បារាំងទទួលស្គាល់ថាខ្លួនមានកម្លាំងទាហានពិសេស ជួយនៅសមរភូមិស៊ីរី
ក្រៅពីកងទាហានអាកាស ដែលធ្វើប្រតិបតិ្តការនៅស៊ីរី មន្រ្តីនៃក្រសួងការពារជាតិបារាំង បានទទួលស្គាល់ថា បារាំងមានកងកម្លាំងពិសេសមួយក្រុម ដែលនៅចាំជួយក្រុមកម្លាំងអារ៉ាប់ ដើម្បីវាយប្រយុទ្ធជាមួយពួកជីហាដអង្គការរដ្ឋអ៊ីស្លាម ក្នុងខេត្តអាឡេប ភាគខាងជើងស៊ីរី។តែយ៉ាងណា ក្រសួងការពារជាតិបារាំង បានអះអាងថា វត្តមានរបស់កម្លាំងពិសេសបារាំងនេះ មានបេសកកម្មដើម្បីតែផ្តល់ប្រឹក្សាផ្នែកយុទ្ធសាស្ត្រប្រយុទ្ធ តែមិនបានចូលរួមប្រយុទ្ធដោយផ្ទាល់ទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
នេះជាលើកទីមួយហើយ ដែលក្រសួងការពារជាតិបារាំង បានទទួលស្គាល់ជាផ្លូវការថា ពិតជាមានកងកម្លាំងពិសេសបារាំង ប្រចាំការនៅសមរភូមិ ក្នុងទឹកដីស៊ីរីប្រាកដមែន។ យោងតាមមន្ត្រីធំៗនៃក្រសួងការពារជាតិបារាំង បានឲ្យដឹងថា កងកម្លាំងពិសេសនេះ កំពុងធ្វើប្រតិបត្តិការជួយកងកម្លាំងអារ៉ាប់ និងគួដ ដែលពួកគេកំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម។ ដោយមិនបញ្ជាក់ថា មានទាហានបារាំងប៉ុន្មាននាក់ ក្រសួងការពារជាតិគ្រាន់តែបានបញ្ជាក់ថា បេសកកម្មនេះជាបេសកកម្មផ្តល់ជំនួយប្រឹក្សាបច្ចេកទេស តែប៉ុណ្ណោះ។ កងកម្លាំងបារាំងមិនបានទៅចូលរួមប្រយុទ្ធ ដោយផ្ទាល់ទេ។
សូមបញ្ជាក់ថា ពេលមុននេះ ក្រសួងការពារជាតិបារាំង ធ្លាប់បានទទួលស្គាល់ផងដែរ ថាមានកងកម្លាំងពិសេសបារាំងចំនួន១៥០នាក់ ដែលនៅជួយខាងកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងប៉េហ្សម៉ាហ្គាស នៅតំបន់មូស៊ូល។ ដោយឡែក លោក Jean-Yves le Drian រដ្ឋមន្ត្រីការពារជាតិបារាំង ធ្លាប់បានព្រលយពាក្យថា មានកងទ័ពបារាំងមួយក្រុមកំពុងសហការជាមួយកងទ័ពអាមេរិក នៅសមរភូមិតំបន់មីនបិច (Minbej) ក្នុងខេត្តអាឡិប ភាគខាងជើងស៊ីរី។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ តាមទូរទស្សន៍បារាំង លោករដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា កងទ័ពបារាំងទទួលចាត់ចែង ក្នុងការដឹកជញ្ជូនអាវុធ ជួយប្រើយន្តហោះប្រដេញដើម្បីបើកផ្លូវ និងផ្តល់ប្រឹក្សាផ្នែកយុទ្ធសាស្ត្រ។ ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយកងទ័ពអាមេរិក កំពុងតែព្យាយាមយកឈ្នះនៅសមរភូមិភាគខាងជើងស៊ីរី ដើម្បីកាត់ផ្តាច់ផ្លូវឆ្លងកាត់ដឹកជញ្ជូនកម្លាំង និងអាវុធរបស់ពួកជីហាដអង្គាររដ្ឋអ៊ីស្លាម ចេញពីតួកគី។
ដោយឡែក ពីប្រភពក្រសួងការពារជាតិបារាំងដដែល បានបញ្ជាក់ថា បារាំងធ្វើអន្តរាគមន៍នៅស៊ីរី មិនមែនដោយសារតែ មានពួកជីហាដ ដែលជាយុវជនបារាំងនៅតំបន់នោះទេ។ ទោះមានពួកជីហាដបារាំង រឺគ្មានក្តី ក៏កងទ័ពបារាំងធ្វើអន្តរាគមន៍ដែរ។ អន្តរាគមន៍នៅសមរភូមិផ្ទាល់នេះ ធ្វើឲ្យកងទ័ពបារាំង អាចក្តាប់បានសភាពការណ៍ទូទៅរបស់ពួកជីហាដ ព្រមទាំងអាចស្រង់យកទិន្នន័យ ដើម្បីងាយស្រួលរៀបយុទ្ធសាស្ត្របង្ការការវាយប្រហារភេរវកម្ម នៅក្នុងទឹកដីបារាំង។ ជំនាញពិសេសរបស់កងទ័ពបារាំង គឺជួយណែនាំ បណ្តុះបណ្តាលដល់កងកម្លាំងមូលដ្ឋាន ព្រមទាំងផ្តល់យុទ្ធសាស្ត្របចេ្ចកទេស។ ក្រៅពីស៊ីរី និងអ៊ីរ៉ាក់ បារាំងក៏បានបញ្ជូនកងកម្លាំងពិសេសរបៀបនេះ ទៅធ្វើបេសកកម្មនៅប្រទេសលីប៊ីផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ