អានតួអត្ថបទ
ស៊ីរី

រដ្ឋាភិបាល​ស៊ីរី​ប្រកាស​ទទួលយក​បទឈប់បាញ់​តែ​ក្រុមឧទ្ទាម​នៅមិនទាន់​ទុកចិត្ត

រដ្ឋាភិបាល​ស៊ីរី​បាន​ប្រកាស​ឲ្យដឹង​ថា​ខ្លួន​សុខចិត្ត​ទទួល​យក​កិច្ចព្រមព្រៀង​ឈប់បាញ់ ដែល​បាន​ចុះ​រវាង​អាមេរិក និង​រុស្ស៊ី នៅ​ទីក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​សុក្រ។ ក៏ប៉ុន្តែ ក្រុម​ឧទ្ទាមវិញ​ហាក់ដូចជា​នៅ​មាន​ការ​រារែក ដោយ​បង្ហាញ​នូវ​មន្ទិលសង្ស័យ​អំពី​ប្រសិទ្ធភាព​នៃ​បទឈប់បាញ់ នៅលើ​ដីជាក់ស្តែង។ ក្នុងពេល​ជាមួយគ្នា​នេះ មាន​សេចក្តីរាយការណ៍​ថា ​ ការវាយប្រហារ​តាមផ្លូវអាកាស​ដោយ​រដ្ឋាភិបាល​លោក​អាសាដ​ទៅលើ​ទីតាំង​ក្រុម​ឧទ្ទាម​បានសម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ១០០នាក់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​ក្រោយ​ការ​ចុះកិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ហ្សឺណែវ។

ផ្សារ​មួយកន្លែង​នៅ​ក្នុង​ទឹកដី​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃ​សៅរ៍ ១០​កញ្ញា ២០១៦ នៅមុនពេល​បទឈប់បាញ់​ត្រូវ​ចូល​ជា​ធរមាន
ផ្សារ​មួយកន្លែង​នៅ​ក្នុង​ទឹកដី​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃ​សៅរ៍ ១០​កញ្ញា ២០១៦ នៅមុនពេល​បទឈប់បាញ់​ត្រូវ​ចូល​ជា​ធរមាន REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​ដោយ​បណ្តាញផ្សព្វផ្សាយ​រដ្ឋ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋាភិបាល​ស៊ីរី​បាន​អះអាង​ថា ខ្លួន​ទទួល​យក​ទាំងស្រុង​នូវ​បទឈប់បាញ់ ចុះ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី និង​អាមេរិក នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​សុក្រ ហើយ​ថា រដ្ឋាភិបាល​នឹង​ផ្អាក​ប្រតិបត្តិការ​យោធា​​ចាប់​ពីថ្ងៃ​ចន្ទ ទៅតាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឈប់បាញ់​នេះ។

ពី​ខាង​ក្រុម​ឧទ្ទាម​វិញ អ្នក​នាំពាក្យ​បាន​ប្រកាស​ស្វាគមន៍​បទឈប់បាញ់​ ក៏ប៉ុន្តែ ស្វាគមន៍​ទាំង​ប្រយ័ត្នប្រយែង ដោយ​បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ថា បទឈប់បាញ់​នេះ​អា​ចនឹង​មាន​ជោគវាសនា​ដូចជា​បទឈប់បាញ់​មុនៗ ពោលគឺ មានតែ​នៅលើ​ក្រដាស តែ​មិនត្រូវ​បាន​អនុវត្ត​ពេញលេញ នៅលើ​ដីជាក់ស្តែង។

សកម្មជន​ស្និទ្ធ​នឹង​ក្រុម​ប្រឆាំង​ស៊ីរី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ក្រោយ​ពី​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់ កងទ័ព​រដ្ឋាភិបាល​របស់​លោក​អាសាដ នៅតែ​បន្ត​ធ្វើការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម ក្នុងនោះ ការ​វាយប្រហារ​តាមផ្លូវអាកាស នៅ​ទីក្រុង​ធំៗ​ចំនួន​ពីរ បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ១០០នាក់។

តែ​ទោះជាយ៉ាងណា នៅពេលនេះ បទឈប់បាញ់​ដែល​អាមេរិក និង​រុស្ស៊ី​បាន​ចុះ​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពីថ្ងៃ​សុក្រ នៅមិនទាន់​ចូល​ជា​ធរមាន​នៅឡើយទេ។ យោងតាម​កិច្ចព្រមព្រៀង​នេះ ការ​វាយប្រយុទ្ធគ្នា​នឹង​ត្រូវ​ផ្អាក ចាប់ពីថ្ងៃ​ចន្ទ​ស្អែក​​​តទៅ ដោយ​ក្នុង​ជំហានដំបូង​បទឈប់បាញ់​នឹង​មាន​សុពលភាព​រយៈពេល ៤៨ម៉ោង ហើយ​អាច​ពន្យារពេល​ទៀត​បាន ប្រសិន​បើ​គូភាគី​អនុវត្ត​តាម។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​មេដឹកនាំ​ក្រុម​ឧទ្ទាម​ស៊ីរី ប្រេសិតពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី​បាន​​អំពាវនាវ​ឲ្យ​ពួកគេ​ទទួល​យក​បទឈប់បាញ់​ ដោយ​បាន​លើកឡើង​ថា វា​គឺ​ជា​ឱកាស​ដ៏ល្អ​កម្រមាន ក្នុងការ​ជួយ​សង្រ្គោះ​ជីវិត​ជនស៊ីវិល។ អាមេរិក​ក៏​បាន​ធានាផងដែរ​ថា បទឈប់បាញ់​ដែល​បាន​ចុះលើកនេះ​នឹង​មាន​ប្រសិទ្ធភាព​ជាង​បទឈប់បាញ់​មុនៗ ដោយសារ​តែ​វា​មាន​វិសាលភាព​ទូលំទូលាយ​គ្របដណ្តប់​លើ​គ្រប់​ប្រតិបត្តិការ​យោធា​ទាំងអស់ ក្នុងនោះ រាប់ទាំង​ការវាយប្រហារ​តាមអាកាស​របស់​រដ្ឋាភិបាល​ទៅលើ​​ទីតាំង​ទាំង​ស៊ីវិល និង​យោធា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ