អានតួអត្ថបទ
តួកគី-សហរដ្ឋអាមេរិក

តួកគី និង​អាមេរិក​រួមគ្នា កម្ចាត់ខ្ចាយ ក្រុមជីហាត រដ្ឋអ៊ីស្លាម​ពី​តំបន់ជាប់​ព្រំដែន​ស៊ីរី តួកគី

អង្គការ​អូតង់​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​អង្គារ ទី ២៨ កក្កដា ទៅតាម​ការស្នើសុំ​របស់​តួកគី ប្រទេស​សមាជិក ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ នៅ​តួកគី ក្រោយ​ភេរវកម្ម សម្លាប់​មនុស្ស ៣២​នាក់ នៅ​ប៉ែកខាងត្បូង តួកគី កាលពី​សប្តាហ៍មុន។ កាលពីថ្ងៃ​ចន្ទ សហររដ្ឋអាមេរិក និង​តួកគី​បាន​សម្រេច ពង្រឹង​សហប្រតិបត្តិការ​យោធា ដើម្បី​កម្ចាត់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ឲ្យ​អស់​ពី​តំបន់​ភាគ​ខាងជើង​ស៊ីរី ដែល​នៅ​ជាប់​ជាមួយ​ព្រំដែន​តួកគី។ 

យន្តហោះ​អាមេរិក​ចុះចត​នៅ​មូលដ្ឋាន​ទ័ព​តួកគី​នៅភាគខាងត្បូង​តួកគី
យន្តហោះ​អាមេរិក​ចុះចត​នៅ​មូលដ្ឋាន​ទ័ព​តួកគី​នៅភាគខាងត្បូង​តួកគី ©REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

អាមេរិក និង​តួកគី ចាប់ដៃ សហការ​គ្នា ដើម្បី​វាយបណ្តេញ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ឲ្យ​អស់​ពី​ទឹកដី​ភាគ​ខាងជើង​ស៊ីរី។ តាម​មន្រ្តី​យោធា​ជាន់ខ្ពស់​របស់​អាមេរិក ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពីថ្ងៃ​ចន្ទ គោលដៅ​នៃ​សហប្រតិបត្តិការ​យោធា​ថ្មី របស់​តួកគី និង​អាមេរិក គឺ​បង្កើត​តំបន់​មួយ ដែល​គ្មាន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅក្នុង ទឹកដី​ស៊ីរី ហើយ​និង​ធានា​ស្ថិរភាព សន្តិសុខ នៅ​តាម​តំបន់​ព្រំដែន តួកគី ស៊ីរី។ ពាក្យ​ធានា​ស្ថិរភាព សន្តិសុខ​តាម​តំបន់​ព្រំដែន​តួកគី ស៊ីរី អាច​ឲ្យ​គេ​យល់ថា តួកគី មាន​សិទ្ធិ​ផងដែរ វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម គួឌីស្ថាន PKK សត្រូវ​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ដែល​កំពុង​បោះ​ទីតាំង​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។

 
តាម ​អ្នកទទួល​ខុសត្រូវ​យោធា អាមេរិក ដដែល កិច្ចសហការ​យោធា អាមេរិក តួកគី មាន​និយាយ​ថា តួកគី​នឹង​ជួយ​ក្រុមប្រដាប់​ប្រឆាំង​ស៊ីរី ដៃគូ​របស់​អាមេរិក ដែល​កំពុង​ប្រយុទ្ធ​នៅក្នុង​សមរភូមិ ប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ ប៉ុន្តែ ផ្ទុយទៅវិញ កិច្ច​ព្រមព្រៀង អាមេរិក​តួកគី មិន​បាន​និយាយ​ពី​ការបង្កើត​តំបន់​ហាមហោះហើរ ដូច​ដែល​រដ្ឋាភិបាល​តួកគី​ទាមទារ​ចង់បាន​នោះទេ។

កាលពីថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​តួកគី លោក អាម៉េត ដាវូតូគ្លូ​បាន​និយាយ​ប្រាប់​ទូរទស្សន៍​តួកគី ថា សម្ព័ន្ធមិត្ត​អាមេរិក តួកគី​បាន​យល់ស្រប​គ្នា​ថា នឹង​បង្កើត​តំបន់​ហាម​ហោះហើរ មួយ ដើម្បី វាយកម្ចាត់ ក្រុមជីហាត​រដ្ឋអ៊ីស្លាម និង​ជួយ​ក្រុមប្រឆាំង​ស៊ីរី ឲ្យ​ដណ្តើម​យក​ទឹកដី​ស៊ីរី ភាគខាងជើង​មកគ្រប់គ្រង​វិញ។ “យើងមិនចង់​ឃើញ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​​នៅ​ព្រំដែន​តួកគី​ទេ” នេះ​ជា​ការនិយាយ​ប្តេជ្ញាចិត្ត​របស់​នាយករដ្ឋមន្រ្តី​តួកគី។

ក្រោយ​ភេរវកម្ម សម្លាប់​មនុស្ស​៣២​នាក់ នៅភាគខាងត្បូង ប្រទេស រដ្ឋាភិបាល​តួកគី​បាន​ប្តូរ​ជំហរ ១៨០​ដឺក្រេ ដោយ​បាន​ចូលរួម​ជាមួយ សម្ព័ន្ធអន្តរជាតិ វាយប្រហារ​ទៅលើ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ទឹកដី​ស៊ីរី ដែល​ជាអ្នកប្រកាស​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​នៅ​តួកគី។ ប៉ុន្តែ ជាមួយ​គ្នានេះ រដ្ឋាភិបាល​តួកគី ក៏​បាន​ឆ្លៀត បើក​ប្រតិបត្តិការ​វាយប្រហារ​ផងដែរ ទៅលើ​ក្រុមឧទ្ទាម គួឌីស្ថាន PKK ផងដែរ។ កាលពីថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​ថែម​ទាំង​បាន​សន្យាថា នឹង​បន្ត​វាយ​ប្រហារ​ទៅលើ​ក្រុមឧទ្ទាម គួឌីស្ថាន រហូត​ដល់​ក្រុមនេះ​យល់ព្រម​ទម្លាក់​អាវុធ។

តាម​អ្នកវិភាគ​ខ្លះ តួកគី​បាន​សម្រេច​ចូលរួម ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ប៉ុន្តែ មិន​បាន​ប្តូរជំហរ របស់ខ្លួន ដែល​ចង់​ឃើញ របបប្រធានាធិបតី​ស៊ីរី ដួលរលំ​នោះទេ។ តួកគី​ចង់​កម្ចាយ​ក្រុមជីហាត ដើម្បី យក​តំបន់​ស៊ីរី ជាប់​ព្រំដែន​តួកគី ឲ្យ​ក្រុមប្រឆាំង​ស៊ីរី ដែលកំពុង​ប្រយុទ្ធប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល​ស៊ីរី។ ម្យ៉ាងទៀត ដើម្បី បង្កើត​តំបន់​មួយ​ក្នុង​ទឹកដី​ស៊ីរី សម្រាប់​តែ​ក្រុមប្រឆាំង​ស៊ីរី រដ្ឋាភិបាល​ក្រុង​អង់ការ៉ា អាច​នឹង​មាន​លេស វាយប្រហារ បណ្តេញ​ក្រុមឧទ្ទាម​គួឌីស្ថាន PKK ឲ្យ​ខ្ទាត​ចាកចេញ​ឆ្ងាយពី​ព្រំដែន​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ