អានតួអត្ថបទ
លីប៊ី-ម៉ាល់ត៍

បុរស​លីប៊ី ២នាក់​ចាប់ជំរិត​យន្តហោះ​ដើម្បី​ទាមទារ​សិទ្ធិ​ជ្រកកោន​ នៅ​ប្រទេស​ម៉ាល់ត៍

ជនជាតិ​លីប៊ី ២​រូប បាន​ចាប់ជំរិត នៅ​ថ្ងៃ​សុក្រ​ទី ២៣​ធ្នូ ២០១៦ យន្តហោះ ដឹកអ្នកដំណើរ ១១១នាក់ និង​បុគ្គលិក​ធ្វើការ​លើ​យន្តហោះ ៧នាក់។ អ្នកបើក​យន្តហោះ​ត្រូវ​ជនចាប់ជំរិត​បញ្ជារ​ឲ្យ​ទៅ​ចុះចត​នៅ​ប្រទេស​ដីកោះ ម៉ាល់ត៍ ក្នុងសមុទ្រ​មេឌីទែរ៉ាណេ។ បន្ទាប់ពី​ចរចា អស់​ជាង ១ម៉ោង ជនចាប់ជំរិត​បាន​យល់ព្រម​ដោះលែង​អ្នកដំណើរ​ទាំង​អស់ និង​ចុងក្រោយ សុខចិត្ត​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ម៉ាល់ត៍។ 

ស្រ្តី​និង​កុមារ​ត្រូវ​ជនចាប់ជំរិត​យន្តហោះ​ដោះលែង​មុនគេ​នៅ​ក្នុង​ទឹកដី​ម៉ាល់ត៍ នៅថ្ងៃ​អាទិត្យ​ទី ២៣​ធ្នូ ២០១៦
ស្រ្តី​និង​កុមារ​ត្រូវ​ជនចាប់ជំរិត​យន្តហោះ​ដោះលែង​មុនគេ​នៅ​ក្នុង​ទឹកដី​ម៉ាល់ត៍ នៅថ្ងៃ​អាទិត្យ​ទី ២៣​ធ្នូ ២០១៦ REUTERS/Darrin Zamit-Lupi
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​លីប៊ី Afriqiyah Airway ដែល​ដឹក​មនុស្ស​សរុប ១១៨ នាក់ ដែល​នៅក្នុង​នោះ មាន​បុគ្គលិក​យន្តហោះ​៧នាក់ ត្រូវ​បាន​ជនប្រដាប់អាវុធ​ពីរនាក់ ចាប់ជំរិត នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ដោយ​គំរាម​បំផ្ទុះ​គ្រាប់បែក ក្នុង​យន្តហោះ ជនចាប់ជំរិត​បាន​បញ្ជារ​ឲ្យ​អ្នកបើកបរ​យន្តហោះ បែរ​ប្តូរ​ទិស ហោះសំដៅ​ម៉ាល់ត៍ ដែល​ប្រទេស​ដីកោះ ស្ថិតនៅ​ចន្លោះ លីប៊ី ហើយ​និង​អ៊ីតាលី។

 
នៅក្រោយ​ចុះចត ក្នុង​ទឹកដី​ម៉ាល់ និង​ចរចា អស់​ជាង​មួយម៉ោង ​ជាមួយ​ទាហាន​ម៉ាល់ត៍ ជនចាប់ជំរិត ដែល​មាន​គ្នីគ្នា ២​នាក់ ដែល​គេ​ជឿថា មាន​គ្រាប់បែក និង​កាំភ្លើងខ្លី ក្នុង​ដៃ បាន​យល់ព្រម​ដោះលែង អ្នកដំណើរ និង​បុគ្គលិក​យន្តហោះ ទាំង ១១៧នាក់ ប៉ុន្តែ ជាថ្នូរ​នឹង​លក្ខខណ្ឌ។ នាយករដ្ឋមន្រ្តី​ម៉ាល់ត៍ លោក​Joseph Muscat ដែលបានផ្តល់​ព័ត៌មាន​ជាបន្តបន្ទាប់តាម​សារ Twitter ​បាន​បញ្ជាក់ថា អ្នកដំណើរ និង​បុគ្គលិក​យន្តហោះ នៅទីបំផុត ត្រូវ​បាន​ដោះលែង​ដោយ​សុវត្ថិភាព ចំណែក​ជនចាប់ជំរិត ទាំង​២នាក់ ក៏​បាន​យល់ព្រម​ប្រគល់ខ្លួន ឲ្យ​អាជ្ញាធរ​ម៉ាល់ត៍ដែរ។

នៅក្រោយ​ការចាប់ជំរិត​យន្តហោះ​ត្រូវ​បិទបញ្ចប់ ភាគី​ប្រទេស​ម៉ាល់ត៍ មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនចាប់ជំរិត​ទាំងពីរ​នាក់ គំរាម បង្ខំ​ឲ្យ​អ្នកបើក​យន្តហោះ បែរទិស ហោះ​សំដៅ​ប្រទេស​ម៉ាល់ត៍​ទេ។ ប៉ុន្តែ បើតាម​រដ្ឋមន្រ្តី​ការបរទេស​លីប៊ី ជនចាប់ជំរិត​ម្នាក់ បាន​អះអាងថា គេ​ជា​អ្នកគាំទ្រ កាដាហ្វី អតីត​មេដឹកនាំ​លីប៊ី ដែល​ត្រូវ​បាន​ក្រុមប្រឆាំង បាញ់​សម្លាប់ នៅក្នុង​អំឡុង​បដិវត្តន៍​អារ៉ាប់ នៅ​លីប៊ី នៅ​ឆ្នាំ ២០១១។ និយាយ​នៅ​ទូរទស្សន៍​ជាតិ​លីប៊ី ប្រមុខ​ការបរទេស​លីប៊ី លោក Taher Sialaបាន​លើកឡើង​ថា នៅក្នុង​ពេល​ចរចា ដោះលែង​អ្នកដំណើរ​ក្នុង​យន្តហោះ ជនចាប់ជំរិត បាន​ទាមទារ​សុំសិទ្ធិ​ជ្រកកោន​នយោបាយ និង​ចង់​បង្កើត​គណបក្ស​គាំទ្រ​កាដាហ្វី ក្នុង​ប្រទេស​ម៉ាល់ត៍។

បើសិន​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​លីប៊ី​ជា​រឿងពិត នោះ ការចាប់ជំរិត​យន្តហោះ​នៅ​ថ្ងៃ​សុក្រ គឺ​ជា​វិធីសាស្រ្ត​ថ្មី ដែល​គេ​ប្រើ​ដើម្បី សុំ​សិទ្ធិ​ជ្រកកោន នៅបរទេស។ ប៉ុន្តែ សួរថា តើ​វា​ប្រសិទ្ធិភាព​ដែរឬទេ? គេ​នឹង​ចាំ​មើល​ទៅមុខទៀត ថា តើ​អាជ្ញាធរ​ម៉ាល់ត៍ នៅក្រោយ​ពេល​ចាប់ខ្លួន ជនចាប់ជំរិត​ទាំង២ នឹង​ដោះលែង ឬ​ក៏​ចាប់បញ្ជូន​ទៅ លីប៊ី ប្រទេស​ដើម​វិញ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ