អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​គ្រោង​ចរចា​ជាមួយ​ក្រុម​ហាម៉ាស ខណៈ​បាតុករ​ប៉ាឡេស្ទីន​ស្លាប់​ម្នាក់ទៀត

កាលពីថ្ងៃសុក្រម្សិលមិញ បាតុកម្មហិង្សា នៅតែបន្តមាន នៅតាមបណ្តោយព្រំដែនតំបន់​ហ្កាហ្សា និងអ៊ីស្រាអែល។ ទាហានអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើង បណ្តាលឲ្យស្លាប់យុវជនប៉ាឡេស្ទីនម្នាក់ និងមានអ្នករបួសជាង២០០នាក់ផ្សេងទៀត។ ដោយឡែក នៅព្រឹកថ្ងៃសៅរ៍នេះ ឆ្មាំសមុទ្រអ៊ីស្រាអែល​ បានស្ទាក់ចាប់បាននាវាមួយគ្រឿង ដឹក​ជន​ប៉ាឡេស្ទីន​​១២នាក់ ដែលមានបំណងឆ្លងចូលមកអ៊ីស្រាអែល។ វិបត្តិតំបន់ហ្កាហ្សា កំពុង​រុញ​​រដ្ឋាភិបាល​អ៊ីស្រាអែល ឲ្យរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មតិអន្តរជាតិ។ បើតាមបណ្តាញ​ព័ត៌មានអ៊ីស្រាអែល រដ្ឋាភិបាលអ៊ីស្រាអែល កំពុងព្យាយាមរិះរកកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន ដើម្បីបញ្ចប់ចលនាតវ៉ាហិង្សានេះ។

បាតុករ​Palestinian  នៅ​ក្បែរ​ព្រំដែន​រវាង​ហ្កាហ្សា និង​អ៊ីស្រាអែល ថ្ងៃទី ៣ សីហា ២០១៨។
បាតុករ​Palestinian នៅ​ក្បែរ​ព្រំដែន​រវាង​ហ្កាហ្សា និង​អ៊ីស្រាអែល ថ្ងៃទី ៣ សីហា ២០១៨។ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

បើគិតពីចុងខែមីនា មកត្រឹមពេលនេះ ចលនាបាតុកម្ម របស់ប្រជាជនប៉ាឡេស្ទីនតំបន់​ហ្កាហ្សា ដែលប្រឆាំងតវ៉ា នឹងការហ៊ុំព័ទ្ធ បិទទ្វារសេដ្ឋកិច្ចពីសំណាក់អ៊ីស្រាអែលនោះ បាន​បណ្តាល​ឲ្យស្លាប់​ជនស្លូតត្រង់ប៉ាឡេស្ទីន ប្រមាណ១៥៦នាក់ហើយ។ កាលពីថ្ងៃសុក្រ ទី៣សីហា យោងតាមទាហានអ៊ីស្រាអែល មានបាតុករប៉ាឡេស្ទីន ប្រមាណ៨ពាន់នាក់​ ​ដែលបានធ្វើសកម្មភាពហិង្សានៅតាមព្រំដែន។ ទាហានអ៊ីស្រាអែល បានបាញ់គ្រាប់​កាំផ្លើង បណ្តាលឲ្យស្លាប់​ម្នាក់ និងរបួស២២០នាក់ ដែលក្នុងចំណោមនោះ មានប្រមាណ៩០នាក់ គឺរបួសដោយគ្រាប់កាំភ្លើង។

សូមបញ្ជាក់ថា បាតុករប៉ាឡេស្ទីនបានធ្វើការតវ៉ា ឲ្យអ៊ីស្រាអែលឈប់ហ៊ុំព័ទ្ធសេដ្ឋកិច្ច និង​ត្រូវ​បើកផ្លូវ ព្រម​ឲ្យ​​ជន​​ប៉ាឡេស្ទីន អាចធ្វើដំណើរចេញ​ចូលតំបន់ហ្កាហ្សា បានដោយសេរី។ ជាងនេះជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានទាមទារសិទ្ធិ វិលត្រលប់ទៅដីភូមិវិញ ដែលបច្ចុប្បន្នស្ថិតក្នុងដីអ៊ីស្រាអែល។

ដោយឡែក កាលពីព្រឹកថ្ងៃសោរ៍ទី ៤សីហានេះ នាវាមួយគ្រឿងដោតទង់ជាតិស៊ុយអ៊ែត ត្រូវ​បាន​ឆ្មាំ​សមុទ្រ​អ៊ីស្រាអែលស្ទាក់បាន។ នាវា ដែលមានសរសេរឈ្មោះថា « សេរីភាព​ជូន​តំបន់​ហ្កាហ្សា » មានផ្ទុកជនប៉ាឡេស្ទីន១២នាក់។ នេះជានាវាទី២ហើយ ដែលអ៊ីស្រាអែល​បាន​ឃាត់​បាន ក្នុងរវាងមិនដល់មួយសប្តាហ៍ផង ដោយនាវាទីមួយ មាន​ដោត​ទង់ជាតិ​ន័រវ៉េស ហើយផ្ទុកជនប៉ាឡេស្ទីន២២នាក់។

បញ្ហាតំបន់ហ្កាហ្សានេះ កំពុងធ្វើឲ្យរដ្ឋាភិបាលអ៊ីស្រាអែលរងការរិះគន់ពីគ្រប់ច្រកល្ហក។ អ្នកនាំពាក្យក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំហាម៉ាស បាន​មកជួប​ជុំគ្នា​នៅតំបន់ហ្កាហ្សា ហើយត្រៀមខ្លួនចរចាសន្តិភាព ជាមួយអ៊ីស្រាអែល។ យ៉ាងណាមិញ បើតាមការផ្សាយ​របស់បណ្តាញព័ត៌មានអ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូ បានលប់ចោលដំណើរទៅក្រៅប្រទេស ដើម្បីប្រជុំរកដំណោះស្រាយតំបន់ហ្កាហ្សានេះ។ ប្រភពដដែលអះអាងថា អ៊ីស្រាអែល កំពុងចរចាជាមួយក្រុមហាម៉ាស ដើម្បីបិទបញ្ចប់ចលនា​ហិង្សា តាមរយៈការសន្យាយូរអង្វែងពីសំណាក់ក្រុមហាមា ថាត្រូវឈប់ពន្យុះឲ្យមាន​​បាតុកម្ម ជាថ្នូរនឹងការដកដកចេញ នូវការហ៊ុំព័ទ្ធិសេដ្ឋកិច្ចខ្លះ ពីសំណាល់អ៊ីស្រាអែល។

សូមបញ្ជាក់ថា អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលតំបន់ហ្កាហ្សា ត្រូវបានអ៊ីស្រាអែល ចេញច្បាប់ព័ទ្ធបិទជិត ដោយចោទថាក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​នេះ គឺជាក្រុមភេរវកម្ម។ ប្រជាជនតំបន់ហ្កាហ្សា រស់នៅក្នុងភាពទីទ័លលំបាក ខ្វះ​ទំនិញ​ចំណី​អាហារ​គ្រប់មុខ ហើយ ដោយចរន្តភ្លើងអគ្គីសនី ឬទឹកស្អាត គឺត្រូវរំពឹងលើការផ្គត់ផ្គង់ ពីសំណាក់អ៊ីស្រាអែលទាំងស្រុង។ យោងតាមអង្គការសហប្រជាជន ប្រជាជន​ប្រមាណ៨០% ក្នុងចំណោម២លាននាក់ នៅតំបន់ហ្កាហ្សា គឺរស់រំពឹងទាំងស្រុង ទៅនឹងជំនួយមនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ