អានតួអត្ថបទ
ជប៉ុន-អ៊ីរ៉ង់

ជប៉ុន​ត្រៀម​ខ្លួន​ដាក់​ទុន​វិនិយោគ​នៅ​អ៊ីរ៉ង់

រដ្ឋាភិបាល​ជប៉ុន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ នៅ​ថ្ងៃ​សៅរ៍​ ទី៥​ កញ្ញា​ ថា ​ជប៉ុន ​នឹង​ចាប់​ផ្តើម​ ជួប​ចរចា​ ជាមួយ​ភាគី​ អ៊ីរ៉ង់​ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ទៅ ​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង ​ស្តីពី​កម្មវិធី​វិនិយោគ​របស់​ជប៉ុន ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ ដែល​សំបូរ​ប្រេង​មួយ​នេះ។ នេះ​ជា​ផល​វិជ្ជមាន ​នៃ​កិច្ច​ព្រមព្រៀង​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដែល​បាន​ធ្វើឲ្យ​ប្រទេស​មហាអំណាច ​ចាប់​ផ្តើម​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ីរ៉ង់ ​ហើយ​និង​ធ្វើការ​វិនិយោគ​ ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់។

ទីក្រុង​តេអេរ៉ង់​ មើលពីចំងាយ កំពុង​ត្រៀម​ខ្លួន ទទួលការ​វិនិយោគ​បរទេស​ បន្ទាប់​ពីសាធារណរដ្ឋអ៊ីស្លាម​នេះ បានបិទទ្វារ​អស់​រយៈពេល​ជិត ៣០ឆ្នាំ
ទីក្រុង​តេអេរ៉ង់​ មើលពីចំងាយ កំពុង​ត្រៀម​ខ្លួន ទទួលការ​វិនិយោគ​បរទេស​ បន្ទាប់​ពីសាធារណរដ្ឋអ៊ីស្លាម​នេះ បានបិទទ្វារ​អស់​រយៈពេល​ជិត ៣០ឆ្នាំ Getty Images/Alireza Firouzi
ផ្សាយពាណិជ្ជកម្ម

លោក​ យូហ្ស៊ីហ៊ីតេ ស៊ុហ្គា ​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី៧ ​រហូត​ដល់​ថ្ងៃ​ពុធ ​ទី៩​កញ្ញា ​គណប្រតិភូ​រដ្ឋាភិបាល​ជប៉ុន ​នឹង​ចរចា​ជាមួយ​អ៊ីរ៉ង់ ​ស្តីពី​កម្មវិធី​ គម្រោង​វិនិយោគ​ របស់​ជប៉ុន​ ក្នុង​ប្រទេស​នេះ។ លោក​បាន​បន្ត​ថា ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​​ស្តីពី​នុយក្លេអ៊ែរ​ ត្រូវ​បាន​ចុះ​ហត្ថលេខា ​ប្រទេស​មហាអំណាច ​នាំគ្នា​ត្រៀម​ខ្លួន​ ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ​ជា​ពិសេស ​គឺ​ធន​ធាន​ប្រេងកាត។ ដូច្នេះ​ ជប៉ុន​ត្រូវតែ​ប្រញ៉េប​ប្រញ៉ាប់ ​ដើម្បី​ចាប់​កន្លែង​អង្គុយ​ ឲ្យ​បាន​មុន​គេ។

 
ជប៉ុន​សង្ឃឹម​ថា ​ការ​បើក​ចំហរ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ នា​ពេល​នេះ ​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ បន្ថែម​ការ​នាំចូល​​ទៅ​ក្នុង​អ៊ីរ៉ង់ ​ជា​ពិសេស ​គឺ​រថយន្ត​របស់​ជប៉ុន ​ហើយ​នឹង​បន្ថែម​ការ​នាំចេញ​ប្រេងកាត​ ពី​អ៊ីរ៉ង់។ សេដ្ឋកិច្ច​ជប៉ុន​រំពឹង ​ខ្លាំង​ទៅ​លើ​ថាមពល​ប្រេង​ ដែល​នាំចូល​សឹង​តែ​ទាំង​ស្រុង​ពី​ តំបន់​ដើមបូព៌ា។

សូម​រំលឹក​ថា ​កន្លង​មក ​ក្នុង​ពេល​ដែល​អ៊ីរ៉ង់ ​មាន​វិបតិ្ត​ ជាមួយ​ប្រទេស​មហា​អំណាច ​ជប៉ុន​មិន​បាន​បិទ​ទ្វារ​ទូត​ ទាំងស្រុង​ជាមួយ​អ៊ីរ៉ង់​ទេ ​ពោល​គឺ​ជប៉ុន​ បាន​បន្ត​មាន​ទំនាក់ទំនង​ ជាមួយ​អ៊ីរ៉ង់​ ជាប់​រហូត​គ្រាន់តែ​ការ​នាំចូល ​និង​នាំ​ចេញ ​មាន​កំរិត​ទៀប​បំផុត។ មួយ​វិញ​ទៀត ​ក្រោម​ការ​ដាក់​គំនៀប​របស់​សហរដ្ឋអាមេរិក​ ជប៉ុន​បាន​បញ្ឈប់ ​ការ​ដាក់​ទុន​វិនិយោគ​ថ្មី​បន្ថែម​នៅ​អ៊ីរ៉ង់ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣។ បច្ចុប្បន្ន​​នេះ ​មាន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ​ចំនួន​ជាង​៣០ ​ដែល​កំពុង​តែ​រកស៊ី​នៅ​អ៊ីរ៉ង់។

ដូច្នេះ ​ឱកាស​នេះ ​ ពិត​ជា​ឱកាស​មាស​ សម្រាប់​ជប៉ុន ​ដើម្បី​បន្ថែម​ការ​នាំ​ទំនិញ​ជប៉ុន​ ចូល​អ៊ីរ៉ង់​ ហើយ​នាំ​ប្រេង​ ត្រឡប់​មក​ជប៉ុន​វិញ។ ក្រៅ​ពី​ការ​ពង្រីក​វិស័យ​សេដ្ឋកិច្ច ​អ៊ីរ៉ង់​ធ្លាប់​បាន​សម្តែង​ចំណាប់​អារម្មណ៍ ​ទៅ​លើ​វិស័យ​នុយក្លេអ៊ែរ​ស៊ីវីល ​របស់​ជប៉ុន ​ដោយ​អ៊ីរ៉ង់​ ចង់​បាន​បទ​ពិសោធន៍​ខ្លះ​ ពី​ជប៉ុន។ ដោយ​ឡែក ​បើ​តាម​ផ្សាយ​របស់ ​កាសែត Kyodo News ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​ប្រហែល​ជា​អាច​ទៅ​ក្រុង​តេអេរ៉ង់ ​នៅ​ខែ​ក្រោយ ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​សេដ្ឋកិច្ច​ទ្វេភាគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ