អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

ចន ឃែរីថា ភាគី​ធំៗ​ត្រូវ​សាមគ្គី​គ្នា ក្នុង​សំណុំ​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ការ​ចរចា​រវាង​ប្រទេស​ទាំង​ ៦ ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​កំពុង​តែ​ប្រព្រឹត្តិ​ទៅ​ យ៉ាង​តានតឹង ​នៅ​ក្រុង​ឡូហ្សាន​ ប្រទេស​ស្វីស។ មាន​លេច​ឮ​ឡើង ថា ភាគី​ទាំង​៦​ ដែល​កំពុង​តែ​ចរចា​ ជាមួយ​អ៊ីរ៉ង់ ​កំពុង​តែ​ទាស់​សំដី​គ្នា ​ជា​ពិសេស​ ទាក់ទិន​ទៅ​នឹង​គោល​ជំហរ​របស់​អាមេរិក ​ដែល​ចង់​ឲ្យ​សម្រេច​ការ​ព្រម​ព្រៀង​​នេះ ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​ ចន ឃេរី ​ប្រមុខ​ការទូត​អាមេរិក ​បាន​ចេញ​មក​អះអាង​ថា ​ចំពោះ​មុខ​នឹង​ការ​ចរចា​លើ​សំណុំ​រឿង​ដ៏​ស្មុកស្មាញ​នេះ ​ប្រទេស​មហា​អំណាច​ទាំង​៦​ ត្រូវតែ​សាមគ្គី​គ្នា ​ឈរ​លើ​ជំហរ​តែមួយ។

លោក​ចន ឃេរី ប្រមុខការទូត​​សហរដ្ឋ​អាមេរិក​​ អះអាង​ថា អាមេរិក គ្មាន​ចេតនា បង្ខំ​​ឲ្យ​​តែ​​មាន​​កិច្ច​ព្រមព្រៀង​នោះ​ទេ
លោក​ចន ឃេរី ប្រមុខការទូត​​សហរដ្ឋ​អាមេរិក​​ អះអាង​ថា អាមេរិក គ្មាន​ចេតនា បង្ខំ​​ឲ្យ​​តែ​​មាន​​កិច្ច​ព្រមព្រៀង​នោះ​ទេ REUTERS/Neil Hall
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​អ៊ីរ៉ង់ ​បាន​ប្រព្រឹត្តិ​ទៅ​ អស់​រយៈ​ពេល ​១២​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​ភាគី​ដែល​ចូលរួម​ចរចា​ ជាមួយ​អ៊ីរ៉ង់ ​មាន​ចំនួន​ ៦​ប្រទេស គឺ ​សហរដ្ឋ​អាមេរិក ​បារាំង ​អាល្លឺម៉ង់ ​អង់គ្លេស ​ចិន ​និង​រុស្ស៊ី។ កន្លង​មក​ ភាគី​ទាំងអស់ ​បាន​កំណត់​ឱសានុវាទ ​ជា​ដំណាក់ៗ ​ដើម្បី​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ ប្រឹង​ប្រែង​សម្រេច​ឲ្យ​បាន​ នូវ ​ការ​ព្រមព្រៀង ​លើ​ចំណុច​សំខាន់ៗ ​ដែល​ត្រូវ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ ចុង​ក្រោយ​មួយ។

 
បច្ចុប្បន្ន​នេះ ​ភាគី​ទាំង​អស់ ​កំពុង​ជួប​ប្រជុំ​គ្នា​ ក្នុង​ក្រុង​ឡូហ្សាន ​ប្រទេស​ស្វីស។ ភាគី​ទាំងអស់​មាន​ពេល​រហូត​ដល់ ​ថ្ងៃ​៣១ មិនា ដើម្បី​ស្រុះស្រួល​គ្នា ​លើ​ចំណុច​សំខាន់ៗ។ ចំណែក​ឯ​កាលបរិចេ្ឆទ​ចុង​ក្រោយ​ ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ នូវ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ ​គឺ​នៅ​រវាង​ចុង​ខែ​ មិថុនា ​និង​ដើមខែ​កក្កដា ​ឆ្នាំ​២០១៥​នេះ។

ទាក់​ទិន​នឹង​កាល​បរិច្ឆេទ​នេះ​ឯង ​ដែល​មាន​ពាក្យ​លេចឮ​ថា ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង ​ភាគី​ចរចា។ ​បើ​តាម​ការ​រាយការណ៍ ​បារាំង​បាន​បង្ហាញ​គោល​ជំហរ​យ៉ាង​ច្បាស់ ​ថា​បារាំង​គាំទ្រ​ឲ្យ​អ៊ីរ៉ង់​ មាន​កម្មវិធី​នុយក្លេអ៊ែរ ​ប៉ុន្តែ​អ៊ីរ៉ង់​ ត្រូវតែ​ធានា​ឲ្យ​បាន​ថា ​ថាមពល​នុយក្លេអ៊ែរ​នេះ​ ​មិនមែន​ប្រើ​ដើម្បី​ផលិត​គ្រាប់​បែក​បរមាណូ​ទេ។ បារាំង​ក៏​ដូច​ជា​ប្រទេស​អ៊ឺរ៉ុប​ផ្សេង​ទៀត ​បាន​បន្ទោស​ដោយ​ប្រយោល​ ទៅ​លើ​គោល​ជំហរ​របស់​អាមេរិក ​ដែល​ចេះ​តែ​បន្ទាន់​ឲ្យ​គ្រប់​គ្នា ​សម្រេច​កិច្ច​ព្រមព្រៀង​នេះ ​ឲ្យ​ឆាប់ៗ។

អ្នក​នាំពាក្យ​អឺរ៉ុប​ម្នាក់ ​​បាន​និយាយ​ថា ​ឱសានុវាទ​ចុងក្រោយ​ គឺ​នៅ​ខែ​ កក្កដា ​មិនមែន​ចុង​ខែ​មីនា​នេះ​ទេ។ ដូច្នេះ ​គេ​មិនចាំ​បាញ់​ បង្ខំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​បណ្តោះអាសន្ន​ ​មុន​ដាច់​ខែ​មីនា​ឡើយ។ ​ការ​ធ្វើ​ការ​ដោយ​តក់ក្រហល់​បែប​នេះ ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ ​ទៅ​ថ្ងៃ​ក្រោយ ​ព្រោះ​ថា​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ មាន​លក្ខណៈ​ស្មុគស្មាញ ​ដែល​តម្រូវ​ឲ្យ​ភាគី​ទាំង​អស់​ យក​ពេល​ពិភាក្សា​គ្នា​ ឲ្យ​បាន​ម៉ដ្ឋចត់។

ទោះ​បី​ជា​យ៉ាងណា ​នៅ​ថ្ងៃ​សៅរ៍​ ទី​២១ ​មិនា​នេះ ​លោក​ ចន ឃែរី​ ​ប្រមុខ​ការទូត​អាមេរិក ​បាន​ចេញ​មក​អះអាង​ថា ​អាមេរិក ​គ្មាន​ចេតនា បង្ខំ​ធ្វើ​កិច្ច​ព្រមព្រៀង​នេះ ​ឲ្យ​តែ​បាន​ឆាប់​រហ័ស​នោះ​ទេ។ លោក​បញ្ជាក់​ថា អាមេរិក ​ ក៏​ដូច​ភាគី​ទាំង​អស់​ ចង់​បាន​កិច្ច​ព្រមព្រៀង​មួយ ​ដែល​ផ្តល់​ប្រយោជន៍​រួម​ទាំង​អស់​គ្នា ​ហើយ​ជា​កិច្ច​ព្រមព្រៀង​ ដែល​រឹងមាំ ​និង​មាន​សន្តិសុខ។ ប៉ុន្តែ​លោក ចន ឃែរី បានបន្ថែមថា ​វា​ជា​សំណុំ​រឿង​ដែល​ស្មុគស្មាញ ​ប៉ុន្តែ​វា​ល្មម​ដល់​ពេល​ហើយ ដែល​ភាគី​ទាំងអស់​ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត។ លោក​បាន​ឆ្លៀត​បន្ថែម​ថា ​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ​ភាគី​ទាំងអស់​ គួរ​ណា​តែ​សាមគ្គី​គ្នា ​ឈរ​លើ​ជំហរ​តែមួយ ​មិនមែន​រិះគន់​បញ្ចើច​បញ្ចើរ​គ្នា​ បែប​នេះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​លោក​ ចន ឃែរី ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ ​ជា​ទី​ដែល​លោក​ នឹង​ជួប​ពិភាក្សា​គ្នា ​ជាមួយ​ប្រមុខ​ការទូត​អង់គ្លេស ​បារាំង ​និង​អាល្លឺម៉ង់ ​ដើម្បី​និយាយ​គ្នា​ត្រង់ទៅ​ត្រង់មក ​ទាក់ទិន​នឹង​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ។ រីឯ​ការ​ចរចា​ជាមួយ​អ៊ីរ៉ង់ ​នៅ​ក្រុង​ឡូហ្សាន ​នឹង​ចាប់ផ្តើម​បន្ត​ទៀត​ នៅ​ថ្ងៃ​ទី​ ២៦ ​មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ