អានតួអត្ថបទ
កម្ពុជា

បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ផ្សព្វផ្សាយ​

បញ្ជី​ឈ្មោះ​​របស់​​បេក្ខជន​តំណាងរាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​​គ.ជ.បបោះផ្សាយ​​ជា​សាធារណៈ​​ហើយ​​ នៅ​ចុង​សប្តាហ៍​នេះ។ មេដឹកនាំ​កំពូល​ទាំង៣​របស់​គណបក្ស​កាន់អំណាច​គឺ​លោក​ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន នៅតែ​ឈរឈ្មោះ​លេខ​រៀង​ទី១​ក្នុង​មណ្ឌល​​ចាស់​​ដដែល ​គឺ​មណ្ឌល​ភ្នំពេញ កំពង់ចាម និង​កណ្តាល។ កូន​មន្ត្រី​គណបក្ស​នេះ​ចំនួន​៨នាក់​​​ក្នុងនោះ​​មាន​​កូន​ប្រុស​និង​​កូនប្រសារ​​លោក​នាយក​រ​ដ្ឋ​មន្ត្រី​​ផង​​ ក៏​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​បេក្ខជន​​តំណាងរាស្ត្រ​​ដែរ។​

នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​ នៅ​ឱកាស​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅខេត្ត​កណ្តាល​ ខែ​មិថុនា​២០១២។
នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​ នៅ​ឱកាស​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅខេត្ត​កណ្តាល​ ខែ​មិថុនា​២០១២។ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

គ្មានអ្វី​​ជា​​អាថ៌កំបាំង​​ទៀតឡើយ​​សម្រាប់​​បេក្ខជន​​តំណាងរាស្ត្រ​​គណបក្ស​​ប្រជាជន​កម្ពុជា។ គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​ (គ.ជ.ប) បាន​​ផ្សព្វផ្សាយ​​ជា​​សាធារណៈ​នៅលើ​​គេហទំព័រ​របស់​ខ្លួន​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់អំណាច​សម្រាប់​​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី៥ នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខ។

លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ឈរឈ្មោះ​លេខ​រៀង​ទី​១នៅ​មណ្ឌល​ភ្នំពេញ​លោក​ ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ឈរឈ្មោះ​លំដាប់​លេខ​១ ក្នុង​ខេត្ត​កំពង់ចាម ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈរឈ្មោះ​ដើម​គេ​នៅក្នុង​មណ្ឌល​កណ្តាល។ មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៀត​ក៏​នៅតែ​បន្ត​ឈរឈ្មោះ​ក្នុង​មណ្ឌល​ដដែល​ដូច​កាលពីមុន​ដែរ។ ជាក់ស្តែងលោក ហោ ណាំហុង ឈរឈ្មោះ​ក្នុង​មណ្ឌល​កំពង់ចាមនិង​លោក ស ខេង ក្នុង​ខេត្ត​បាត់ដំបង។

ក្រៅពី​​មន្ត្រីជាន់ខ្ពស់​​ដែល​កំពុង​កាន់អំណាច និង​ដែល​ភាគច្រើន​មាន​វ័យ​កាន់​តែ​​ចាស់​ទៅហើយ​​នោះ ក៏មានដែរ​បេក្ខភាព​កូន​របស់​មន្ត្រី​ធំៗ​ក្នុង​គណបក្ស​នេះ​ចំនួន​៨​នាក់​ នៅក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ។ លោក ហ៊ុន ម៉ា​នី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទី​៤ នៅ​ក្នុង​មណ្ឌល​កំពង់ស្ពឺ។ លោក ឌី វិជ្ជា កូនប្រសារ​លោក​នាយករដ្ឋមន្ត្រី ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង លេខ​រៀង​ទី១ នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង។

លោក ស សុខា កូនប្រុស​លោក ស ខេង ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៦ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង។ លោក សុខ សូ​កាន កូនលោក សុខ អាន ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទី​៨ ក្នុង​មណ្ឌល​តាកែវ។ លោក ជាម ចន្ទ​សោ​ភណ្ឌ កូនប្រុស​លោក ជាម យៀប ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង​ទី​៨ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង។ លោក សាយ សំ​អាល់ កូន​លោក សាយ ឈុំ ឈរឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​ទី១០ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម។ លោក ឌិត ទីណា កូន​លោក ឌិត មន្ទីរ ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង​ទី២ នៅ​មណ្ឌល​ខេត្ត​កណ្តាល និង​លោក គីម រិទ្ធី កូនប្រុស​លោក គន់ គីម ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​៥ នៅ​មណ្ឌល​ខេត្ត​កណ្តាល។

រីឯ​អតីត​អភិបាលខេត្ត និង​រាជធានី​ចំនួន ៧នាក់​ដែល​ទើបតែ​ផុត​អាណត្តិ​ចូល​និវត្តន៍​ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ដែរ ក្នុងនោះ លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​ឈរឈ្មោះ​លេខ​រៀង​ទី៣ក្នុង​មណ្ឌល​ភ្នំពេញ។

សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះឈ្មោះ​មុនគេ​នៅក្នុង​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប កាលពី​ថ្ងៃ​ទី​២៩​មេសា។ គណបក្ស​នេះ​បានដាក់​បេក្ខជន​ឈរឈ្មោះ​ពេញសិទ្ធិ​ចំនួន ១២៣​នាក់ នៅ​ទាំង​២៤ ខេត្ត និង​រាជធានី អមដោយ​បេក្ខជន​បម្រុង ចំនួន ១៤៥​នាក់ ក្នុងនោះ​ក៏​មាន​ស្ត្រី ៤៨​នាក់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ