ​​ញាប់​ដៃ​ញាប់ជើង​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​រំពឹង​នឹងអាចបាន​កិច្ចព្រមព្រៀង​​ ដោះដូរអ្នក​ទោស និង​បទ​ឈប់បាញ់​​មួយ។

រីឯ ជំហរ​របស់ថ្នាក់ដឹកនាំ​អ៊ីស្រាអែល ទាមទារ​ឲ្យ​ដោះលែង​ចំណាប់​ថ្នូរ ដែល​ក្រុមហាម៉ាស​ចាប់ឃុំ​ជាច្រើន​ខែមកហើយ។ ក៏ប៉ុន្តែ​ មានសញ្ញាណថ្មីដែល​អាច​រំខាន​ដល់​ដំណើរ​ព្រម​ព្រៀង​បទ​ឈប់បាញ់ គឺ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ​លោក ​បេនចាមិន នេតាន់យ៉ាហ៊ូ អះអាង ពី​ថ្ងៃសុក្រ​  ជាថ្មីម្តងទៀតថា កងទ័ព​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បីជម្លៀស​ប្រជាជន​ក្នុង​តំបន់​​រាហ្វាហ៍​ ទាំង​ជាង​១លាន​នាក់​។

គម្រោង​ជម្លៀស​មនុស្សដ៏​សន្ធឹក​​នេះ  ទាំង​អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហគម​​អន្តរ​ជាតិ​​ជា​ច្រើន​ប្រទេស​ បានជំទាស់​។​ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ចន ឃឺប៊ី បញ្ជាក់ថា​ សហរដ្ឋ​អាមេរិក ​មិនគាំទ្រ​គម្រោង​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន​នេះឡើយ ហើយ​និងចង់​មើល​ពិនិត្យ​ផែនការ​លម្អិត​របស់​អ៊ីស្រាអែល​ ជាមុន​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ