មន្ត្រីអាមេរិក៖ប្រទេសអារ៉ាប់ជាមិត្តអាមេរិកអាចបញ្ជូនមីស៊ីលបាញ់យន្តហោះអោយក្រុមឧទ្ទាមស៊ីរី
មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះច្រើនរូប បានប្រាប់អោយដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តនឹងអាមេរិក អាចនឹងបញ្ជូនមីស៊ីលបាញ់យន្តហោះ ទៅអោយក្រុមឧទ្ទាមស៊ីរី ដើម្បីទប់ទល់កងទ័ពរុស្ស៊ី ដូចក្នុងសម័យសង្គ្រាមអាហ្វហ្កានីស្ថានដែរ។ ប្រទេសអារ៉ាប់ចាប់ផ្តើមអស់ភាពអំណត់នឹងបរាជ័យបន្តបន្ទាប់នៃបទឈប់បាញ់នៅស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:១២
មន្ត្រីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មីស៊ីលបាញ់យន្តហោះដែលប្រទេសអារ៉ាប់អាចបញ្ជូនទៅអោយក្រុមឧទ្ទាមស៊ីរី ជាមីស៊ីល ប្រភេទ MANPADS ប្រើបាញ់ចេញពីលើស្មា។
អារ៉ាប៊ីសាអូឌីតតែងគិតថា ដើម្បីអោយរុស្ស៊ីដកថយ ក្នុងសមរភូមិស៊ីរី មានតែត្រូវបំបាក់កម្លាំងដែនអាកាសកងទ័ពរុស្ស៊ី ដូចសម័យសង្គ្រាមអាហ្វហ្កានីស្ថាន។ ដូច្នេះ មានតែត្រូវបញ្ជូនមីស៊ីលប្រភេទនេះ ទៅអោយក្រុមឧទ្ទាមស៊ីរីប្រើ។ កាលពីសម័យសង្គ្រាមអាហ្វហ្កានីស្ថាន៣០ឆ្នាំមុន ក្រុមមូចាហ៊ីឌីនបានទទួលមីស៊ីលបាញ់យន្តហោះប្រភេទ MANPADS ដើម្បីទប់ទល់កងទ័ពរុស្ស៊ី។
មន្ត្រីអាមេរិកទាំងនោះបន្ថែមថា រហូតពេលនេះ អាមេរិកបានព្យាយាមទប់ស្កាត់មិនអោយមីស៊ីលប្រភេទនេះ មួយចំនួនធំ ចូលទៅដល់ទឹកដីស៊ីរី។ បរាជ័យបន្តបន្ទាប់នៃបទឈប់បាញ់នៅស៊ីរី បានធញវើអោយប្រទេសអារ៉ាប់ឈូងសមុទ្រពែរស៍ និងតួកគី ចាប់ផ្តើមអស់ភាពអំណត់។ ពួកគេប្រហែលជាអាចលែងដើរតាមនយោបាយអាមេរិក ដែលប្រកាន់ជំហរចរចា ក្នុងដំណោះស្រាយជម្លោះស៊ីរី។
កន្លងមក អាមេរិកបានព្យាយាមពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ថា សង្គ្រាមស៊ិរីមិនដូចសង្គ្រាមអាហ្វហ្កានីស្ថានទេ។ សង្គ្រាមអាហ្វហ្កានីស្ថានកើតឡើងចំពេលនៃការធ្លាក់ចុះនៃសហភាពសូវៀត។ សង្គ្រាមស៊ិរីបច្ចុប្បន្ន កើតឡើងចំពែលលោកពូទីនកំពុងកសាងសក្តានុពលរុស្ស៊ី ដោយប្រកាន់ជំហរមិនដកថយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ