អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​បង្ខំចិត្ត​ជម្លៀស​បុគ្គលិក​ដើម្បី​សុវត្ថិភាព

នៅ​ក្នុង​ប្រទេស​យេម៉ែន អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​សម្រេចចិត្ត​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​មន្ទីរពេទ្យ​ចំនួន ៦​ស្ថិត​ប៉ែក​ខាងជើង។ សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ សីហា និង​ដែល​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​ទទួល​រង​ការ​វាយប្រហារ​ផ្លូវអាកាស​កាល​ពី​ដើម​សប្តាហ៍​នេះ។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សម្រេចចិត្ត​បែប​នេះ​ដើម្បី​សន្តិសុខ និង​សុវត្តិភាព​ដល់​បុគ្គលិក​ទាំង​អស់។

យេម៉ែន៖​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​បង្ខំចិត្ត​ជម្លៀស​បុគ្គលិក​ដើម្បី​សុវត្ថិភាព
យេម៉ែន៖​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​បង្ខំចិត្ត​ជម្លៀស​បុគ្គលិក​ដើម្បី​សុវត្ថិភាព REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​ដែល​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​សេចក្តីសម្រេចចិត្ត​ដក​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​មន្ទីរពេទ្យ​ចំនួន ៦ ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​យេម៉ែន។គឺ​ជា​ការ​សម្រេចចិត្ត​មួយ​ដែល​ប្រឆាំង​នឹង​ឧត្តគតិ និង​ឆន្ទៈ​ពិត​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន តែ​យើង​ក៏​ត្រូវ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​យើង​ដែរ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហាសាន ប៊ូសឺនីន នាយក​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ប្រចាំ​ប្រទេស​យេម៉ែន។

លោក​ហាសាន ប៊ូសឺនីន​បាន​បន្ថែម​ថា វា​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ​ដែល​ច្បាប់ និង​ជីវិត​ជនស៊ីល​មិន​ត្រូវ​បាន​គេ​គោរព។ តែ​យ៉ាង​ណា​ក៏​ដោយ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​អះអាង​ថា ការ​ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​មន្ទីរពេទ្យ​ទាំង ៦ នៅ​ប៉ែកខាងជើង​ប្រទេស​យេម៉ែន​មិនមែន​ជា​ការ​បោះបង់​ចោល​ការងារ ឬ​មួយ​ជា​ការ​បិទទ្វារ​មន្ទីរពេទ្យ​ទាំង​នោះ​ឡើយ។ តាម​អង្គការ​មនុស្សធម៌​មួយ​នេះ​ដដែល មន្ទីរពេទ្យ​ទាំង ៦ នៅ​បន្ត​ដំណើរការ​ជា​ធម្មតា ហើយ​បុគ្គលិក​ជា​ច្រើន​ទៀត​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​កំពុង​មាន​វត្តមាន​នៅ​កន្លែង​ផ្សេង​ក្នុង​ទឹកដី​យេម៉ែន រួម​ទាំង​នៅ​ប៉ែក​ខាង​ជើង​ផង។

សូម​ជម្រាប​ជូន​ថា សេចក្តីសម្រេចចិត្ត​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មន្ទីរពេទ្យ​បាន​ទទួល​រង​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​ចន្ទ ទី១៥ សីហា។ យោង​តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន តាំង​ពី​ប្រទេស​យេម៉ែន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល ១ឆ្នាំ​កន្លះ​មក នេះ​ជា​លើកទី៤ ហើយ​ដែល​មន្ទីរពេទ្យ​មាន​បុគ្គលិក​គ្រូពេទ្យ​គ្មាន​ព្រំដែន​បម្រើ​ការងារ​នៅ​ទីនោះ​បាន​ទទួល​រង​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​សំណាក់​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ