អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន-ជំនួយ

សន្និសីទអន្តរជាតិ ប្រមូលជំនួយ​បាន​ ជាង​៦ពាន់​លាន​អឺរ៉ូ សម្រាប់​ស្ថាបនា​អ៊ុយក្រែន​ឡើង​វិញ

នៅថ្ងៃព្រហស្បតិ៍ ទី ៥​ឧសភា សហគមន៍អន្តរជាតិ​បាន​បង្ហាញ​សាមគ្គីភាពជា​មួយ​អ៊ុយក្រែន ដោយបានរៀប​ចំ​បើក​សន្និសីទ​អន្តរជាតិនៃ​ក្រុមប្រទេស​អ្នក​ផ្តល់​ជំនួយនៅទីក្រុង​វ៉ាសូវី។ សន្និសីទ​​ប្រមូល​មូលនិធិបាន​សរុប​ជាង​៦​ពាន់​លាន​អឺរ៉ូ សម្រាប់​យក​ទៅ​ជួយ​អ៊ុយក្រែន​ជា​បន្ទាន់ភ្លាម និង​សម្រាប់ជួយ​​ស្ថាបនា​អ៊ុយក្រែន​ឡើងវិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ។

នាយករដ្ឋមន្ត្រី​ប៉ូឡូញ សមភាគីស៊ុយអែត ប្រធាន​កណៈកម្មការ​និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្នុង​សន្នីសីទ​អន្តរជាតិ​រកជំនួយ​ឱ្យ​អ៊ុយក្រែន
នាយករដ្ឋមន្ត្រី​ប៉ូឡូញ សមភាគីស៊ុយអែត ប្រធាន​កណៈកម្មការ​និង​ក្រុមប្រឹក្សា​អឺរ៉ុប ក្នុង​សន្នីសីទ​អន្តរជាតិ​រកជំនួយ​ឱ្យ​អ៊ុយក្រែន AP - Michal Dyjuk
ផ្សាយពាណិជ្ជកម្ម

“នៅពេលរុស្ស៊ី​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ ប្រទេសក្នុង​ពិភព​​សេរី ត្រូវ​ពាំនាំជំនួយ​ដល់​អ៊ុយក្រែន។ ​សន្និសីទ​អន្តរជាតិថ្ងៃ​​នេះ​ជា​ការ​សម្តែង​សាមគ្គីភាព​ដ៏​ធំ​ធេង​ចំពោះ​អ៊ុយក្រែន”។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​ស៊ុយអែត។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ដដែល ​សន្និសីទ​អន្តរជាតិនៃ​​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​នៅទីក្រុង​វាសូវី ដែលសហរៀប​ចំ​ឡើងដោយប្រទេស​​ប៉ូឡូញ​និង​​ស៊ុយអែត ដោយ​មាន​ការ​​ចូល​រួមចំណែកពី​សហភាពអឺរ៉ុប និង​អង្គការ​សហប្រជាជាតិ ប្រមូល​បាន​​​ថវិកាចំនួន​ ៦១៥០លាន​អឺរ៉ូ ក្នុង​ទម្រង់​ជា​កិច្ចសន្យា​ផ្តល់​ជំនួយ​ឱ្យ​​អ៊ុយក្រែន និង​អ្នកគាំទ្រ​អ៊ុយក្រែន សម្រាប់​យក​ទៅប្រើប្រាស់​ជាបន្ទាន់​ភ្លាម​ប្រឈម​នឹងការឈ្លានពាន​របស់រុស្ស៊ី និង​ សម្រាប់​គាំទ្រ​​ទស្សនវិស័យ​នៃការ​ស្ថាបនា​ប្រទេស​ឡើង​វិញ។

​អ៊ុយក្រែន​មិន​នៅម្នាក់ឯង​ទេ អឺរ៉ុប​នៅ​ជាមួយ​ជានិច្ច និង​ជួយ​ស្ថាបនា​ប្រទេស​និង​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន​ ឱ្យ​បាន​រុងរឿង​និង​មាន​ស្ថិរភាព​នាពេល​អនាគត​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ​តែ ម្តង។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុបនៅ​ពេល​បើក​សន្និសីទ។ ហើយគឺ​​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី វ៉ុនដឺលីយ៉ែន Ursula von der Leyen ជា​អ្នក​​ប្រកាស​​បញ្ចេញ​កញ្ចប់​ថវិកាអឺរ៉ុប​​ចំនួន ២០០​លាន​អឺរ៉ូ ​បន្ថែមឱ្យ​​អ៊ុយក្រែន​សម្រាប់​ចាត់​ចែង​ជា​ជំនួយ​មនុស្សធម៌។ ជា​សរុបជំនួយ​ហិរញ្ញវត្ថុ​​របស់សហភាព​អឺរ៉ុបសម្រាប់​អ៊ុយក្រែន​បាន​ឡើង​ដល់​៤ពាន់​លាន​អឺរ៉ូ ​គិត​ចាប់​តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនថ្ងៃទី ២៤​កុម្ភៈ​២០២២មក។

ជាង​នេះ​ទៅទៀត បារាំង​ក៏​បន្ថែម​ជំនួយ​ឱ្យ​អ៊ុយក្រែន​ដែរ។ ថ្លែង​ទៅ​កាន់​សន្និសីទ​អន្តរជាតិ​តាម​ប្រព័ន្ធ​វីដេអូ លោកប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង បាន​ប្រកាស​ដំឡើង​ជំនួយ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ និង​មនុស្សធម៌ ចំនួន ៣០០​លាន​ដុល្លារ​បន្ថែម ដើម្បី​ឱ្យ​ឡើង​គ្រប់​ដល់​២ពាន់​លាន​ដុល្លារ​តែ​ម្តង។ ជំនួយ​បន្ថែម​នេះ មិន​ពាក់​ព័ន្ធ​នឹង​ជំនួយ​យោធា​ទេ។ បារាំង​បាន​ផ្តល់​ជំនួយ​មនុស្ស​ដល់​អ៊ុយក្រែន​តាំងពី​ថ្ងៃ​ដំបូងភ្លាម​ ចំនួន ១០០លានអឺរ៉ូ និង​សម្ភារៈ​បរិក្ខារ​ចំនួន ៨០០តោន និង​ថវិកាជំនួយរួម​ ​១៧០០​លាន​សម្រាប់​ទ្រទ្រង់​ថវិកា​រដ្ឋ​អ៊ុយក្រែន និង​ការ​វិនិយោគ។ ប្រធានាធិបតី​បារាំង​ក៏បាន​ថ្លែង​អំណរគុណ​ក្រុមប្រទេ​ស​អឺរ៉ុប​ជិតខាង​អ៊ុយក្រែន មានជាអាទិ៍​​ប៉ូឡូញ ហុងគ្រី រូម៉ានី ស្លូវាគី ... ​ដែល​បាន​សម្តែង​សាមគ្គី​ភាពគ្មាន​​ប្រៀបជួយ​អ៊ុយក្រែន​ដោយ​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ